
ស្ត្រីជាភរិយាទាំងឡាយ ដែលនៅផ្ទះ ធ្វើជាមេផ្ទះ ចិញ្ចឹមមើលថែកូន នឹងឆ្លើយថា យ៉ាងណាដែរ នៅពេលមានគេសួរអ្នកថា ធ្វើជាមេផ្ទះ តើអ្នកបានធ្វើអ្វីខ្លះ?
មនុស្សភាគច្រើន ច្រើនតែមើលឃើញថា ស្ត្រីជាមេផ្ទះ ដែលមិនបានចេញទៅធ្វើការនៅក្រៅផ្ទះនោះ ច្រើនតែរស់នៅស្រួល សប្បាយ មិនពិបាក មិនចាំបាច់គិតអ្វីច្រើន មិនចាំបាច់ត្រូវលីសែងបន្ទុក ទទួលខុសត្រូវ ឬតានតឹង ធុញថប់រឿងការងារឡើយ។
បទសន្ទនា ដែលលោកអ្នកនឹងបានអានតទៅនេះ ជារឿងរ៉ាវរបស់ស្វាមីម្នាក់ ដែលបានទៅជួបគ្រូពេទ្យចិត្តវិទ្យា ដើម្បីពិភាក្សារឿងប្រក្រតីទូទៅ ដែលវានឹងធ្វើឱ្យយើងមើលឃើញ ពីតួនាទីរបស់មនុស្ស ដែលជាភរិយា ជាស្ត្រីមេផ្ទះ បានយ៉ាងច្បាស់ថា តើក្នុង 1ថ្ងៃៗ ដែលអ្នកដទៃចូលចិត្តគិតថា ធ្វើជាស្ត្រីមេផ្ទះ នៅតែផ្ទះ ហើយស្រួលសប្បាយនោះ ការពិតវិញ 1ថ្ងៃៗ ភរិយាត្រូវធ្វើអ្វីខ្លះ?

សំណួរ ៖ តើលោកធ្វើការអ្វីដែរ នៅពេលនេះ?
ស្វាមី ៖ បាទ ខ្ញុំជាអ្នកធ្វើបញ្ជី នៅក្នុងធនាគារមួយ
សំណួរ ៖ ចុះភរិយាលោក?
ស្វាមី ៖ នាងមិនបានធ្វើការងារអ្វីទេ នាងជាស្ត្រីមេផ្ទះ
សំណួរ ៖ តើនរណាជាអ្នកធ្វើអាហារពេលព្រឹក និងការងារផ្ទះឱ្យលោក?
ស្វាមី ៖ ភរិយាខ្ញុំងើបឡើង ធ្វើអាហារពេលព្រឹក ព្រោះនាងមិនបានទៅធ្វើការ មិនចាំបាច់ប្រញាប់ចេញទៅណាទេ
សំណួរ ៖ ភរិយាលោកភ្ញាក់នៅម៉ោងប៉ុន្មានដែរ?
ស្វាមី ៖ មិនប្រាកដដែរ តែនាងងើបពីព្រឹកខ្លាំងណាស់ ព្រោះនាងត្រូវបោសជូតសម្អាតផ្ទះ ធ្វើអាហារពេលព្រឹកឱ្យខ្ញុំ និងកូនៗអាចរួមទាំងអាហារពេលថ្ងៃត្រង់ទៀតផង រួចត្រៀមសម្លៀកបំពាក់ ដុសធ្មេញ រៀបចំក្រណាត់កន្ទប របស់ប្រើប្រាស់ផ្សេងៗសម្រាប់កូនៗ និងឱ្យកូនញ៉ាំអាហារពេលព្រឹកឱ្យរួចរាល់…
សំណួរ ៖ ចុះកូនៗលោក ទៅរៀនយ៉ាងម៉េចដែរ?
ស្វាមី ៖ ភរិយារបស់ខ្ញុំ ជាអ្នកនាំកូនទៅសាលារៀន ព្រោះនាងមិនបានធ្វើការងារអីទេ
សំណួរ ៖ ក្រោយពីនាងនាំកូនទៅសាលារៀនហើយ តើនាងធ្វើអ្វីតទៀត?
ស្វាមី ៖ ជាប្រក្រតី នាងនឹងឆៀងទៅផ្សារទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ រួចត្រឡប់ទៅ រៀបចំសម្អាតផ្ទះម្ដងទៀត នាងប្រមូលទុកដាក់របស់របរប្រើប្រាស់របស់កូន ហើយបោកគក់សម្លៀកបំពាក់ អ៊ុតទុកដាក់ និងត្រៀមអាហារពេលល្ងាច…លោកដឹងហើយតើ ថានាងមិនបានធ្វើការងារអីទេ…
សំណួរ ៖ បន្ទាប់ពីចេញពីធ្វើការពេលល្ងាច តើលោកធ្វើអ្វី?
