កើតជាមនុស្សស្រី ពិតជាសែនលំបាកមែន ព្រោះត្រូវមើលថែទាំខ្លួន ដុសខាត់ ថែមថយរាងកាយ ឱ្យមើលឃើញស្អាត តាំងពីក្បាលដល់ចុងជើង មិនថាតែកោររោមមេជើង ដករោមច្រមុះ លួចថែមអេប៉ុង ឱ្យដើមទ្រូងមើលទៅធំ ស្លៀកឈុតក្នុងបន្ថែមត្រគាក
ជាដើម និងទោះជាធ្វើរឿងទាំងអស់រួចហើយ ស្រស់ស្អាតខ្ញង់ក៏ពិតមែន តែស្លាប់រស់យ៉ាងណា ក៏នារីៗយើង មិនឱ្យមនុស្សប្រុសដឹងជាដាច់ខាត!។
តាមរយ:ការស្ទង់មតិ ពីនារីៗចំនួន 2,000នាក់ ដែលបានបង្ហើបឱ្យដឹងដោយវេបសាយ ឌេលី មេល កាលពីចុងឆ្នាំ2019 កន្លងមក ខាងក្រោមនេះ គឺជាអាថ៌កំបាំងនៃសម្រស់ 20យ៉ាងរបស់ក្រមុំៗជនជាតិអង់គ្លេស ដែលពួកនាងមិនចង់ឱ្យបុរសជាគូស្នេហ៍បានដឹងឡើយ។ តើមានអ្វីខ្លះនោះ យើងមកតាមដានទាំងអស់គ្នា…៖
- កោរ / បក រោមនៅលើមេជើង
- កោរ / បក រោមនៅលើចង្កា និងផ្ទៃមុខ
- ដករោមប្លែកៗចេញពីរាងកាយ ដូចជា រោមរឹងវែងៗ ដែលដុះតែមួយសរសៃនៅលើមុខ ឬរោមដែលដុះលើប្រជ្រុយជាដើម។
- បករោម និងបកពុកមាត់
- កម្ចាត់ស្បែកក្រឹន រឹងៗ ស្ងួតប្រេះនៅលើបាតជើង
- ពាក់អាវពង្រឹបខ្លួនឱ្យចេញរាង ដើម្បីស្លៀកពាក់ខោអាវឱ្យស្អាត មានរាង មានរៅស្វែល
- ដករោមចិញ្ចើម
- បក / កោរ រោមកន្លែងសម្ងាត់ចេញខ្លះ
- ដករោមច្រមុះ(!!)
- មើលថែស្បែកមុខ ទាំងលាងសម្កាត ជូតដោយថូនើរ៍ បំប៉នដោយឡេ គ្រប់គ្រឿងតែម្តង
- កាត់ក្រចកជើង
- កោសធ្មេញឱ្យស ព្រោះធ្មេញចាស់ វាលឿង
- លាបគ្រីម លុបបំបាត់ស្លាកស្នាម ពន្យឺតអាយុ ចង់តែនៅក្មេងរហូត មិនចង់ឱ្យអ្នកណា ដឹងថាខ្លួនចាស់ឡើយ
- លាបក្បាលមុន ដោយថ្នាំដុសធ្មេញ
- ម៉ាស់ក៍បកមុខ
- បក / កោររោមជើង និងក្លៀក
- ញាត់អេប៉ុងរុញដើមទ្រូងឡើង ឱ្យពើង
- ខាត់ស្បែករាល់ថ្ងៃ
- លាបពណ៌ចិញ្ចើម និងរោមភ្នែក
- ប្រើគ្រីមកម្ចាត់ សេលលូឡៃត៍(ដុំខ្លាញ់ក្រោមស្បែក) មិនចង់ឱ្យអ្នកណាឃើញ ខ្លាចគេដឹងថា ស្បែកគ្រើម ដូចសម្បកក្រូច។
ពេលនេះយើងជឿហើយថា ទម្រាំតែបានស្អាត នារីៗត្រូវប្រើក្តីព្យាយាមខ្លាំងមែនទែន ថែមទាំងចង់ឱ្យមនុស្សប្រុស(គូស្នេហ៍)គិតថា ខ្លួនស្អាតស្រស់ថ្លាយ៉ាងធម្មជាតិ អត់មានទៅកែកុនអីទាំងអស់ អ្វីៗ គឺអ្នកម៉ាក់ឱ្យមកទាំងអស់។
ហ៊ឺ…កើតមកជាមនុស្សស្រី ចំជាលំបាកមែន…៕
ដោយអ្នកគ្រូ ឆវី