សហរដ្ឋអាមេរិក ចាប់ផ្ដើមការពិនិត្យ និងពិភាក្សាថ្នាក់ជាតិ ស្ដីពីលទ្ធភាពនៃការដាក់ឱ្យប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិក ឬហៅថា រូបិយវត្ថុឌីជីថល (CBDC) របស់ធនាគារជាតិ នៃប្រទេសនេះ។
គណៈកម្មការធនាគារ នៃសភាពជាន់ខ្ពស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី9 ខែមិថុនា បានធ្វើសវនកម្មមួយ ស្ដីពីប្រធានបទខាងលើនេះ ក្រោមការចាត់ចែងរបស់ Elizabeth Warren ដែលជាតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យ។ នាពេលខាងមុខ ធនាគារកណ្ដាលរបស់ សហរដ្ឋអាមេរិក (FED) ក៏នឹងប្រកាសរបាយការណ៍មួយ ដែលលើកឡើងអំពីវិធីគ្រប់គ្រងរបស់ FED ទៅលើការដាក់ឱ្យប្រើប្រាក់ដុល្លារអេឡិចត្រូនិកនេះផងដែរ។
ឥរិយាបថខាងលើ បានកើតមាននៅក្នុងគ្រាដែលការប្រកួតប្រជែងលើទីផ្សារនៃប្រាក់អេឡិចត្រូនិក របស់ធនាគារកណ្ដាលនានា (Central Bank Digital Currency / CBDC) កំពុងកើតឡើងយ៉ាងពុះកញ្ជ្រោល ដោយមានធនាគារកណ្ដាលប្រមាណ 60 បាន និងកំពុងសម្ដែងការចាប់អារម្មណ៍ ឬមានគម្រោងដាក់ឱ្យប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិកនេះ ខណៈដែលប្រទេសមួយចំនួន បានដាក់ឱ្យប្រើកំណែដំបូងរបស់ CBDC សម្រាប់ប្រទេសពួកគេ។
កន្លងមក ប្រទេសចិន បានដាក់ឱ្យដំណើរការប្រាក់យុនអេឡិចត្រូនិករបស់ខ្លួន នៅក្នុងទីក្រុងធំៗមួយចំនួន រួមមាន ប៉េកាំង, សិនជិន និងសៀងហៃជាដើម ក្រោមរូបភាពឆ្នោត ដែលមានរង្វាន់ជាកាបូបអេឡិចត្រូនិក អមជាមួយនឹងប្រាក់ខ្ទង់រយយុន។ «ស្រោមសំបុត្រក្រហម» នឹងត្រូវបានចែកជូនពលរដ្ឋ និងអ្នកឈ្នះ ហើយពួកគេត្រូវទាញយកកម្មវិធីក្នុងទូរស័ព្ទ ដើម្បីទិញទំនិញនៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។
ធនាគារកណ្ដាលរបស់ចិន បានកំណត់គោលដៅ ក្លាយជាធនាគារជាតិធំដំបូងគេក្នុងពិភពលោក ដែលដាក់ឱ្យប្រើប្រាស់ CBDC។ នេះគឺជាផ្នែកមួយនៃការប្រឹងប្រែងក្នុងការធ្វើអន្តរជាតូបនីយកម្មលើប្រាក់យុន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធធនាគារ ការទូទាត់ជាសកល ដែលប្រាក់ដុល្លារអាមេរិក កំពុងមានប្រៀបជាងគេ។
មិនដូចទៅនឹងប្រាក់អេឡិចត្រូនិកផ្សេងៗដូចជា Bitcoin ជាដើមនោះទេ ប្រាក់ CBDC ត្រូវបានធានាដោយច្បាប់ ហើយតម្លៃរបស់វា នឹងមានស្ថិរភាពដូចរូបិយវត្ថុប្រភេទក្រដាស ដែលគេប្រើសព្វថ្ងៃ ព្រមទាំងមិនលាក់បាំងអត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សម្រាប់ សហរដ្ឋអាមេរិក ប្រាក់ CBDC នេះ នឹងជាកំណែមួយរបស់ប្រាក់ដុល្លារ តែជាទម្រង់ឌីជីថល ខណៈដែលតម្លៃរបស់វា ស្មើនឹងតម្លៃនៃក្រដាសប្រាក់ដុល្លារ និងប្រាក់កាក់ ព្រោះថា វាសុទ្ធតែជាប្រាក់ដុល្លារអាមេរិក។
យោងតាមឯកសាររបស់ក្រុមហ៊ុនសវនកម្ម PwC ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក (FED) បានចាប់ផ្ដើមសិក្សាអំពីរូបិយវត្ថុដុល្លារទម្រង់ឌីជីថល តាំងពីឆ្នាំ2018 ប៉ុន្តែការសិក្សានេះ ដំណើរការយឺតជាង បើធៀបនឹងធនាគារជាតិមួយចំនួន នៅលើពិភពលោក៕
ប្រភព៖ Axios, VOA
ប្រែសម្រួល៖ បុត្រា