ស្វាមី ៖ ខ្ញុំហត់មកពេញ 1ថ្ងៃ ក្រោយពេលមកពីធ្វើការ ខ្ញុំធ្វើអ្វីទៀតក៏មិនរួចដែរ…
សំណួរ ៖ តើភរិយារបស់លោកធ្វើអ្វីនៅពេលល្ងាច និងពេលព្រលប់?
ស្វាមី ៖ នាងធ្វើអាហារពេលល្ងាចឱ្យខ្ញុំ និងកូនៗ រួចហើយរៀបចំលាងសម្អាតទុកដាក់ បង្រៀនកិច្ចការផ្ទះកូន ងូតទឹកឱ្យកូន រួចរៀបចំត្រៀមឱ្យកូនចូលគេង…ខ្ញុំ និងកូន ត្រូវការសម្រាក និងចូលគេង តែនាងមិនចាំបាច់ប្រញាប់ចូលគេងទេ ព្រោះនាងមិនមានត្រូវចេញទៅធ្វើការងារអ្វីទេ…
ក្រោយពីបញ្ចប់បទសន្ទនា យើងអាចសរុបបានថា នេះជាកិច្ចការងារប្រចាំថ្ងៃរបស់ស្ត្រីជាច្រើននាក់ ដែលមិនបានចេញទៅធ្វើការនៅក្រៅផ្ទះ តែជ្រើសរើសនៅផ្ទះ ដើម្បីចិញ្ចឹមមើលថែកូន ស្វាមី និងថែទាំផ្ទះ។ លោកអ្នកនឹងមើលឃើញថា នាងត្រូវងើបពីដំណេក តាំងពីព្រឹកព្រលឹម និងចូលគេងយប់ជ្រៅ(ក្រោយគេ) ដើម្បីឱ្យអ្វីគ្រប់យ៉ាងក្នុងផ្ទះស្អាតបាតរៀបរយ…បែបនេះឬ ដែលហៅថា មិនបានធ្វើការងារអ្វី?។
ពាក្យថា “មេផ្ទះ” ធ្ងន់ធ្ងរណាស់ សម្រាប់មនុស្សជាស្ត្រី ជាភរិយា និងជាម្ដាយ ព្រោះនាងត្រូវធ្វើការងារស្ទើរតែពេញ 24ម៉ោងក្នុង 1ថ្ងៃ ដោយមិនមានប្រាក់ខែ មិនមានសញ្ញាបត្រ មិនមានបណ្ណសរសើរ តែមានតួនាទីសំខាន់ខ្លាំងណាស់ជាមួយគ្រួសារ។ សរុបងាយៗ ភរិយា ឬម្ដាយ គឺសឹងតែជាអ្វីៗគ្រប់យ៉ាង ៈ
- ត្រូវធ្វើការរាល់ថ្ងៃ(គ្មានសៅរ៍-អាទិត្យ)
- ជាម្ដាយ(មើលថែទាំកូន)
- ជាអ្នកបម្រើ(ក្នុងផ្ទះ)
- ជាចុងភៅ(ក្នុងគ្រួសារ)
- ជាអ្នកមើលថែក្មេង
- ជាអ្នកគ្រូបង្រៀន
- ជាអ្នកគ្រូពេទ្យ
- ជាទីប្រឹក្សា
- ជាសន្តិសុខ ការពារសុវត្ថិភាព
- គ្មានថ្ងៃឈប់សម្រាក
- និងគ្មានប្រាក់ខែ…
ជាទីបញ្ចប់ អ្នកគ្រូ ឆវី ចង់ជម្រាបថា ស្ត្រីមេផ្ទះចិញ្ចឹមមើលថែកូន និងស្វាមី ជាអាជីពដែលហត់នឿយខ្លាំង និងត្រូវលះបង់ច្រើនណាស់។ ចង់លាឈប់ ក៏មិនបាន និងច្រើនតែមិនសូវមានអ្នកយល់ចិត្ត និងដឹងពីតួនាទីរបស់មនុស្សជាម្ដាយ និងមិនសូវផ្ដល់ភាពសំខាន់ចំពោះរឿងនេះប៉ុន្មានឡើយ…តែយ៉ាងហោចណាស់ ក៏មានស្ត្រីជាម្ដាយច្រើននាក់ណាស់ ដែលចិញ្ចឹមកូនដោយខ្លួនឯងនៅផ្ទះ ដែលយល់ច្បាស់អំពីរឿងនេះ មែនទេ…ស្ត្រីមេផ្ទះទាំងឡាយ?៕
