1-រឿងនិទាន ជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត…ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ជនជាតិបរទេស ក៏មានរឿងនិទានអប់រំ “អ៊ីសុប”(រឿងនិទានបែបអប់រំប្រៀនប្រដៅ)តាំងពីជាង 3ពាន់ឆ្នាំមកហើយ ឯជនជាតិខ្មែរយើង ក៏មានរឿងព្រេងនិទានចាស់ៗ ដែលអប់រំប្រៀនប្រដៅពីសីលធម៌ជាច្រើន ដូចគ្នាដែរ។
2-រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន…ដូចជារឿង រាជសីហ៏ និងសត្វកណ្តុរ ជាដើម គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងចូលចិត្តប្រដៅក្មេងៗថា មនុស្សមាឌធំ ត្រូវចេះជួយមនុស្សមាឌតូច អ្នកមានច្រើនជាង ត្រូវជួយអ្នកមានតិចជាង តែរឿងនេះបានប្រៀនប្រដៅថា មនុស្សមាឌតូច ក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំ ក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។
3-រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត…មិនមែនគ្រាន់តែជាការស្រមៃ មិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំ តភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំ អាចចូលទៅនៅក្នុងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។
4-រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា…ត្រូវតែធ្វើជាមនុស្សរឹងប៉ឹង ត្រូវធ្វើជាអ្នកនាំមុខក្នុងការដឹកនាំជីវិតខ្លួនឯង និងអ្នកឯទៀត ឆ្ពោះទៅរកជីវិតដែលល្អប្រសើរឡើង ដូចជារឿង ខ្លាឃ្មុំឈឺធ្មេញ បានបង្រៀនយើងឱ្យដឹងថា បើបរិភោគអាហារដែលមានប្រយោជន៏ នឹងធ្វើឱ្យមានសុខភាពល្អ ឬដូចជារឿង “កូនដំរីចិត្តល្អ” បានបង្រៀនក្មេងឱ្យដឹងថា បើយើងជាក្មេងខូចខិលអាក្រក់ យើងនឹងគ្មានមិត្តភក្តិឡើយ។ សរុបទៅរឿងនិទានទាំងអស់ សុទ្ធតែបង្រៀនអំពីសីលធម៌ និងចរិយាធម៌។
5-រឿងនិទានខ្លះ និយាយពីរឿងវប្បធម៌ និងការរស់នៅ…ជាការបើកចំហពិភពនៃការរៀនយល់ដឹងដល់កុមារ ធ្វើឱ្យកុមារដឹងថា នៅទីណា គេមានវប្បធម៌រស់នៅ របៀបម៉េច?
6-ឧទាហរណ៏នៃរឿង “ទន្សាយផ្អើលផ្លែព្នៅ”…សង្គមបច្ចុប្បន្ន ជាសង្គមផ្អើលផ្លែព្នៅ មិនបានទៅមើលចំណុចកើតហេតុថា តើវាមានរឿងអ្វីកើតឡើងនោះទេ តែរត់ទៅមុនសិន ផ្អើលទៅមុនសិន រងគ្រោះមុនសិន រួចបានមកប្រាប់គ្នាតាមក្រោយ។ រឿងនេះ វាស្ថិតនៅលើយើង អាចយកឧត្តមគតិរបស់រឿង មកប្រៀនប្រដៅក្មេង បានឬក៏អត់?
7-រឿងនិទានសាងសម្ព័ន្ធភាពនៅក្នុងក្រុមគ្រួសារ…ទោះជាការប្រាស្រ័យទាក់ទងគ្នានៅក្នុងជីវឹតប្រចាំថ្ងៃ បានសាងនូវសម្ព័ន្ធភាពដ៏ល្អបានមួយកម្រិតហើយមែន តែបើយើងនៅមានសាច់រឿង ដែលស្តាប់ទៅរីករាយ មានពាក្យពីរោះៗ ដែលវានឹងអូសទាញចិត្តកុមារ ក្នុងការស្តាប់ និងជក់ចិត្តកាន់តែខ្លាំងឡើងទៀត។
8-ឧបមាថា អ្នកម្តាយម្នាក់មានរឿងនិទាន “អ៊ីសុប” នៅក្នុងចិត្ត…គាត់នឹងបង្រៀនកូនបានគ្រប់រឿងថា តើត្រូវរស់នៅយ៉ាងម៉េច? ត្រូវធ្វើខ្លួនយ៉ាងម៉េចឱ្យមានវិន័យ? គឺអាចនិយាយរឿងនិទានបានជារឿយៗ មិនចាំបាច់អង្គុយប្រដៅ ម្តងមួយដំណាក់កាលឡើយ។
9-ពេលនិយាយរឿងនិទាន កូននឹងនៅនែបនិត្យ ជិតអ្នកម្តាយ…មុនពេលគេង គឺជាអំឡុងពេលដ៏អស្ចារ្យណាស់ ព្រោះជាពេលវេលាសប្បាយៗ ម្តាយបាននិយាយជាមួយកូន និទានរឿង ចាប់ដៃកូន អោបកូនខណៈពេលនិទានរឿង ហើយកូននឹងបានដឹងថា សេចក្តីស្រឡាញ់ ដែលម្តាយផ្តល់ឱ្យនោះ វាយ៉ាងម៉េចទៀតផង។
10-ការនិយាយរឿងនិទាន គឺជាការសាងសម្ព័ន្ធភាពដ៏ល្អមួយនៅក្នុងក្រុមគ្រួសារ…ជាការចំណាយតិច តែបានទទួលផលប្រយោជន៏ខាងបញ្ញាច្រើនណាស់ ដូច្នេះលោកឪពុក-អ្នកម្តាយ គួរចំណាយពេលនិទានរឿងឱ្យកូនស្តាប់ ព្រោះអ្វីដែលទទួលបាននោះ វាច្រើនលើសលប់អស្ចារ្យណាស់ ៕