Rocket Lab គឺជាក្រុមហ៊ុនឯកជនមួយ របស់សហរដ្ឋអាមេរិក ដែលមានជំនាញខាងផលិតយានអវកាស និងមានទទួលផ្តល់សេវាកម្មបង្ហោះផ្កាយរណបធុនតូច ទៅដាក់ក្នុងគន្លងតារាវិថីរយៈកម្ពស់ទាប។
ក្រុមហ៊ុនមួយនេះ ត្រូវបានសារព័ត៌មានបរទេសនានាចុះផ្សាយ អំពីការបរាជ័យក្នុងបេសកកម្មបាញ់បង្ហោះគ្រាប់រ៉ុក្កែត Electron របស់ខ្លួន ដើម្បីនាំយកផ្កាយរណបចំនួន 2គ្រឿង ទៅដាក់ក្នុងគន្លងតារាវិថី ឱ្យក្រុមហ៊ុនអ៊ីនធើណិត Blacksky កាលពីថ្ងៃសៅរ៍ ទី15 ឧសភា 2021 ចុងសប្ដាហ៍មុន បន្ទាប់ពីគ្រាប់រ៉ុក្កែតនោះ ត្រូវបានបាញ់បង្ហោះ ចេញពីកោះមួយនៅប្រទេសនីវហ្ស៊ីលែនដ៍។
នៅក្នុងវីដេអូ កំពុងបំពេញបេសកកម្ម បានបង្ហាញយ៉ាងច្បាស់ថា ក្នុងថេរវេលាត្រឹមតែជាង 3នាទី គ្រាប់រ៉ុក្កែត រត់ដល់ល្បឿនជាង 7ពាន់គីឡូម៉ែត្រក្នុង1ម៉ោង ព្រមទាំងបានដំណើការ ដល់ដំណាក់កាលទី2 គឺការផ្តាច់ចេញនូវបំណែក(Load) ដំបូងរបស់វា ភ្លាមៗនោះក្រុមការងាររបស់ Rocket Lab ស្រាប់តែលែងឮសំឡេងឈឹង និងលែងអាចបញ្ជាការទំនាក់ទំនងពីគ្រាប់រ៉ុក្កែត Electron បានទាំងស្រុងតែម្ដង។ គ្រាប់រ៉ុក្កែតនោះ បានធ្លាក់ចូលទឹកសមុទ្រ តែមិនបង្កឱ្យខូចខាតសម្ភារ និងប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ។
យ៉ាងណាមិញ បន្ទាប់ពីបរាជ័យដ៏ធំនេះ Rocket Lab បានបង្ហោះសារ សុំទោសជាសាធារណៈលើបណ្ដាញសង្គម Twitter ថា៖ «ម៉ាស៊ីនរបស់រ៉ុក្កែត Electron លែងដំណើរភ្លាមៗ ក្រោយពីវាបានផ្តាច់នូវបំណែកLoad ដំបូងរបស់វារួច ហេតុដូចនេះ វាមិនបាននាំយកផ្កាយរណប ទៅដាក់ក្នុងគន្លងតារាវិថីបានឡើយ»៕