ការរៀបចំហុងស៊ុយមុខផ្ទះ គឺជារឿងមួយ ដែលគួរធ្វើមែនទែន ព្រោះផ្លូវចូលផ្ទះ គឺជាការបើកទទួលយកថាមពល និងរឿងរ៉ាវផ្សេងៗ ចូលមកក្នុងផ្ទះរបស់យើងដោយត្រង់តែម្តង។ ក្នុងការរៀបចំហុងស៊ុយខាងមុខផ្ទះនេះ នឹងជួយលើកជោគជតារាសី ឱ្យមានឱកាសក្នុងរឿងលាភសំណាង និងស្នេហាថែមឡើងទៀត ជាពិសេសអ្នកនៅលីវទាំងឡាយ គួរតែបើកហុងស៊ុយមុខផ្ទះ ដើម្បីទទួលយករឿងរ៉ាវល្អៗ និងមនុស្សល្អៗ ឱ្យចូលមកក្នុងជីវិត។ ដូច្នេះបើអ្នកណាមិនទាន់ដឹងថា តើត្រូវរៀបចំខាងមុខផ្ទះ ឱ្យត្រូវតាមគោលការណ៍ហុងស៊ុយយ៉ាងម៉េចនោះ សូមតាមដានដូចតទៅ។
- សម្អាតភាពគ្មានរបៀប
បរិវេណមុខផ្ទះ គឺជាផ្នែកដំបូង ដែលយើងមើលឃើញ និងអ្វីដែលសំខាន់នោះ គឺវាជាផ្លូវដើរចូលផ្ទះទៀតផង ដូច្នេះមិនគួរមានរបស់របររកេករកាក រាំងស្ទះផ្លូវចូលផ្ទះឡើយ ដើម្បីជាការបើកប្រឡោះឱ្យថាមពលល្អៗ ឆ្លងកាត់ចូលមកបានយ៉ាងងាយស្រួល ហើយបើតាមគោលការណ៍ហុងស៊ុយដែលល្អនោះ គួរតែរៀបចំ ឱ្យបរិវេណខាងមុខផ្ទះ មើលទៅឃើញនៅជិតដិតនឹងធម្មជាតិ ឱ្យបានច្រើនបំផុត ដោយការដាក់ដើមឈើស្លឹកបៃតងខ្ចី តុបតែងនៅមុខមាត់ទ្វារផ្ទះ ដើម្បីបង្កើនភាពសម្បូររុងរឿងក្នុងជីវិត ឬក៏លាបបន្ទះទ្វារដោយពណ៌បៃតង ដើម្បីជួយបង្កើនរឿងទ្រព្យសម្បត្តិលុយកាក់ ឱ្យកាន់តែល្អឡើងផង។
- កម្ចាត់អ្វីដែលស្វិតស្រពោនគ្មានជីវិតចេញ
បើខាងមុខទ្វារផ្ទះរបស់លោកអ្នក មានផើងដែលមានដាំដើមឈើនោះ គួរឧស្សាហ៍កាត់ស្លឹកណាដែលស្វិតៗ ឬស្លឹកណាដែលស្ងួតក្រៀមងាប់ ចេញឱ្យអស់ កុំបណ្តោយឱ្យដើមឈើមានស្លឹកស្វិតក្រៀមស្រពោន ឬស្លឹកដែលងាប់ហើយនៅជាប់លើដើមឈើនោះជាដាច់ខាត ព្រោះតាមគោលការណ៍ហុងស៊ុយ គឺជារឿងមិនល្អឡើយ ព្រោះវាអាចក្លាយជាឧបសគ្គ ដែលនៅចាំរាំងស្ទះសំណាងល្អៗនៅក្នុងជីវិតបាន ដូច្នេះគួរឧស្សាហ៍មើលថែ សម្អាត ឱ្យវាមានភាពស្រស់បស់នៅបរិវេណខាងមុខផ្ទះជាប់ជានិច្ច។
- ដាក់រូបចម្លាក់នៅមុខមាត់ទ្វារ
បរិវេណមុខផ្ទះ គួរមានចំណុច ដែលគួរឱ្យចាប់អារម្មណ៍ ឬចំណុចទាក់ទាញខ្សែភ្នែកខ្លះផង ដែលក្រៅពីការរៀបចំដាក់ផើងផ្កា តាមគោលការណ៍សាមញ្ញៗរបស់ហុងស៊ុយហើយនោះ គួរតែមានរូបចម្លាក់ ដាក់តាំងលម្អនៅខាងមុខទ្វារផ្ទះផង ហើយគួរតែជារូបចម្លាក់ ដែលមានលក្ខណៈជាអ្នកការពារថែរក្សាឃុំគ្រងអ្នកនៅក្នុងផ្ទះ ឱ្យរស់នៅត្រជាក់ត្រជុំ សុខដុមរមនា ដូចជារូបទេវតា រូបសត្វតោ ឬរូបចម្លាក់វត្ថុស័ក្តិសិទ្ធទាំងឡាយ ក៏បានដែរ។
- ផ្លូវចូលផ្ទះត្រូវតែបត់កោង
ផ្លូវចូលផ្ទះបែបត្រង់ៗ នឹងនាំទាំងរឿងល្អ និងរឿងមិនល្អ ចូលមកក្នុងផ្ទះបានយ៉ាងងាយស្រួល តែបើយើងរៀបចំផ្លូវចូលផ្ទះ បែបកោង រាងបត់បន្តិច វានឹងជួយត្រងច្រោះ យកតែរឿងល្អៗចូលមកក្នុងផ្ទះ និងការពាររឿងដែលមិនល្អ មិនឱ្យចូលផ្ទះរបស់យើងបានទៀតផង។ គ្រាន់តែកែសម្រួលផ្លូវចូលផ្ទះ ឱ្យមានភាពកោងបន្តិច ក៏អាចជួយបញ្ចៀសភាពមិនល្អ ចេញពីផ្ទះរបស់យើងបានទៅហើយ។
បើលោកអ្នកមានអារម្មណ៍ថា ជីវិតមានឧបសគ្គ ឬមានរឿងរអាក់រអួលជាញឹកញាប់នោះ ចូរកែសម្រួលហុងស៊ុយផ្ទះ ជាមុនសិនល្អជាង ព្រោះជួនកាល ស្ថានភាពជុំវិញខ្លួន ដែលមិនត្រឹមត្រូវ មិនសមគួរ ក៏អាចជាអ្វីមួយដែលបិទបាំងសំណាង និងរឿងល្អៗ ដែលបម្រុងនឹងចូលមកក្នុងជីវិតរបស់យើងបានដែរ។ ដូច្នេះសូមសាកល្បងរៀបចំកន្លែងរស់នៅ តាមគោលការណ៍ហុងស៊ុយម្តងមើល៍ វាគ្មានអ្វីគួរឱ្យខាតបង់ទេ ដោយចាប់ផ្តើមពីការៀបចំហុងស៊ុយមុខផ្ទះ ដូចដែលបានណែនាំមកខាងលើនោះ ក៏បានដែរ៕