Big event ឬឱកាសពិសេសផ្សេងៗ នឹងលែងជាបញ្ហាកង្វល់ចិត្តតទៅទៀតហើយ បើអ្នកមាន Beauty Tips ល្អៗសម្រាប់ទប់ទល់នឹងហេតុការណ៍ ឬឱកាសពិសេសៗ ខណៈពេលដែលអ្នកដើរចូលទៅក្នុង Ballroom ដែលពោរពេញទៅដោយនារីស្អាតៗជាច្រើននោះ។ យើងមានគន្លឹះល្អៗ 2ចំណុច ដែលអ្នកគួរដឹង មុននឹងដល់ថ្ងៃចូលរួមពិធី : ចំណុចទី1 កុំទៅនឹកស្រមៃ ចង់ធ្វើឱ្យដូចតារាបង្ហាញម៉ូដ នៅក្នុងទស្សនាវដ្តីឱ្យសោះ ព្រោះវាមើលទៅស្អាតឥតខ្ចោះលើសពីការពិតខ្លាំងពេក រហូតអាចធ្វើឱ្យអ្នកឯទៀត មិនហ៊ានចូលជិត និងចំណុចទី 2 គឺសាកល្បងធ្វើតាមវិធីល្អៗ ដូចខាងក្រោមនេះ…:
1.ខាត់ស្បែក ដើម្បីភាពភ្លឺរលោងចែងចាំង
ប្រាកដណាស់ថា រឿងដំបូងគេ ដែលអ្នកឯទៀត គេនឹងងាកមកសម្លឹងមើលអ្នកនោះគឺ ស្បែកដែលស្អាត ស្រស់ថ្លា ភ្លឺរលោង។ ចូរខាត់ស្បែកជារាងរង្វង់ៗយ៉ាងថ្នមដៃ ទូទាំងរាងកាយ ១សប្តាហ៍ 1 – 2ដង។ សាកល្បងជ្រើសរើស ប្រើឡេខាត់ស្បែក ក្លិនណាដែលអ្នកចូលចិត្ត ឬបើចង់បានភាពធូរស្រាលសប្បាយអារម្មណ៍ សូមសាកល្បងជ្រើសរើសយកក្លិនLavender ក្លិនChamomile ឬក្លិនMint ក៏ជួយឱ្យ អ្នកមានអារម្មណ៍ស្រស់ថ្លា ព្រមជាមួយនឹងការទទួលបានស្បែកស្អាតស្រស់ថ្លា ជារង្វាន់ទៀតផង។
2.កក់សក់ 1ថ្ងៃ មុនដល់ថ្ងៃចូលរួមពិធី
តើអ្នកធ្លាប់មានអារម្មណ៍ដឹងទេថា ពេលកក់សក់ហើយថ្មីៗ សក់ច្រើនតែឡើងសំពោង និងមិនសូវភ្លឺរលោងរំសាយឡើយ ដោយសារតែយើងទើបតែលាងជាតិប្រេងស្រោបសរសៃសក់ចេញអស់ហ្នឹងឯង។ ដូច្នេះការកក់សក់ 1ថ្ងៃមុន អាចជួយឱ្យ អ្នកតុបតែងម៉ូដសក់បានងាយស្រួល និងសក់ ក៏ភ្លឺរលោងស្អាតដូចធម្មជាតិ តែបើសិនជាភ្លេច ឬខកខាននោះ អាចប្រើជំនួយការ ដូចជាប្រេងលាបសក់ ឬស្ប្រៃយ៍ តែងម៉ូដសក់ក៏បាន។
3.ធ្វើ Mask មុខពីផ្លែត្រសក់ត្រជាក់ៗ បិទក្រោមភ្នែក
ដោយសារតែភាពប្រញាប់ប្រញាប់ ជួនកាលអ្នក អាចគេងសម្រាកមិនបានគ្រប់គ្រាន់ ធ្វើឱ្យរង្វង់ភ្នែកឡើងខ្មៅ ស្រអាប់ និងជាំ ដូច្នេះចូរសាកល្បងប្រើបន្ទះចំណិតផ្លែត្រសក់ត្រជាក់ៗ ឬយកផ្លែត្រសក់ មកច្របាច់យកទឹក ហើយយកសំលី មកជ្រលក់ រួចត្រាំក្នងទឹកកកឱ្យត្រជាក់ មុននឹងយកមកបិទ ធ្វើជា Mask ពីលើត្របកភ្នែក ជួយបន្ធូរបន្ថយភាពជាំខ្មៅជុំវិញកែវភ្នែក និងថែមទាំងជាការសម្រាកបន្ធូរអារម្មណ៍នឿយហត់ ដែលមានពេញ 1ថ្ងៃមកហើយនោះទៀតផង។
4.លាបម្សៅ Primer មុនតែងមុខ
ដូចដែលយើងបានប្រាប់រួចហើយ ការតុបតែងមុខ សម្រាប់ទៅចូលរួមពិធីអ្វីមួយ ត្រឹមតែស្បែកមុខស្រស់ៗ មិនគ្រប់គ្រាន់ទេ ព្រោះណាមួយកម្ដៅ ណាមួយបរិស្ថានខ្យល់អាកាសផង បើសិនជាចង់ឱ្យផ្ទៃមុខដ៏ល្អឥតខ្ចោះរបស់អ្នក នៅដិតស្អាត ជាប់រហូតដល់ចប់កម្មវិធីនោះ សាកល្បងបន្ថែមភាពរាបម៉ដ្ឋរលោងឱ្យផ្ទៃមុខ ដោយម្សៅ Primer។
5.ជ្រើសរើស រវាងភ្នែក និងមាត់
បញ្ហាមួយរបស់នារីដែលចូលចិត្តតុបតែងមុខមាត់ បែបពេញទំហឹង ពេលទៅចូលរួមកម្មវិធីនោះគឺ ច្រើនតែតុបតែងពេញទាំងផ្ទៃមុខ ភ្នែក និងបបូរមាត់ ដែលមើលទៅហើយ ពេលខ្លះក៏មិនដឹងដែរថា តើត្រូវមើលពីត្រង់ណាមុនឡើយ…សូមសាកល្បងនឹកស្រមៃដល់នារីម្នាក់ ដែលលាបភ្នែកពណ៌ខៀវ ហើយពេលមើលចុះមកក្រោម ក៏ត្រូវភ្ញាក់ព្រើត ដែលបបូរមាត់ មានពណ៌ក្រហមចែស!…ឥលូវ លោកអ្នក ប្រហែលជាស្រមៃឃើញ រូបភាពដែលយើងចង់ប្រាប់ហើយមើលទៅ ដូច្នេះសូមឱ្យកញ្ញាៗទាំងឡាយ ចាំឱ្យបានច្បាស់ក្នុងចិត្តថា ពេលអ្នកត្រូវការឱ្យខ្លួនអ្នក មើលទៅស្អាតលេចធ្លោនោះ ចូរជ្រើសរើសតែ 1ចំណុចនៅលើផ្ទៃមុខបានហើយ នោះអ្នកនឹងមើលទៅ ឃើញស្អាតបែបមានលំដាប់មិនខាន៕