Skip to content

BOOYOUNG បោះទុន 160លាន​ដុល្លារ​វិនិយោគ​គម្រោង​ដំណាក់កាល​ទី1

ភ្នំពេញៈ ក្រុមហ៊ុន BOOYOUNG GROUP បានសម្រេច​ចិត្ត​បោះទុន 160លាន​ដុល្លារ​អាមេរិក​ដើម្បី​វិនិយោគ​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន BOOYOUNG Group ប្រចាំ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុងជំនួប​អាហារ​ថ្ងៃត្រង់​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ននេះ​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​នេះ​បាននិងកំពុង​សាងសង់​យ៉ាងសកម្ម និង​ត្រៀម​បញ្ចប់​គម្រោង​របស់ខ្លួន​ដំណាក់កាល​ទី1នៅ​ឆ្នាំ 2019ខាងមុខនេះ។ គម្រោង​នេះ​បានបញ្ចប់​ការជីក​ដី និង​បុកគ្រឹះ​ហើយ​កាលពី​ចុងឆ្នាំ​មុន និង​កំពុង​បន្ត​សាងសង់ឡើង​យ៉ាងសកម្ម។ លោក​បន្តថា ការសាងសង់​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​នឹង​បែង​ចែកជា10ដំណាក់កាល ឬ​តិចជាង​នេះ​អាស្រ័យ​លើ​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នៅ​ប្រទេស​កូរ៉េ។

គម្រោង​ដំណាក់កាល​ទី1នេះ​រួមមាន​អគារ​ខុន​ដូ​ចំនួន4 និង​មាន​កម្ពស់ 23ជាន់​ដោយ​មិន​បូក​បញ្ចូល​ជាន់​ក្រោម​ដី​ដែលជា​ចំណត​យានយន្ត​នោះឡើយ។ គម្រោង​នេះ​មានផ្ទះ​សរុប​ចំនួន 1.474យូ​នី​ត​យ៉ាងប្រណីតៗនាពេលនេះ។ គម្រោង​ដំណាក់កាល​ទី1នេះ​ក៏មាន​ផ្សារ​ទំនើប​កម្ពស់3ជាន់​ដែលមាន​ទំហំ47,000ម៉ែត្រការ៉េ​ផងដែរ។ ផ្សារ​ទំនើប​នេះ​រួមបញ្ចូល​នូវ​ការលក់ទំនិញ មជ្ឈមណ្ឌល​វប្បធម៌ មន្ទីរពេទ្យ សាលារៀន សេវាកម្ម​កម្សាន្ត និង​ហាង​ថែរក្សា​សម្ផស្ស​ជាដើម។

គម្រោង​វិនិយោគ​របស់ BOOYOUNG TOWN ស្ថិតនៅ​ស្រប​នឹង​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ គម្រោង​ដ៏​ធំ​នេះ​មាន​ទំហំ23.5ហិកតា និង​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ចំនួន1,000លាន​ដុល្លារ​អាមេរិក។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដដែល​បាន​បន្តថា “ខុន​ដូ​ក្នុង​គម្រោង​នេះ​នឹង​ផ្តោត​ចាប់យក​អតិថិជន​ជា​ប្រជាជន​ខ្មែរ​សុទ្ធសាធ ហើយ​តម្លៃ​ផ្ទះ​របស់​យើង​កំពុងស្ថិត​ក្នុងការ​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន។ លោក​បន្តថា “ការប្រកាស​លក់​ផ្ទះ​ក្នុង​គម្រោង​នេះ​អាច​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ2018ខាងមុខ។

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​លោក វ៉ា វីរៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Fortuna Investment បាន​ថ្លែងថា គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​វា​មាន​ទីតាំង​ស្ទើរតែ​ស្ថិតនៅ​តំបន់​កណ្តាល​ក្រុងភ្នំពេញ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទៅ​តំបន់​នេះ​កាន់​តែមាន​ភាពងាយស្រួល​នាពេល​អនាគត​ដែល​អាច​នឹងមាន​រថយន្ត​ក្រុង​សាធារណៈ និង​រទេះភ្លើង​លើ​អាកាស​ទៀតផង។ លោក​បន្តថា គម្រោង​នេះ​ធំ និង​ស្ថិតនៅលើ​ទំហំ​ដី​ធំ​ដែល​បច្ចុប្បន្ន​ពិបាក​ក្នុង​ការរក​ដី​ធំ​នៅ​កណ្តាល​ក្រុង​បែបនេះ​បាន​ណាស់ ហើយ​គម្រោង​នេះ​ប្រសិន​សាងសង់​ចប់​អាចដាក់​មនុស្ស​បាន​រាប់ម៉ឺន​នាក់។

លោក​បន្តថា “ប្រសិនជា​ម្ចាស់​គម្រោង​នេះ​សាងសង់​ចប់ និង​មាន​ប្លង់​មេ​ត្រឹមត្រូវ​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ប៉ុន្តែ​វា​អាស្រ័យ​លើ​គុណភាព​សំណង់ និង​ការរៀបចំ​ផងដែរ។ លោក​បន្តថា “គម្រោង​នេះ​គួរតែ​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​កម្រិត​មធ្យមរ​ហូត​ដល់​កម្រិត​ខ្ពស់ ព្រោះ​អចលនទ្រព្យ​នៅ​តំបន់​នេះ​អាច​លក់​ក្នុងតម្លៃ​ចន្លោះ​ពី2,000 ទៅ3,000ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ”៕

Leave a Reply

Your email address will not be published. Required fields are marked *