ក្រុមហ៊ុន Samsung រំពឹងថា ការលក់ស្មាតហ្វូន Galaxy Note 8 ថ្មីរបស់ខ្លួននឹងកើនឡើងបានច្រើនជាង 11លានគ្រឿងក្រោយពេលចេញលក់លើទីផ្សារភ្លាម។ នេះបើតាមការបង្ហើបឱ្យដឹងពីលោក DJ Koh ប្រធានផ្នែកទូរស័ព្ទចល័តរបស់កូរ៉េខាងត្បូង។
ប្រធានផ្នែកទូរស័ព្ទខាងលើបានឱ្យដឹងថា ទូរស័ព្ទ Galaxy Note 5 ជាម៉ូដែលទូរស័ព្ទចុងក្រោយបង្អស់របស់ក្រុមហ៊ុនSamsung ធ្លាប់លក់ចេញបានចំនួន 11 លានគ្រឿងហើយ ហើយលោករំពឹងថា Note 8 នឹងលក់បានច្រើនជាងចំនួននេះទៅទៀត។លោកបានបន្ថែមថា ការដឹកជញ្ជូន Note 8 អាចនឹងមានការប្រែប្រួលខ្លះ ព្រោះក្រុមហ៊ុនក៏ចង់បន្ដលក់ទូរស័ព្ទ Galaxy S 8 ឱ្យបានច្រើនបន្ថែមទៀតផងដែរ។ ជាគោលដៅរបស់ Samsung សម្រាប់ការលក់ Galaxy S 8 គឺ 48 លានគ្រឿង ហើយបច្ចុប្បន្នស្មាតហ្វូននេះលក់បានច្រើនជាងកាលពីលក់ Galaxy S 7 ប្រមាណជា 15% ហើយ។
ចំពោះទូរស័ព្ទ Galaxy Note 8 នេះប្រើនូវអេក្រង់ Super AMOLED កម្រិត QHD+ និងគាំទ្រ Mobile HDR Premium ហើយមានមុខងារ Always on Display និង Screen off memos ។ កាមេរ៉ាក្រោយរបស់វាមាន 2 គ្រាប់ទំហំ 12MP ដូចគ្នា មួយជាកម្រិត f/1.7 សម្រាប់ Lens ធម្មតា និងមួយទៀតកម្រិត f/2.4 សម្រាប់ Telephoto lensហើយក៏មានបំពាក់នូវបច្ចេកវិទ្យា Optical Stabilization ដូចគ្នា។ ស្មាតហ្វូននេះ មាន RAM ទំហំ 6GB ដំណើរការដោយប្រព័ន្ធ Android 7.0 Nougat និងមានថាមពលថ្ម 3300mAh។
យ៉ាងណាមិញ ចំពោះទីផ្សារកម្ពុជា ទូរស័ព្ទ Galaxy Note 8 អាចនឹងមានវត្តមាននៅចុងខែកញ្ញា ឆ្នាំ2017 នេះ ជាមួយនឹងតម្លៃប្រមាណ 900 ដុល្លារស្ដើង៕