Skip to content

កសិករ​ថា ការដាំស្លឹក​ខ្ទឹម​បាន​ថ្លៃ​ខ្ពស់ និង​ឆាប់​ទទួលបាន​ផល​ជាង​ដំណាំ​ដទៃ

កសិករ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​ដែល​ប្រកប​របរ​ដាំ​ខ្ទឹម​បាន​និយាយ​ទាំង​ទឹកមុខ​រីករាយ ដោយហេតុថា ចំណាយ​ដី​ដាំ​ខ្ទឹម1ហិកតា​បាន​ផល​ខ្ពស់ជាង​ដំណាំ​ដទៃ ដែល​អាច​លក់​ចេញ​បាន​ប្រាក់​ច្រើន​រហូតដល់​ជាង30 ទៅ40លាន​រៀល​ក្នុង​មួយលើកៗហើយ​ចំណាយពេល​ដាំ​តែ1ខែ5ថ្ងៃ​ប៉ុណ្ណោះ។

អ្នកស្រី ថូ រី កសិករ​ដាំ​ខ្ទឹម​នៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង បានឱ្យដឹងថា អ្នកស្រី​មាន​ផ្ទៃដី​ប្រមាណ​ជា 50អា ដែលជា​ទូទៅ​គេ​ត្រូវ​ប្រើ​ពូជ​អស់​ជាង 600គីឡូក្រាម​ហើយ​ពេល​ទទួល​ទិន្នផល​មកវិញ​គឺ​បាន​ចន្លោះ​ពី​ជាង 3ទៅ4តោន​ឯណោះ។ កសិករ​ខាងលើ​ដដែល​បន្តថា ឆ្នាំនេះ គឺ​ហាក់បីដូច​អំណោយផល​ល្អ​សម្រាប់​ដំណាំ​ខ្ទឹម ឯ​តម្លៃ​នោះ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​ឆ្នាំ​កន្លងទៅ​ដែរ។ កាលពី​រដូវ​ទឹកសម្រក​ខ្ទឹម​បាន​តម្លៃ​ប្រមាណ​ពី 2000ទៅ2500រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​បច្ចុប្បន្ន​ខ្ទឹម​បាន​ថ្លៃ​ខ្ពស់​ចន្លោះ​ពី 3500ទៅ4000រៀល​ក្នុង​មួយ​គីឡូ​ដែល​នេះ​សម្រាប់​ខ្ទឹម​ទើប​ដកចេញ​ពី​ដីភ្លាមៗ តែបើ​ដក​ហើយ​បកសំបក​ស្អាត​ផង​នោះ គឺ​បាន​តម្លៃ​ដល់​ទៅ​ពី4000 ទៅ4500រៀល​ឯណោះ។

ចំណែកឯ​លោក ដុក ភា កសិករ​នៅ​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ក៏បាន​ប្រាប់​ដែរ​ថា ខ្ទឹម​ឆ្នាំនេះ​មិន​ត្រឹមតែ​ទទួលបាន​ទិន្នផល​ខ្ពស់​ទេ សូម្បី​តម្លៃ​លើ​ទីផ្សារ​ក៍​ខ្ពស់ជាង​ឆ្នាំមុន​ដែរ ធ្វើឱ្យ​ពួកគាត់​ជា​កសិករ​បាន​ប្រាក់ចំណេញ​គ្រាន់បើ។ កសិករ​ដដែល​ក៏បាន​ប្រាប់​អំពី​វិធីសាស្ត្រ​ដាំ​ដុះ​ថា ខ្ទឹម​ជា​ដំណាំ​មួយ​ប្រភេទ​មិន​ពិបាក​ថែទាំ​ណាស់ណា​ទេ ដោយ​គ្រាន់តែ​ត្រូវ​ស្រោច​ទឹក​ច្រើន​បន្តិច។ មុននឹង​ដាំ​គេ​ត្រូវ​ភ្ជួរ​ដី​ហាល2ទៅ3ដង​ដើម្បីឱ្យ​ដី​ឆ្អិន​ល្អ បើ​ដី​មិន​ឆ្អិន​ល្អ​ក៏​ដាំ​មិនសូវ​បាន​ផល​ដែរ ក្រោយពី​ហាល​ដី​រួច​ត្រូវយក​ជីកំប៉ុស ឬ​ជី​លាមក​គោ​ទៅ​បាច​ហើយ​ភ្ជួរ​លុប រួច​ទើប​លើក​ជាង​រង។

