នៅថ្ងៃទី12 ខែសីហា ឆ្នាំ2021 ខាងមុខនេះ នៅលើសង្វៀនប្រដាល់នាទីក្រុង Las Vegas សហរដ្ឋអាមេរិក កីឡាករប្រដាល់លំដាប់ពិភពលោករបស់ហ្វ៊ីលីពីន Manny Pacquiao គ្រោងនឹងឡើងប្រកួតសាជាថ្មី ដោយនឹងប៉ះជាមួយសិស្សប្អូន Errol Spence Jr ដែលមានវ័យខុសគ្នាដល់ទៅ 11ឆ្នាំ។
ទោះជាមានវ័យក្មេង ក៏ពិតមែន ប៉ុន្តែ Errol Spence Jr សញ្ជាតិអាមេរិកាំង មានកំណត់ត្រា មិនធម្មតាឡើយ ដែលក្នុងនោះ ធ្លាប់ប្រកួតមក 27លើក ឈ្នះទាំងអស់ ហើយផ្តួលដៃគូឱ្យសន្លប់ រហូតដល់ទៅ 21លើក។ មិនតែប៉ុណ្ណោះ គេធ្លាប់លេងកីឡាប្រដាល់នេះ តំណាងឱ្យសហរដ្ឋអាមេរិក ក្នុងនាមជាជម្រើសជាតិ ដោយធ្លាប់ឈ្នះមេដាយមាសចំនួន5 និងមេដាយប្រាក់1 ទៀតផង ឃើញថា ពិតជាមិនធម្មតាឡើយ។
គួរឱ្យដឹងដែរថា Manny Pacquiao បានប្រកាស ចូលនិវត្តន៍ 3លើករួចមកហើយ តែ នៅតែមិនបានសម្រេច ដោយតែងតែវិលត្រឡប់មកសង្វៀនវិញ ក្រោយពីមានការផ្គូផ្គងឱ្យប៉ះកីឡាករល្បីៗ ដែលអាចរកចំណូលបានរាប់សិបលានដុល្លារ៕