មហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Amazon ថ្មីៗនេះ បានប្រកាសថា លោកនឹងរួមដំណើរជាមួយប្អូនប្រុសរបស់លោក និងអ្នកទេសចរណ៍អវកាសច្រើនរូបទៀត ហោះឡើងទៅកាន់ទីអវកាស ដោយប្រើយាន New Shepard ដែលក្រុមហ៊ុន Blue Origin របស់លោក ជាអ្នកផលិតផ្ទាល់។
តាមផែនការ ដំណើរទេសចរណ៍ទៅកាន់់ទីអវកាសនៃក្រុមរបស់មហាសេដ្ឋី Jeff Bezos នេះ នឹងចេញដំណើរនៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2021 ដោយប្រើប្រាស់យានមានមនុស្សបើកដំបូងរបស់ក្រុមហ៊ុនអវកាសចរណ៍ Blue Origin។ យាន New Shepard នេះនឹងមានបន្ទប់ដែលមានទំហំល្មមសម្រាប់មនុស្ស 6នាក់។ រ៉ុក្កែងដែលមានបណ្ដោយជាង 17ម៉ែត្រ នឹងក្លាយជាអ្នករុញច្រាន New Shepard ឡើងទៅកាន់ទីអវកាសដែលមានកម្ពស់ប្រមាណ 97,000ម៉ែត្រពីផែនដី និងប្រើពេលយ៉ាងតិច 11នាទី។
លោក Bezos វ័យ 57ឆ្នាំ បានឱ្យដឹងថា ៖ «តាំងពីអាយុ 5ឆ្នាំ ខ្ញុំស្រមៃចង់ហោះទៅទេសចរណ៍នៅទីអវកាស។ នៅថ្ងៃទី 20 ខែកក្កដា ក្ដីស្រមៃរបស់ខ្ញុំ និងប្អូនប្រុស នឹងក្លាយជាការពិត»។
បើសិនគ្រប់យ៉ាងដំណើរការរលូត លោក Bezos ដែលជាអ្នកមានជាងគេលំដាប់លេខ1 ក្នុងពិភពលោក ដោយមានទ្រព្យសរុប 187ពាន់លានដុល្លារ នឹងក្លាយជាមនុស្សដំបូងក្នុងចំណោមមហាសេដ្ឋីផ្នែកអវកាស ដែលនឹងបានទទួលបទពិសោធន៍ក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យារ៉ុក្កែត ដែលអភិវឌ្ឍដោយក្រុមហ៊ុនរបស់លោក។
ក្រោយការធ្វើតេស្តរ៉ុក្កែត និងយានអវកាសអស់រយៈពេល 6ឆ្នាំ កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន Blue Origin បានប្រកាសថា កំពុងត្រៀមនាំអតិថិជនដំបូងទៅទេសចរណ៍នៅទីអវកាស ដោយប្រើយាន New Shepard។ បើទោះមិនទាន់ប្រកាសអំពីតម្លៃសម្រាប់ការហោះទៅកាន់ទីអវកាស ប៉ុន្តែ Blue Origin បានបង្ហើបឱ្យដឹងថា កៅអីមួយក្នុងចំណោមកៅអីចំនួន 6 នឹងត្រូវផ្ដល់ជូនអតិថិជនដែលឈ្នះការដេញថ្លៃដែលកំពុងប្រព្រឹត្តទៅនាបច្ចុប្បន្ន។ តម្លៃសម្រាប់កៅអីមួយនេះ កាលពីព្រឹកថ្ងៃទី7 ខែមិថុនា បានឡើងដល់ 2.8លានដុល្លារ ប៉ុន្តែ បន្ទាប់ពីការប្រកាសព័ត៌មានខាងលើ តម្លៃរបស់វាបានកើនឡើងរហូតដល់ 3.2លានដុល្លារ។
Blue Origin ដែលត្រូវបានលោក Bezos បង្កើតឡើងកាលពីឆ្នាំ2000 បានធ្វើតេស្តហោះហើរគ្មានមនុស្សបើកបរ ចំនួនរាប់សិបលើកមកហើយ។ ក្រៅពី New Shepard ក្រុមហ៊ុននេះក៏កំពុងអភិវឌ្ឍរ៉ុក្កែតមួយប្រភេទទៀតដែលមានឈ្មោះថា New Glenn ដើម្បីនាំយកផ្កាយរណបពាណិជ្ជកម្មរបស់ឯកជន និងរបស់រដ្ឋាភិបាលអាមេរិក ឡើងទៅកាន់គន្លងតារាវិថី ក៏ដូចជាអាចហោះចូលទៅកាន់ទីអវកាសឆ្ងាយ។
Blue Origin ក៏សង្ឃឹមថា នឹងបានចូលរួមគម្រោងនាំមនុស្សទៅកាន់ឋានព្រះចន្ទរបស់អង្គការ NASA នាឆ្នាំ2024 បើទោះ SpaceX របស់ Elon Musk បានចុះកិច្ចព្រមព្រៀងរួចហើយ ដើម្បីផលិតយានចុះចតលើដីរបស់ឋាន សម្រាប់ NASA៕
ប្រភព៖ CNN, CNBC
ប្រែសម្រួល៖ បុត្រា