តើដឹងឬទេថា លោកអ្នក អាចគណនាកម្ពស់របស់កូន នាពេលអនាគតបាន តាំងពីពេលគេនៅក្មេងម្ល៉េះ ដោយប្រើរូបមន្តការគណនា ដែលគេនាំគ្នាធ្វើតាំងពីយូរហើយ តាំងពីឆ្នាំ1970 មក និងថែមទាំងបានទទួលការបោះពុម្ព ផ្សព្វផ្សាយនៅក្នុងសារព័ត៌មាន ឌឹ នីវយ៉ក ថាមស៍ ទៀតផងថា រូបមន្តដែលប្រើសម្រាប់គណនានេះ មានភាពត្រឹមត្រូវ និងច្បាស់លាស់បំផុត។ វិធីការប៉ាន់ប្រមាណកម្ពស់រាងកាយរបស់កូន នាពេលអនាគត មានដូចតទៅ៖
- ការគណនាកម្ពស់ របស់ក្មេងប្រុសនាពេលអនាគត
ចូរយកកម្ពស់របស់ឪពុក និងម្តាយ មកបូកចូលគ្នា និងបូកថែម 13សង់ទីម៉ែត្រទៀត បន្ទាប់មក យកទៅចែកនឹង 2។
ឧទាហរណ៍៖ ឪពុកកម្ពស់ 1,75ម៉ែត្រ ម្តាយកម្ពស់ 1,65ម៉ែត្រ បូកចូលគ្នានឹងបាន 175 + 165 + 13 = 353 យកផលបូកនេះ ទៅចែកនឹង 2 យើងនឹងឃើញផលចែក 176,5 ដូច្នេះលទ្ធផលដែលទទួលបាននេះ គឺជាប្រវែងកម្ពស់របស់កូនប្រុស នាពេលអនាគត។
- ការគណនាកម្ពស់ របស់ក្មេងស្រីនាពេលអនាគត
ចូរយកកម្ពស់របស់ឪពុក និងម្តាយ មកបូកចូលគ្នា ហើយដក 13សង់ទីម៉ែត្រ បន្ទាប់មក យកទៅចែកនឹង 2។
ឧទាហរណ៍ ឪពុកកម្ពស់ 1,75ម៉ែត្រ ម្តាយកម្ពស់ 1,65ម៉ែត្រ បូកចូលគ្នានឹងបាន 175 + 165 – 13 = 327 រួចយកផលបូកនេះ ទៅចែកនឹង2 យើងនឹងឃើញផលចែក 163,5 ដូច្នេះលទ្ធផលដែលទទួលបាននេះ គឺជាប្រវែងកម្ពស់របស់កូនស្រី នាពេលអនាគត។
ការប៉ាន់ប្រមាណកម្ពស់របស់កូនខាងលើនេះ គឺកុមារត្រូវតែបានទទួលភោជនាហារដែលល្អ និងការហាត់ប្រាណ ដែលល្មមសមរម្យ នោះមានន័យថា ក្រៅពីហ្ស៊ែន ឬពូជរបស់ឪពុកម្តាយហើយ បរិស្ថានជុំវិញ ក៏មានភាពសំខាន់ចំពោះកម្ពស់របស់កុមារដែរ។ យើងអាចសង្កេតបាន តាមរយៈក្មេងដែលខ្វះសារធាតុអាហារ និងមានសុខភាពមិនល្អតាំងពីតូច នឹងហុចផលធ្វើឱ្យក្មេងមានរូបរាងកាយតូចល្អិត និងធ្វើឱ្យកម្ពស់ មិនវិវឌ្ឍទៅតាមវ័យទៀតផង៕