រវាងគូស្នេហ៍ ឬស្វាមីភរិយា ក្រៅពីមាន “ការដឹងចិត្តគ្នាទៅវិញទៅមក” ជាគោលការណ៍សំខាន់ហើយនោះ ការថែបំប៉នសេចក្តីស្នេហា ឱ្យផ្អែមល្ហែមត្រជាក់ត្រជុំ ក៏ជាបច្ច័យមួយ ដែលជួយឱ្យសម្ព័ន្ធភាពកាន់តែស្អិតល្មួតឡើងទៀតដែរ ដែលរឿងខ្លះអាចត្រូវរង់ចាំឱ្យមានឱកាសល្អៗជាមុនសិន ក្នុងការសាងភាពរំភើបចិត្ត តែក៏នៅមានតិចនិកជាច្រើនទៀត ដែលអាចបង្កើនភាពផ្អែមល្ហែម ឱ្យក្តីស្នេហាត្រជាក់ពេញបេះដូង បានជារៀងរាល់ថ្ងៃដែរ។
ដូចជាការឱប ថើបគ្នា មុនពេលចេញទៅធ្វើការ រហូតទៅដល់ការប្រើភាសាកាយ ក្នុងស្ថានការណ៍ផ្សេងៗ ដូចជា ខ្សែភ្នែកបារម្ភ ចាប់ក្តោបបាតដៃ ទះស្មាថ្នមៗ ឬសូម្បីតែការនែបនិត្យ នៅក្នុងរង្វង់ដៃឱបរបស់គូស្នេហ៍ ក្នុងពេលអង្គុយមើលទូរទស្សន៍ជាមួយគ្នាក៏ដោយ ទាំងអស់នេះ មិនត្រឹមតែផ្តល់នូវអារម្មណ៍រ៉ូមែនទិកប៉ុណ្ណោះទេ តែវានៅផ្តល់នូវភាពកក់ក្តៅក្នុងចិត្ត យ៉ាងមិនគួរឱ្យជឿទៀតផង។
ក្រៅពីនេះ ការរកពេលវេលាក្នុងការចម្អិនម្ហូបអាហារថ្មីៗ ឬនំឆ្ងាញ់ៗ ទុក Surprise គូស្នេហ៍ ពេលត្រឡប់មកដល់ផ្ទះវិញក៏ជាការបង្ហាញនូវភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ចំពោះគ្នាមួយដែរ។
រួមទាំងការនិយាយសរសើរគូស្នេហ៍នៅក្នុងឱកាសផ្សេងៗ ដូចជា គេ/នាង តែងខ្លួនបានស្អាត ឬសង្ហាជាពិសេស ឬការសម្តែងក្តីសោមនស្សរីករាយ ចំពោះជោគជ័យក្នុងតួនាទីការងាររបស់គូស្នេហ៍ជាដើម។ ការសម្តែងភាពស្មោះស្ម័គ្រ ដោយពាក្យសម្តីបែបវិជ្ជមានទាំងនេះ គឺជាអ្វីមួយ ដែលគួរឱ្យស្រឡាញ់ និងថែមទាំងជាការផ្តល់នូវកម្លាំងចិត្ត និងជួយសាងនូវភាពជឿជាក់ដល់គូស្នេហ៍ បានកាន់តែខ្លាំងឡើងផងដែរ។
ហើយនិងការមានពេលវេលា សម្រាប់និយាយចែករំលែកទុក្ខ – សុខ ក្នុង 1ថ្ងៃៗរួមគ្នា ទាំងរឿងដែលគួរឱ្យចាប់អារម្មណ៍ ឬជជែកពិភក្សាគ្នា ពីបញ្ហាដែលម្នាក់ៗជួបប្រទះមក ជួយគ្នាគិតបន្ធូរបន្ថយ សម្រាលឧបសគ្គទាំងនោះ ឱ្យវារំលងផុតទៅ នៅលើគ្រឹះនៃការមានហេតុផល ស្មោះត្រង់ និងស្មោះស្ម័គ្រ។ មនុស្សជាច្រើននិយាយថា នេះ គឺជាការជួយបន្ថែមកម្លាំងចិត្តដ៏ល្អ និងស្គាល់ពីភាពយកចិត្តទុកដាក់រវាងគ្នាទៀតផង។
អ្វីដែលសំខាន់ គឺកុំភ្លេចខ្លួន បណ្តោយឱ្យបណ្តាញប្រព័ន្ធសង្គមអនឡាញ ឬ Social Network ចូលមកមានតួនាទីក្នុងជីវិតប្រចាំថ្ងៃ ច្រើនជ្រុលពេក រហូតដល់ខ្វះការប្រើពេលវេលានៅជុំគ្នា ជាមួយគូស្នេហ៍ឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យកើតភាពនឿយណាយ ឆ្ងាយពីគ្នា និងកើតមានចន្លោះប្រហោង រវាងសម្ព័ន្ធភាពបាន។
ក្តីស្នេហ៍ដែលរឹងមាំ ផ្អែមល្ហែម សូមកុំភ្លេចការយកចិត្តទុកដាក់ ចំពោះគ្នាទៅវិញទៅមក ព្រោះវាជាកូនសោសំខាន់ ក្នុងការធ្វើឱ្យក្តីស្នេហា មើលទៅនៅតែថ្មី និងរំភើបញាប់ញ័រជាប់ជានិច្ច៕