រួច​យក​ពូជ​ទៅ​ដាំ​ដោយ​គ្រប​ចំបើង​ពីលើ និង​ស្រោច​ទឹក​ក្នុង​មួយថ្ងៃ2ដង ព្រឹកល្ងាច​ជាប្រចាំ ព្រមទាំង​មើលថែ​ដកស្មៅ ហើយ​និង​ដាក់​ជី ព្រមទាំង​ពិនិត្យមើល​សត្វល្អិត បើសិន​ជាមាន​ត្រូវតែ​បាញ់ថ្នាំ​សម្លាប់។ ចាប់តាំងពី​ដាំ​រហូតដល់​ដក​លក់​គឺ​ត្រូវ​ប្រើ​រយៈពេល​ពី1ខែ5ថ្ងៃ ទៅ1ខែ10ថ្ងៃ ហើយ​ក្នុង​មួយ​ហិកតា​អាច​ទទួលបាន​ទិន្នផល​ពី​ជាង5ទៅ6តោន។ តែ​ទោះ​យ៉ាងនេះ​ក្តី ពួកគាត់​ក៏បាន​សំណូមពរ​ដល់​មន្ត្រី​កសិកម្ម ក៏ដូចជា​រដ្ឋាភិបាល​ឱ្យ​មេត្តា​ចុះជួយ​អប់រំ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​ផង ឱ្យ​ពួកយើង​ដឹង និង​ចេះ​អំពី​របៀប​នៃ​ការដាំដុះ បែប​ថ្មី​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ ហើយក៏​សូមជួយ​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ផង ជាពិសេស​នៅពេលដែល​កសិករ​ប្រមូល​ផល ដើម្បី​អាច​លក់បាន​តម្លៃ​សមរម្យ និង​មាន​ស្ថេរភាព។

ចំណែកឯ​ឈ្មួញកណ្តាល​ម្នាក់​គឺ​លោក ភួង ចាន់ថុល ក៏បាន​ប្រាប់​ដែរ​ថា ក្នុង​មួយថ្ងៃ​លោក​ទិញ​ខ្ទឹម​ពី​បងប្អូន​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ​មិនតិចជាង1តោន​នោះទេ​ក្នុង1ថ្ងៃ ហើយ​ឆ្នាំនេះ​ឃើញថា​តម្លៃ គឺ​បាន​ឡើងថ្លៃ​ជាង​ឆ្នាំ​កន្លងទៅ​មែន​គឺ1គីឡូក្រាម4000 ឬ5000រៀល​សម្រាប់​ជិត​ចូល​ថ្ងៃ​ភ្ជុំ។

ជាមួយគ្នា​នោះដែរ លោក ស្រេង ប៊ុន​សុខ មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ស្អាង​ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ស្អាង​គឺជា​ស្រុក​មួយ​របស់​ខេត្តកណ្តាល​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ទូទាំងប្រទេស​ក្នុង​ការផលិត​បន្លែ​ផ្គត់ផ្គង់​លើ​ទីផ្សារ ដែល​ក្នុងមួយថ្ងៃៗគិត​ជា​មធ្យម​ប្រមូល​ផល​បាន​ប្រមាណ​ពី20ទៅ25តោន ហើយ​លោក​ក៏បាន​ក្រើនរំឭក​ដល់​កសិករ​ដែ​រថា ដើម្បី​អាច​ដណ្តើម​ទីផ្សារ​ពី​ប្រទេសជិតខាង​បាន​នោះ គឺ​មានតែ​បងប្អូន​នាំគ្នា​ងាក​មក​ធ្វើ​ការដាំដុះ​បន្លែ​សរីរាង្គ​ក៏ដូចជា​បន្លែ​សុវត្ថិភាព​ដើម្បី​ចៀសវាង​កុំឱ្យ​ប៉ះពាល់​សុខភាព​ទើប​អាច​ទទួលបាន​ការគាំទ្រ​ខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *