បន្ទប់គេងមានសារៈសំខាន់ក្នុងជីវិតបំផុត ព្រោះថា ក្នុង 1ថ្ងៃ ដែលមានរយៈពេល 24ម៉ោង យើងបានស្នាក់នៅក្នុងបន្ទប់គេង ប្រមាណជា 1ភាគ3 ឬ 2ភាគ3 នៃរយៈពេលទាំងអស់នោះទៅហើយ គឺដើម្បីគេងសម្រាកយកកម្លាំង ក្រោយពេលបំពេញការងារ អស់ពេញ 1ថ្ងៃរួចមក។
ដូច្នេះបរិយាកាសនៅក្នុងបន្ទប់គេង យើងគួរតែរៀបចំ ឱ្យមានភាពទាក់ទាញ ដើម្បីឱ្យគេងបានលង់លក់ស្រួល រៀងរាល់រាត្រី ឬពេលណាដែលយើងចូលសម្រាក។
អ្នកអាចរៀបចំបរិយាកាសក្នុងបន្ទប់គេង ឱ្យមានទាំងសោភណភាព និងផាសុកភាព តាមពាក្យណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖
អ្នកអាចប្រើក្លិនក្រអូបៗ ដើម្បីជួយឱ្យអារម្មណ៍បានធូរស្រាល ក្នុងនោះមានក្លិនក្រអូបបែបធម្មជាតិ ចេញពីផ្កាស្រស់ (តែគួរចាំទុកថា ត្រូវយកវាចេញភ្លាមៗ ក្រោយពេលដែលវាស្វិតស្រពោន)។ ក្រៅពីនេះ គេអាចប្រើទៀនក្រអូប ប្រេងក្រអូប ឬប្រភេទផ្កាក្រៀមក៏បានដែរ។
ការប្រើក្លិនក្រអូប វាមានប្រសិទ្ធភាពជួយព្យាបាលផ្លូវចិត្ត អាចធ្វើឱ្យផ្លូវចិត្តស្ងប់ស្ងាត់បាន កាត់បន្ថយអារម្មណ៍ធុញថប់តប់ប្រមល់ និងធ្វើឱ្យប្រព័ន្ធឈាមរត់ ដំណើរការបានស្រួលទៀតផង ជាពិសេស ក្លិនផ្កាឡាវេនដឺ ជួយធ្វើឱ្យអ្នកមានអារម្មណ៍ថា ស្រឡះល្អ និងស្រណុកនៅក្នុងអារម្មណ៍បំផុត។ ចំណែកឯប្រភេទប្រេងក្រអូបវិញ ក៏មានប្រយោជន៍មិនចាញ់គ្នាប៉ុន្មានដែរ ព្រោះក្លិនរបស់វា ក្រៅពីជួយសម្រួលអារម្មណ៍ហើយនោះ នៅជួយទាំង Spa នៅក្នុងរាងកាយមនុស្សយើង បានទៀតផង។
ដូច្នេះអាចនិយាយបានថា សុខភាពរបស់លោកអ្នកនឹងរឹងប៉ឹងមាំមួនឡើង ព្រោះតែទទួលទានដំណេកបានលក់ស្កប់ស្កល់ ដោយសារបរិយាកាសនៅក្នុងបន្ទប់គេង ដែលរៀបចំបានល្អ មានក្លិនក្រអូប ធូរស្រាលអារម្មណ៍ គួបផ្សំនឹងឧបករណ៍ដំណេកដ៏មានគុណភាព និងមានអនាម័យល្អទៀតផងនោះ។
តែប៉ុណ្ណឹង លោកអ្នកនឹងលែងមានក្តីព្រួយបារម្ភថា គេងមិនសូវលក់តទៅទៀតហើយ…៕