ភ្នំពេញ – ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្ដរភាព និងកាត់បន្ថយការកកកស្ទះចរាចរណ៍សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានប្រកាសចេញនូវគម្រោងថ្មីមួយទៀត គឺគ្រោងពង្រីកផ្លូវជាតិលេខ3។
ការពង្រីកផ្លូវនេះត្រូវធ្វើឡើងចាប់ពីរង្វង់មូលចោមចៅទៅដល់ផ្លូវបំបែកទៅខេត្ដតាកែវ និងកំពត ដោយផ្លូវនេះនឹងត្រូវពង្រីកទៅជា4គន្លងផ្លូវ និងមានកន្លែងខ្លះទៀតត្រូវពង្រីកទទឹងផ្លូវដល់ទៅ12ម៉ែត្រទៀតផងដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានលើកឡើងថា៖«ថ្ងៃនេះខ្ញុំអាចបញ្ជាក់ជូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវជាតិលេខ3 ឱ្យបានជ្រាបថា ផ្លូវជាតិលេខ3របស់យើងមិនត្រូវទុកឱ្យនៅត្រឹមតែ9-10ដូច្នេះម៉ែត្រទៀតទេ។ យើងនឹងធ្វើផ្លូវនេះពីចោមចៅទៅទល់ទីរួមខេត្ដទៅកំពត និងជាង2ភាគ3 នឹងធ្វើ4គន្លង 2ទៅ2មក នៅសល់1ភាគ3 គឺយើងនឹងធ្វើទទឹង12ម៉ែត្រ»។
សម្ដេចបន្ដថា កាលពីមុន ផ្លូវនេះមានទទឹងតែ7ម៉ែត្រប៉ុណ្ណោះ ហើយសម្ដេចបានធ្វើការចចារជាមួយសាធារណរដ្ឋកូរ៉េទើបបានពង្រីកមកបានទំហំដូចសព្វថ្ងៃ។ ទោះយ៉ាងណាទំហំប៉ុណ្ណឹងវាលែងស័ក្កិសមជាមួយការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៀតហើយ ។
ជាមួយនឹងការបញ្ជាក់បែបនេះ មហាជនជាច្រើនពិសេសអ្នកដែលប្រើប្រាស់ផ្លូវមួយនេះ និងធ្លាប់ជួបការកកស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃនោះ បានសាទរជាមួយនឹងគម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ3នេះជាខ្លាំង ព្រោះថា ការកកស្ទះមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ដល់ពេលវេលានៃការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិទៀតផង តាមរយៈព័ត៌មាននេះដែរ ម្នាក់ៗកំពុងរំពឹងថា គម្រោងមួយនេះនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ៕