ការរៀបចំបន្ទប់គេងសម្រាប់ក្មេង ត្រូវនឹកដល់វ័យរបស់កូនជារឿងសំខាន់មុនគេ ដូចជាបន្ទប់សម្រាប់កូនតូច គួរតែនៅជាប់នឹងបន្ទប់របស់ឪពុកម្តាយជានិច្ច ហើយបើធំ ឬដឹងក្តីឡើងបន្តិច អាចនៅដាច់តែឯងបាន តែគួរសម្រួលប្រយោជន៍ការប្រើប្រាស់ផ្សេងៗនៅខាងក្នុងបន្ទប់ ឱ្យមានដូចជា ទូថ្នាក់ដាក់សៀវភៅ ឬតុសម្រាប់អង្គុយរៀនជាដើម។
ខាងក្រោមនេះគឺជាគន្លឹះត្រួសៗ ក្នុងការរៀបចំបន្ទប់គេងរបស់កូន៖
1. ការជ្រើសរើសពណ៌ដែលប្រើសម្រាប់លាបបន្ទប់គេងរបស់កូន គួរប្រើថ្នាំទឹកទើបស័ក្តិសមបំផុត ដោយសារតែវាគ្មានការលាយផ្សំរបស់សារធាតុគីមី ដែលនាំឱ្យមានបញ្ហាដល់ការប៉ះពាល់របស់ក្មេងៗ។
2. បើកូនធំល្មម អាចស្គាល់ និងចេះជ្រើសរើសពណ៌បានហើយនោះ ចូរអនុញ្ញាតឱ្យគេ មានឱកាសជ្រើសរើសពណ៌បន្ទប់គេងរបស់គេដោយខ្លួនឯង ព្រោះនឹងធ្វើឱ្យគេមានអារម្មណ៍ថា មានមោទនភាពដែលបានធ្វើជាម្ចាស់បន្ទប់ និងមានឱកាសបានប្រើគំនិតច្នៃប្រឌិតទៀតផង។
3. ការប្រើប្រាស់បន្ទះទ្វារ គួរប្រើទ្វារបែបធម្មតា គ្មានរ៉ឺស័ររុញ ដើម្បីការពារការកៀបដៃកូនដោយការចៃដន្យណាមួយ។
4. សម្រាប់ក្មេងតូច ទូដាក់ខោអាវបែបថតៗ នឹងស័ក្តិសមល្អជាងទូ ដែលមានទ្វាបិទបើក ព្រោះមានរបស់បត់ទុកដាក់ ច្រើនជាងរបស់ដែលត្រូវព្យួរ។
5. ពន្លឺ គួរប្រើប្រាស់ប្រព័ន្ធភ្លើង ដែលអាចបន្ថយពន្លឺបាន និងមានចង្កៀងគោមនៅលើតុរៀនផង។
6. តុបតែងបន្ថែមភាពគួរឱ្យស្រឡាញ់ ដោយក្រដាស់បទជញ្ជាំង វ៉លផេភើរ៍ ស្អាតៗ ពណ៌ស្រស់ៗ ដើម្បី បង្កើនភាពស្រស់ស្រាយដល់បន្ទប់។
7. សៀវភៅអាន និងរូបភាពស្អាតៗ ក៏ជួយតុបតែងបន្ទប់ឱ្យមើលទៅគួរឱ្យចង់ស្នាក់នៅដែរ និងថែមទាំងជួយឱ្យកូនរបស់អ្នកចាប់អារម្មណ៍ប្រើគំនិតច្នៃប្រឌិតជាមួយវាបានទៀតផង៕