កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Motorola កំពុងធ្វើការជាមួយ GuRu ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែ និងសាកថ្មដោយមិនចាំបាច់ប៉ះឧបករណ៍ផ្ទាល់ទៀតផង និយាយឱ្យងាយស្ដាប់ គឺសាកថ្មក្នុងលម្ហ ក្នុងរយៈចម្ងាយឆ្ងាយជាង 1ម៉ែត្រ។
GuRu Wireless Inc.គឺជាក្រុមហ៊ុន Innovation មួយបង្កើតឡើងនៅឆ្នាំ2017 មានជំនាញខាងបច្ចេកវិទ្យាឥតខ្សែ។ ក្រុមវិស្វកររបស់ពួកគេអាចផលិតបានឧបករណ៍ និងរកឃើញពីរបៀបធ្វើឱ្យឧបករណ៍ទាំងនោះមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ទៀតផង។
អ្នកតំណាងរបស់ GuRu បានអះអាងថា បច្ចេកវិទ្យារបស់ពួកគេ RF Lensing technology មានលទ្ធភាពអាចធ្វើឱ្យឧបករណ៍ក្នុងចម្ងាយ 9ម៉ែត្រ អាចបញ្ជូនថាមពលថ្ម ទៅកាន់ឧបករណ៍ដទៃដោយប្រើបច្ចេកវិទ្យា mmWave។
បច្ចេកវិទ្យានេះ ក្រៅពីប្រើសម្រាប់សាកថ្មទៅកាន់ស្មាតហ្វូនហើយ ក៏អាចប្រើ ដើម្បីផ្គត់ផ្គង់ថាមពលទៅកាន់ទូរទស្សន៍ ដែលជាឧបករណ៍មិនប្រើថាមពលថ្មបានផងផែរ។ ចំពោះការប្រើប្រាស់វិញ វាមានភាពងាយស្រួលណាស់ ដោយគ្រាន់តែបំពាក់វាលើពិតាន រីឯការចែកចាយថាមពលថ្ម គឺដូចនឹងស្មាតហ្វូន ដែលចាប់យកសេវា Wi-Fi ដូច្នោះដែរ។ ទោះយ៉ាងណា Motorola និង GuRu មិនបានបញ្ជាក់ថា បច្ចេកវិទ្យានេះនឹងត្រូវបញ្ចេញទៅកាន់ទីផ្សារនៅពេលណានៅឡើយទេ។ ប៉ុន្ដែអ្នកជំនាញឌីជីថលបានព្យាករថា អ្នកប្រើប្រាស់ប្រហែលជាត្រូវរង់ចាំយ៉ាងហោចណាស់ 2 ទៅ 3ឆ្នាំទៀត មុនការស្រាវជ្រាវផលិតត្រូវបញ្ចប់។
បច្ចេកវិទ្យាសាកថ្មឥតខ្សែ ត្រូវបានគេសង្កេតឃើញមានលើនៅលើទីផ្សារ រយៈពេល 2-3ឆ្នាំមកហើយ ប៉ុន្តែវាមិនទាន់ងាយស្រួល 100%នៅឡើយ ដោយសារតែការសាកថ្មឥតខ្សែ នៅតែត្រូវការខ្សែ និងឧបករណ៍ភ្ជាប់ទៅកាន់ស្មាតហ្វូនដដែល វាមិនអាចសាកថ្មពីចម្ងាយបានទេ។
កន្លងមក ក៏ធ្លាប់មានក្រុមហ៊ុនផ្សេងៗ បានបង្ហាញមហិច្ឆតាផលិតវាដែរ ដូចជា Xiaomi ប្រកាស Mi Air Charge កាលពីខែមករា និង Oppo ប្រកាស Wireless Air Charging កាលពីខែកុម្ភៈ ប៉ុន្ដែមិនមានក្រុមហ៊ុនណាមួយ បញ្ចេញវាមកកាន់ទីផ្សារនៅឡើយទេ៕