ក្លិប West Brom បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារស្លាបឆ្វេង Kieran Gibbs ពីក្លិប Arsenal ក្នុងតម្លៃខ្លួនប្រមាណជា7លានផោន (ស្មើនឹង9លានដុល្លារអាមេរិក) និងខ្សែបម្រើ Grzegorz Krychowiak ពីក្លិប Paris St-Germain ក្នុងលក្ខខណ្ឌខ្ចីជើង។
ខ្សែការពារអន្តរជាតិអង់គ្លេស Gibbs វ័យ27ឆ្នាំ បានយល់ព្រមលើកិច្ចសន្យារយៈពេល4ឆ្នាំ។ ដោយឡែក ខ្សែបម្រើអន្តរជាតិប៉ូឡូញ Krychowiak បានចូលលេងត្រឹមតែ10ប្រកួតប៉ុណ្ណោះសម្រាប់ក្លិបបារាំង ចាប់តាំងពីផ្ទេរមកពីក្លិប Sevilla ក្នុងតម្លៃខ្លួន28លានផោន កាលពីឆ្នាំមុន។ Krychowiak បានឈ្នះពានក្របខ័ណ្ឌ Europa League ពីរលើកជាមួយនឹងក្លិប Sevilla និងបានឈ្នះពាន Trophee des Champions, Coupe de la Ligue និង Coupe de France នៅឯក្លិប PSG កាលពីរដូវកាលមុន។
ខ្សែបម្រើរូបនេះ ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន45លើកសម្រាប់ក្រុមជម្រើសជាតិប៉ូឡូញនោះបានឲ្យដឹងថា៖ «ខ្ញុំមានសំណើជាច្រើនពីសំណាក់ក្លិបនៅអេស្ប៉ាញ និងអ៊ីតាលី។ ប៉ុន្តែ នេះគឺជាក្លិបពោរពេញដោយមហិច្ឆតាមួយ។ វាមានបរិយាកាសដ៏ល្អមួយនៅទីនេះ»។
Gibbs ក៏បានធ្វើការពិភាក្សាជាមួយនឹងក្លិប Watford និងក្លិបតួកគី Galatasaray នៅរដូវក្តៅនេះផងដែរ ស្របពេលដែល Krychowiak បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លិបជាច្រើនក្នុងនោះរាប់បញ្ចូលទាំង Chelsea និង Juventus ទៀតផង។ Gibbs ដែលបាននៅជាមួយនឹងក្លិប Arsenal តាំងពីវ័យ14ឆ្នាំមកនោះ បានឲ្យដឹងថា៖ «ពួកគេបានបង្កើតឲ្យមានការចុះហត្ថលេខាដ៏ល្អមួយ ហើយខ្ញុំមានអារម្មណ៍ថា នេះគឺជាការផ្ទេរដ៏ល្អមួយសម្រាប់ខ្ញុំ»៕
ប្រភពពី៖ BBC