Skip to content

ស្ថាបត្យករ​បរទេស​នឹង​ត្រូវ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ បើ​មិន​អនុវត្ដ​ច្បាប់​របស់​កម្ពុជា

ភ្នំពេញ ដើម្បី​រក្សា​ឱ្យបាន​សណ្ដាប់ធ្នាប់​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​ទប់ស្កាត់​ការហូរចូល​នៃ​ជនបរទេស​ដែលមាន​ជំនាញ​ស្ថាបត្យកម្ម​មក​ធ្វើ​ការងារ​ខុសច្បាប់ ថ្មីៗនេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានដាក់​ចេញ​នូវ​វិធាន​ការចុះ​ត្រួតពិនិត្យ​ដល់​ការដ្ឋាន​សំណង់​ដើម្បី​រក​ជនបរទេស​ទាំង​នោះ​ឱ្យ​អនុវត្ដ​ច្បាប់​របស់​កម្ពុជា។

ឯកឧត្ដម ភឿង សោ​ភ័​ណ្ឌ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បញ្ជាក់ថា៖ «យើង​មិន​ប្រកាន់ពូជសាសន៍​ទេ តែ​ប្រទេសមួយ​ត្រូវមាន​ច្បាប់​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ ដូច្នេះ​ជនបរទេស​ដែល​មក​ប្រកបការងារ​នៅ​ប្រទេស​យើង ពិសេស​ក្នុង​វិស័យ​ស្ថាបត្យកម្ម​សំណង់​ត្រូវតែ​អនុវត្ដ​តាមច្បាប់​របស់​យើង»។

ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ត្រូវបាន​បែងចែក​ជា2 ៖

ទី1 – ស្ថាបត្យកម្ម​ក្របខ័ណ្ឌ​តំបន់​អាស៊ាន​មានន័យថា ស្ថាបត្យករ​កម្ពុជា​ដែល​បាន​ចុះបញ្ជី​នៅ​គណៈ​ស្ថាបត្យកម្ម​កម្ពុជា​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ទាំង10ក្នុង​តំបន់​អាស៊ាន​បាន ដោយ​ប្រទេស​ទាំងអស់នេះ​មាន​កាតព្វកិច្ច​ទទួលស្គាល់​ស្ថាបត្យករ​យើង។ ដូចគ្នានេះដែរ​នៅពេល​ស្ថាបត្យករ​នៃ​ប្រទេស​ទាំង10ក្នុង​តំបន់​អាស៊ាន​នោះបាន​ចុះបញ្ជី​នៅ​ប្រទេស​គេ​រួចហើយ ក៏​នឹង​អាចមក​ធ្វើ​ការងារ​ក្នុង​វិស័យនេះ​នៅ​កម្ពុជា​ដោយ​ស្របច្បាប់​បានដែរ។

ទី2 – ស្ថាបត្យករ​បទេស​ដែល​មិន​ស្ថិតនៅ​ក្នុងប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ដែល​មក​បំពេញការងារ​នៅ​ប្រទេស​កម្ពុជា ដូចជា​មកពី​ប្រទេស​ជប៉ុន កូរ៉េ ចិន ជាដើម​គាត់​ត្រូវតែ​មក​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា។

រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ដថា ថ្មីៗនេះ​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បាន​ចាត់​ឱ្យមាន​ការជួបប្រជុំ​ជាមួយ​គណៈ​ស្ថាបត្យករ និង​វិស្វករ​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​ដូច្នេះ​យើង​ត្រូវ​ចុះ​អនុវត្ដ និង​ធ្វើ​ការណែនាំ​ស្ថាបត្យករ​ជា​ជនបរទេស​ទាំងនោះ​ឱ្យមក​ចុះបញ្ជី​តាមច្បាប់​របស់​ប្រទេស​កម្ពុជា។

ឯកឧត្ដម ភឿង សោ​ភ័​ណ្ឌ សង្កត់ធ្ងន់ថា៖« ក្នុងករណី​គាត់​មិន​ព្រម​អនុវត្ដ​តាមច្បាប់​ទេ យើង​នឹងធ្វើ​ការងារ​ជាមួយ​ក្រសួងការបរទេស​ជា​លក្ខណៈ​ការទូត​ដោយ​ធ្វើលិខិត​ជូនទៅ​ស្ថានទូត​របស់គាត់ ដើម្បីឱ្យ​បញ្ជូន​គាត់​ទៅ​ប្រទេស​របស់គាត់​វិញ»។

ការ​អនុវត្ដ​បែបនេះ​ត្រូវបាន​គេ​មើលឃើញថា ដើម្បី​ពង្រឹង​នីតិវិធី​គ្រប់គ្រង​ក៏ដូចជា​ផ្ដល់ឱកាស​ការងារ​ដល់​ស្ថាបត្យករ និង​វិស្វករ​កម្ពុជា​ដែល​ទើប​ចេញពី​សាលា​ឱ្យមាន​ការងារ​ធ្វើ ព្រោះ​ក្នុងករណី​ពុំ​សូវ​មាន​ជនបរទេស​មក​ធ្វើការ​ងារ​នៅ​កម្ពុជា​លើ​ផ្នែក​នេះ​វា​ជា​ឱកាស​របស់​និស្សិត​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *