ក្រោយចាប់ផ្ដើមប្រតិបត្តិការតាំងពីឆ្នាំ 2008 ក្នុងប្រទេសកម្ពុជា លើដើមទុនប្រតិបត្តិការអស់ជាង 967 លានដុល្លារមក ក្រុមហ៊ុន Smart បានបង្ហាញនូវសសរស្តម្ភចំនួន 4 ដែលធ្វើឱ្យខ្លួនមានភាពរឹងមាំ និងមានភាពរីកចម្រើនរហ័សក្នុងទីផ្សារដែលពេញដោយការប្រកួតប្រជែងមួយនេះ។
នៅក្នុងរបាយការណ៍ស្តីពីនិរន្តរភាពឆ្នាំ 2015-2016 លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានឱ្យដឹងថា មានហេតុផលជាច្រើនដែលធ្វើឱ្យក្រុមហ៊ុនមួយនេះអាចឈរជើងបានយ៉ាងល្អក្នុងទីផ្សារដែលពេញដោយការប្រកួតប្រជែង។ ប៉ុន្ដែមានរឿងតែ 4 ប៉ុណ្ណោះ ដែលជួយឱ្យ Smart រឹងមាំ ដោយធ្វើឡើងស្របតាមក្របខ័ណ្ឌរៀបរៀងរបស់ក្រុមហ៊ុន Axiata និងអនុលោមតាមគោលការណ៍ណែនាំ G4 របស់ស្ថាប័ន Global Reporting Initiative (GRI-G4) ។ ការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់ក្រុមហ៊ុន ធ្វើឡើងស្របតាមវិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គមក្រោមសសរស្តម្ភនិរន្តរភាពគន្លឺះចំនួន 4 គឺ៖
- សសរទី 1៖ លើសពីប្រាក់ចំណេញរយៈពេលខ្លីៈ ការបង្កើតគុណតម្លៃរយៈពេលវែងតាមរយៈការវិនិយោគរបស់Smart ក៏ដូចជាការធានាឱ្យបាននូវការរួមបញ្ជូលជាច្រើនទៀតដែរទៅក្នុងផលិតផល និងសេវាកម្មរបស់ពួកយើង។
- សសរទី 2៖ ការកសាងធនធានមនុស្ស: ជាការបណ្តុះបណ្តាលធនធានមនុស្សលំដាប់ពិភពលោក ដែលបង្កើតឡើងលើគុណតម្លៃស្នូលរបស់ Axiata ព្រមទាំងផ្តល់កន្លែងធ្វើការដែលអំណោយផលចំពោះភាពច្នៃប្រឌិត និងការអភិវឌ្ឍ។
- សសរទី 3៖ ដំណើរការល្អឥតខ្ចោះ: ការកែលម្អលើដំណើរការដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបម្រើអតិថិជនរបស់យើង និងប្រតិបត្ដិការផ្ទៃក្នុងរបស់ក្រុមហ៊ុន។
- សសរទី 4៖ ពិភពលោក និងសង្គម: ការផ្តួចផ្តើមគម្រោងក្នុងបំណងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានរបស់យើង និងការរួមចំណែកការងារសង្គមកម្ពុជា។
នៅឆ្នាំ 2015 និង 2016 ក្រុមហ៊ុនបានចំណាយទុនវិនិយោគសរុបចំនួន 140 លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួន។ ក្រុមហ៊ុនបង្កើតការងារដល់មនុស្សចំនួន 40,656 នាក់នៅប្រទេសកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនបានជួលបុគ្គលិកឱ្យបម្រើការងារដោយផ្ទាល់ចំនួន 1,047 នាក់ ក្នុងនោះ 98% ជាជនជាតិខ្មែរ និងមាន 37% ជាស្ត្រី ។ Smart បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទេពកោសល្យ ការអភិវឌ្ឍខ្លួន និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិក តាមរយៈការបង្កើតបរិយាកាសការងារអំណោយផល មានកម្មវិធីបណ្តុះបណ្តាល ការហ្វឹកហ្វឺន និងការផ្តល់រង្វាន់ដល់បុគ្គលិកឆ្នើមទៀតផង ។
ក្រៅពីផ្តោតលើអាជីវកម្មស្នូលរបស់ខ្លួន ក្រុមហ៊ុនក៏បានផ្តួចផ្តើម និងឧបត្ថម្ភកម្មវិធី គម្រោង និងព្រឹត្តិការណ៍ការងារសង្គមជាច្រើន ដោយផ្តោតលើវិស័យសំខាន់ 3 គឺ ការអប់រំ បរិស្ថានបៃតង និងកីឡាសហគមន៍។ ក្រុមហ៊ុនបានឈ្នះពានរង្វាន់ “ក្រុមហ៊ុនដែលមានភាពទទួលខុសត្រូវសង្គមល្អជាងគេ” ពីស្ថាប័ន Global Banking និង Finance Review សម្រាប់រយៈពេល3ឆ្នាំជាប់ៗគ្នាគឺ 2015 2016 និង 2017 ដោយសារបានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើននៅកម្ពុជា។ យុទ្ធនាការលើកកម្ពស់អក្ខរកម្មជាតិ ដែលគាំទ្រដោយក្រុមហ៊ុន Smart ក៏បានទទួលស្គាល់ដោយ TelecomAsia ថា ជាគម្រោងសហគមន៍ល្អបំផុតប្រចាំឆ្នាំ 2016 ផងដែរ។
នាយកប្រតិបត្តិខាងលើបញ្ជាក់ថា ក្នុងឆ្នាំ 2016 ក្រុមហ៊ុន Smart បានចូលរួមចំណែកទឹកប្រាក់ 313 លានដុល្លារ ចូលសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា។ ចំនួនទឹកប្រាក់នេះគឺស្មើនឹង 1,6% នៃផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសកម្ពុជា ដែលមានប្រភពចេញពីក្រុមហ៊ុនតែមួយប៉ុណ្ណោះ ។ ក្រុមហ៊ុន Smart ក៏បានបង់ពន្ធថ្លៃសេវាឯកសារ និងថ្លៃសេវាផ្សេងៗ សរុបចំនួន 65 លានដុល្លារផងដែរ ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាអ្នកបង់ពន្ធធំជាងគេមួយនៅកម្ពុជា ដែលប្រាក់ចំណូលពន្ធនេះស្មើនឹង 3,6 % នៃចំណូលពន្ធជាតិសរុបកាលពីឆ្នាំមុន គឺបានពីក្រុមហ៊ុន Smart ។ នេះគឺជាភ័ស្តុតាងច្បាស់ដែលបង្ហាញថា ក្រុមហ៊ុន Smart តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើការទទួលខុសត្រូវពន្ធដាររបស់យើង និងជាអ្វីដែលអតិថិជន ដៃគូ ភាគីពាក់ព័ន្ធ និងភាគហ៊ុនិករបស់យើងគប្បីមានមោទនភាព៕