ក្លិបហង្សក្រហម Liverpool បានយល់ព្រមលើតម្លៃខ្លួន 35លានផោន (ស្មើនឹង 46លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Arsenal ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិអង់គ្លេស Alex Oxlade-Chamberlain។ នេះបើយោងតាមប្រភពព័ត៌មាននានាកាលពីថ្ងៃពុធ។
Oxlade-Chamberlain ស្ទើរតែបានចូលរួមជាមួយនឹងក្លិប Chelsea កាលពីដើមសប្តាហ៍នេះទៅហើយ ក្រោយពីក្រុមម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Premier League មួយនេះបានដាក់សំណើដេញថ្លៃ និងត្រូវបានទទួលយកដោយ Arsenal សម្រាប់កីឡាករវ័យ24ឆ្នាំរូបនេះ។ ប៉ុន្តែ ក្លិប Liverpool ហាក់ដូចជាឈ្នះក្នុងការប្រជែងដើម្បីចុះហត្ថលេខាជាមួយនឹង Oxlade-Chamberlain នៅមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទនៅរាត្រីនេះ។
វាត្រូវបានគេជឿជាក់ថា Liverpool គឺជាក្លិបដែល Oxlade-Chamberlain ចង់ផ្ទេរទៅ ហើយរូបគេមិនបានធ្វើការពិភាក្សាជាមួយនឹងក្លិប Chelsea ឡើយ ស្របពេលដែលរូបគេបានរង់ចាំមើលថា តើក្រុមរបស់លោក Jurgen Klopp នឹងដាក់សំណើដេញថ្លៃយករូបគេ ឬយ៉ាងណាដែរ?។ បច្ចុប្បន្ន Oxlade-Chamberlain កំពុងតែបំពេញកាតព្វកិច្ចជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស និងត្រូវបានរំពឹងទុកថា បានទទួលការពិនិត្យសុខភាពនៅឯទីលានហ្វឹកហាត់ St George’s Park កាលពីល្ងាចថ្ងៃពុធមុនពេលចុះហត្ថលេខារយៈពេល 6ឆ្នាំជាមួយនឹងក្លិប Liverpool។
លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ Arsenal បានសម្រេចចិត្តលក់ Oxlade-Chamberlain ពីព្រោះអតីតកីឡាកររបស់ក្លិប Southampton រូបនេះ នឹងផុតកិច្ចសន្យា ហើយនិងត្រូវចាកចេញដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ៕
ប្រភពពី៖ Sport24