ភ្នំពេញ៖ ដើម្បីចៀសវាការបន្លំគុណភាពពីសាំងធម្មតា តែកុហកអតិថិជនថាជាសាំងស៊ុបពែរនោះ ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី31 ខែសីហានេះបានដាក់ឱ្យដំណើរការជាផ្លូវការនូវមន្ទីរពិសោធចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីចៀសវាងកុំឱ្យឈ្មួញអ្នកលក់សាំងបន្លំអតិថិជន។
ការដាក់ឱ្យប្រើមន្ទីរពិសោធចល័តដ៏ទំនើបដែលអាចត្រួតពិនិត្យគុណភាពសាំង ឬប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេសនេះ ធ្វើឡើងបន្ទាប់ពីបានរកឃើញថា មានស្ថានីយមួយនៅរាជធានីភ្នំពេញបន្លំអតិថិជនដោយចាក់សាំងធម្មតាឱ្យ តែប្រាប់ថាជាសាំងស៊ុបពែរ និងលក់ក្នុងតម្លៃថ្លៃជាងប្រហែល200រៀល។
រថយន្តមន្ទីរពិសោធចល័តផ្នែកប្រេងឥន្ធនៈនេះម៉ាកFord ជាម៉ូដែលឆ្នាំ2016 មានតម្លៃប្រមាណជា152,982.49 ដុល្លារអាមេរិក ហើយគឺជារថយន្តទី2 បន្ទាប់ពីរថយន្តមន្ទីរពិសោធចល័តទី1ដែលត្រូវបានដាក់ឱ្យដំណើរការដើម្បីតាមដាន និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារកាលពីចុងឆ្នាំ 2016កន្លងទៅ។
នៅក្នុងឱកាសនោះឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការដាក់ដំណើរការរថយន្តមន្ទីរពិសោធចល័តផ្នែកប្រេងឥន្ធនៈនេះ គឺជាការបង្ហាញពីការគិតគូរ យកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអាជ្ញាធរដែលមានបេសកកម្ម និងភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបន្តថា រថយន្តនេះនឹងជួយពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីកាំកុងត្រូលក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ ឬដេប៉ូចែកចាយនៅក្នុងរាជធានី និងតំបន់ឆ្ងាយៗទូទាំងប្រទេស ព្រោះវាមានបំពាក់ដោយឧបករណ៍ទំនើប ដែលអាចវិភាគរកនូវប៉ារ៉ាម៉ែត្រនៃផលិតផលទំនិញជាប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។
សូមបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យដំណើរការរថយន្តមន្ទីរពិសោធចល័តផ្នែកប្រេងឥន្ធនៈថ្ងៃនេះ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទដូចជា ប្រេងម៉ាស៊ូត ប្រេងសាំង (ស៊ុបពែរ និងសាំងធម្មតា) និងប្រេងម៉ាស៊ីននៅតាមស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងប្រទេស សំដៅធានាភាពជឿជាក់ជូនប្រជាពលរដ្ឋក្នុងការទទួលបានទំនិញជាប្រេងឥន្ធនៈប្រកបដោយគុណភាព និងមានបរិមាណត្រឹមត្រូវ ព្រមទាំងធានានូវការធ្វើធុរកិច្ចប្រកបដោយសមធម៌ និងរក្សាសណ្តាប់ធ្នាប់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា៕