Skip to content

ឱកាស​របស់​វិនិយោគិន​ក្នុងស្រុក​បានមក​ដល់​ហើយ!!

ភ្នំពេញ៖  ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ដើម្បី​ពង្រីក​ទំនិញ​របស់​លោកអ្នក​ក៏ដូចជា​ស្វែងរក​ដៃគូ​លក់​បន្ត​នៅក្រៅ​ប្រទេស​ដែរនោះ ពេលនេះ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ដល់​ពាណិជ្ជករ ឬ​អាជីវករ​ទាំងអស់​ឱ្យ​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ាន​លើក​ទី14 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី12-15 ខែកញ្ញា ឆ្នាំ2017 នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន។

ឯកឧត្តម ស៊ា​ង ថៃ អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជាមួយ​វិនិយោគិន​ក្នុងស្រុក​ថា ដើម្បី​ពង្រីក​ទំនិញ​របស់ខ្លួន​ឱ្យទទួល​បានការ​គាំទ្រ​នៅលើ​ទីផ្សារ​ក្រៅប្រទេស វិនិយោគិន​គួរ​ចូលរួម​ពិព័រណ៍​បង្ហាញ​ផលិតផល​ក្នុងស្រុក​ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​កាលបរិច្ឆេទ​ខាងលើ។ ហើយ​ដើម្បីឱ្យ​ការរៀបចំ និង​ការចូល​រូ​ម​របស់​កម្ពុជា​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ាន​លើក​ទី14នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ឯកឧត្តម​បាន​ណែនាំ និង​ចែករំលែក​នូវ​ចំណុចសំខាន់ៗមួយចំនួន​ជូន​ដល់​ពាណិជ្ជករ-អាជីវករ​ដែល​ត្រូវ​ចូលរួម​តាំងពិព័រណ៍​ទាំងអស់​រួមមាន៖

1.ការបែងចែក​ទីតាំង​របស់​ក្រុមហ៊ុន​ចូលរួម​តាំងពិព័រណ៍។

2.ការរៀបចំ​បែបបទ​គយ និង​ឯកសារ​ពាក់ព័ន្ធផ្សេងៗរួមមាន៖ Invoice និង Packing List របស់​ក្រុមហ៊ុន​សម្រាប់​ដាក់​តាម​ខ្លួន និង​បំពេញបែបបទ​គយ​នៅ​ព្រលានយន្តហោះ​ប្រទេស​ចិន។

3.ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ចិន។

4.ការរៀបចំ​បែបបទ និង​ឯកសារ​ពាក់ព័ន្ធផ្សេងៗសម្រាប់ធ្វើ Pass ចេញ-ចូល រួមមាន​រូបថត លិខិតឆ្លងដែន និង ​IDចំពោះ​ជនជាតិខ្មែរ។

5.ចំពោះ​ក្រុមហ៊ុន​ដែល​យក​ស្តង់​លក្ខណៈ​ Upgrade Booth ត្រូវធ្វើ​ការទំនាក់ទំនង​ជាមួយ​គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​ដើម្បី​បំពេញបែបបទ​សាងសង់​ស្តង់

6.ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ស្នើសុំ​ទិ​ដ្ឋ​ការចេញ-ចូល​ប្រទេស​ចិន​ដោយ​ខ្លួនឯង​ជាដើម។ល។
ជាមួយគ្នានេះ ក្រសួង​ស្នើ​សុំឱ្យ​ក្រុមហ៊ុននីមួយៗត្រូវគោរព​តាម​លក្ខខណ្ឌ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណៈ​កម្ម​ការរៀបចំ​ពិព័រណ៍​រួមមាន​ជាអាទិ៍​ដូចជា ពុំ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ធ្វើការ​ផ្ទេរ ឬ​ជួល​ស្តង់​របស់ខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ដ៏​ទៃ មិន​អនុញ្ញាតិ​ឱ្យ​ដាក់តាំង និង​លក់​ផលិតផល​របស់​បរទេស​ឡើយ​ជាពិសេស​ផលិតផល​ចិន ត្រូវ​រក្សា​គុណ​ភាពជា​ចម្បង និង​មិនត្រូវ​ផ្សព្វផ្សាយ​បំផ្លើស​ពី​ការពិត និង​ត្រូវធ្វើ​ការរៀបចំ និង​តុបតែង​ស្តង់​របស់ខ្លួន​ឱ្យមាន​សោភ័ណភាព និង​មាន​ភាព​ទាក់ទាញ។

ក្រោយពី​បានទទួល​ការណែនាំ​រួច ក្រុម​ពាណិជ្ជករ-អាជីវករ​បាន​យល់ច្បាស់​ពី​នីតិវិធី​នៃ​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ាន​លើក​ទី14 ហើយ​បាន​យល់ព្រម​គោរព​តាម​លក្ខខណ្ឌ​ខាងលើ និង​យល់​ស្របតាម​មតិ​ណែនាំ​នេះ​ដើម្បី​ត្រៀម​នាំ​ទំនិញ​ឬ​ផលិតផល​របស់ខ្លួន​ចូលរួម​តាំងពិព័រណ៍​ស្វែងរក​ដៃគូ​ពង្រីក​ទំនិញ​របស់ខ្លួន​ទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *