សហគមន៍អ្នកនិយមលុយឌីជីថល (Cryptocurrency) ក្នុងចំនួនដ៏ច្រើនលើបលុប បានបញ្ចេញលុយថ្មី មានឈ្មោះថា $StopElon ដើម្បីប្រឆាំងនឹងមហាសេដ្ឋី Elon Musk ដែលតែងតែក្រឡុកទីផ្សារ Crypto ធ្វើឱ្យតម្លៃរូបិយបណ្ណឌីជីថល ផ្លាស់ប្ដូរតម្លៃ ឡើង ឬចុះស្រេចតែចិត្ត។
លុយឌីជីថល ដែលផលិតឡើង ដើម្បីប្រឆាំង ដោយការស្អប់លោក Elon Musk មានការគាំទ្រកាន់តែខ្លាំងឡើង ក៏ដូចជាការបញ្ជាក់ផងដែរថា ពួកគេមិនចូលចិត្តមហាសេដ្ឋីរូបនេះកាន់តែខ្លាំងឡើងហើយ។
លុយឌីជីថលថ្មីនេះ មានចេតនាឈប់គាំទ្រ និងចង់កាត់បន្ថយឥទ្ធិពលរបស់ ស្ថាបនិក និងជា CEO ក្រុមហ៊ុន Tesla និង SpaceX ដែលតាំងពីដើមឆ្នាំ2021 មកនេះ សឹងតែគ្រប់សារខ្លីៗលើគណនី Twitter របស់ លោក Elon Musk បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើតម្លៃរបស់ Bitcoin និង Dogecoin ដែលធ្វើឱ្យវាឡើង-ចុះ ដល់ថ្នាក់បំបែកកំណត់ត្រា និងធ្លាក់ថ្លៃយ៉ាងលឿន ដែលមិនធ្លាប់មាន។ $StopElon ទើបតែបង្កើតឡើង កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះឯង នៅលើប្រព័ន្ធ blockchain Binance Smart Chain និងមានតម្លៃមូលធនទីផ្សារជិត 30លានដុល្លារ។
លុយឌីជីថលនេះ ធ្លាប់ឡើងថ្លៃដល់ទៅ 4874% ត្រឹមរយៈពេលតែ 24ម៉ោងប៉ុណ្ណោះ ឡើងពីតម្លៃ ០.០ ០០០ ០19 ដុល្លារ ដល់ទៅ ០.០០០០៩៤៥០ដុល្លារ នេះបើយោងទៅតាម តារាងតម្លៃទីផ្សារ Poocoin៕
ប្រភព៖ interestingengineering