ងាយៗ មិនចាំបាច់អីច្រើន!! កូនកំលោះ មហាសាមញ្ញ តែងខ្លួនងាយៗ ពាក់អាវយឺតដៃខ្លី ជំនួសអាវធំ ឈុតសកល ថែមទាំងពាក់ស្បែកជើងផ្ទាត់ទៀត ខណៈដែលកូនក្រមុំវិញ តែងខ្លួនគ្រប់គ្រឿង…។
ប្រហែលជាពិធីមង្គលការមួយ ដែលកូនកំលោះធ្វើខ្លួនសែនមហាងាយៗបំផុត ព្រោះបើសិនជាកូនកំលោះដទៃវិញ ប្រហែលជាដើរចូលពិធីមួយនេះ ដោយឈុតសកល បែបគ្រប់គ្រឿង យ៉ាងសង្ហាមិនខាន តែសម្រាប់ “Nfasis” ដែលជាអ្នកចម្រៀង រ៉េបភើរ ជនជាតិដូមីនីកាំង វ័យ 33ឆ្នាំម្នាក់នេះវិញ វាខុសប្លែកពីអ្នកដទៃ ព្រោះនៅថ្ងៃអាពាហ៍ពិពាហ៍របស់គេ គេពាក់តែអាវយឺតដៃខ្លី ពណ៌ស ដែលស្ដើង រហូតមើលឃើញអាវយឺតវៀលក្លៀកខាងក្នុង ស្លៀកខោខូវប៊យពណ៌ស្លេកជើងខ្លី និងពាក់ស្បែកជើងផ្ទាត់ទៀតផង!។
អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺ បើសិនទាំងកូនកំលោះ និងកូនក្រមុំតែងខ្លួនរបៀបដូចគ្នានោះ អ្នកបានឃើញទាំងប៉ុន្មានប្រហែលជាមិនសូវអីប៉ុន្មានទេ តែនេះ វាមិនមែនអ៊ីចឹងទេ ព្រោះខណៈដែលកូនកំលោះតែងខ្លួនបែបសប្បាយៗ ងាយៗនោះ កូនក្រមុំ បែរជាតុបតែងខ្លួន បែបគ្រប់គ្រឿង ស្រស់ស្អាត និងល្អឥតខ្ចោះ ហើយកូនស្រីទាំង2 របស់ពួកគេទាំង2 ក៏ដូចគ្នាដែរ ស្លៀកឈុតពណ៌ស គួរឱ្យស្រឡាញ់ ហាក់ដូចជាម្ចាស់ក្សត្រី ត្រៀមជាស្រេច សម្រាប់ការបំពេញតួនាទី ជាអ្នកកំដរកូនក្រមុំ។ ពោលគឺ អ្នកចូលរួមក្នុងពិធីនេះទាំងអស់ សុទ្ធតែតែងខ្លួន បែបគ្រប់គ្រឿងយ៉ាងស្អាតសង្ហាគ្រប់គ្នា លើកលែងតែកូនកំលោះម្នាក់គត់។
ក្រៅពីការតែងខ្លួនរបស់កូនកំលោះ Nfasis ដែលធ្វើឱ្យជំពប់ភ្នែកអ្នកដែលបានឃើញហើយនោះ ការបង្ហាញទឹកមុខដ៏សែនរាបស្មើធម្មតារបស់គេ វាធ្វើឱ្យអ្នកដែលបានឃើញទាំងប៉ុន្មាននោះ អត់មិនគិតមិនបានឡើយថា តើគេពេញចិត្ត ឬមានសេចក្ដីសុខចំពោះពិធីមង្គលការក្នុងគ្រា ដែរឬទេហ្ន៎?…
ចំណែកបណ្ដាអ្នកគាំទ្ររបស់កូនកំលោះ Nfasis វិញ មិនបានមានអារម្មណ៍ ចម្លែកចិត្តចំពោះរឿងនេះប៉ុន្មានឡើយ ព្រោះបើសិន បានតាមដានអ៊ីនស្តាក្រាម ឬបណ្ដាញសង្គមផ្សេងៗទៀតរបស់ Nfasis ហើយនោះ នឹងបានដឹងថា ស្ទីលការតុបតែងខ្លួនរបស់គេ វាតែងតែបែបហ្នឹងស្រាប់ទៅហើយ ទាំងក្នុងជីវិតប្រចាំថ្ងៃ និងក្នុង MV របស់គេ។
យ៉ាងណាក្ដី អ្នកលេងអ៊ីនធើណិតជាច្រើន នៅតែរិះគន់ពីការតុបតែងខ្លួនរបស់កូនកំលោះ Nfasis ដែរ ដោយភាគច្រើនយល់ឃើញថា ថ្ងៃមង្គលការ គឺជាថ្ងៃដ៏សំខាន់មួយ របស់ទាំងកូនកំលោះ និងកូនក្រមុំ ដូច្នេះ គេគួរតែតែងខ្លួន ផ្ដល់កិត្តិយសដល់អ្នកឯទៀតខ្លាំងជាងនេះ…តែអ្នកខ្លះ យល់ថា ចង់តែងខ្លួនរបៀបណា ក៏តែងទៅ រឿងសំខាន់បំផុត គឺសេចក្ដីស្រឡាញ់ ដែលទាំង 2នាក់ មានឱ្យគ្នាទៅវិញទៅមក មិនមែនវត្ថុខាងក្រៅ ឬគ្រឿងតុបតែងកាយ ដែលពួកគេស្លៀកនោះទេ។
ការពិតទៅ ពិធីមង្គលការរបស់គេទាំង2 ត្រូវបានរៀបចំឡើង កាលពីអំឡុងចុងឆ្នាំកន្លងទៅ តែទើបនឹងមកល្បីល្បាញ ឱ្យអ្នកលេងអ៊ីនធើណិតទាំងឡាយរិះគន់ ដោយសារតែកំលោះ Nfasis យើង បានផូស្តរូបថតទាំងនោះនៅក្នុងផេចហ្វេសប៊ុក កាលពីថ្ងៃសៅរ៍កន្លងទៅ ទើបធ្វើឱ្យអ្នកបានឃើញទាំងឡាយ នាំគ្នាស៊ែរ ចែករំលែកតគ្នាយ៉ាងច្រើន ដែលពេលនេះ ជីវិតអាពាហ៍ពិពាហ៍របស់ Nfasis និងភរិយា កំពុងតែផ្អែមល្ហែមជាទីបំផុត និងកំពុងមានទារកតូចមួយទៀត ជាខ្សែចំណងមាស ចងបេះដូងអ្នកទាំង២ ទៀតផង។
ប្រភព៖ Facebook
ប្រែសម្រួលដោយ ទិទីតំតាតូ