សេចក្តីស្នេហា ដែលមានតែភាពផ្អែមល្ហែមយ៉ាងល្អរហូតមកនោះ ប្រហែលជាដល់ពេលហើយ សម្រាប់ការសម្រេចចិត្តរៀបការនឹងគ្នា តែមានគូស្នេហ៍ជាច្រើនស្រឡាញ់គ្នាខ្លាំងណាស់ និងមានបរិមាណនៃក្តីស្នេហ៍ដ៏ច្រើនលើសលប់ តែក៏នៅតែមិនអាចទប់ទល់នឹងឧបសគ្គផ្សេងៗបាន ហើយការប្រញាប់ប្រញាល់រៀបការ បានធ្វើឱ្យគូស្នេហ៍មួយចំនួន ព្រងើយកន្តើយនឹងសំណួរដែលអាចនឹងធ្វើឱ្យការគ្រងជីវិតគូ មិនអាចស្ថិតស្ថេរយូរអង្វែងបាន។ ខាងក្រោមនេះ គឺជាសំណួរដែលនឹងធ្វើឱ្យអ្នកនឹកឃើញ និងនាំគ្នារៀបផែនការទប់ទល់ មុនពេលសម្រេចចិត្តរៀបការ។ ទាំងអស់នេះ គឺដើម្បីឱ្យការគ្រងស្នេហ៍ ក្រោយពេលរៀបការរួច ពោរពេញទៅដោយសម្ព័ន្ធភាព ដែលនឹងនៅក្បែរយើងរហូតតទៅ។ ឥលូវ យើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះ ដែលយើងគួរតែឆ្លើយតបខ្លួនឯងឱ្យបានសិន មុនសម្រេចចិត្តរៀបការ។
- ភាពស្ថិតស្ថេររបស់អនាគត
ភាពស្ថិតស្ថេររបស់អនាគត គឺចាប់ផ្តើមពីពេលបច្ចុប្បន្នរបស់អ្នក និងគេ។ ត្រូវសម្លឹងមើលជាមុនសិនថា តើអ្នក និងគេមានមុខនាទីការងារ រឹងមាំស្ថិតស្ថេរហើយឬនៅ? និង បើថ្ងៃណាមួយដែលរៀបការហើយ គូស្នេហ៍អាចមានហេតុ ឱ្យត្រូវអស់ការងារធ្វើ ឬអ្នកទាំង2 អាចនឹងលែងមានការងារធ្វើទាំងអស់គ្នា តើអ្នកគួរមានផែនការទប់ទល់យ៉ាងណាខ្លះ? ដែលសំខាន់មុនគេនោះគឺ អាចនឹងត្រូវមានប្រាក់បម្រុងទុកជាមួយគ្នាមួយចំនួន ដើម្បីកុំឱ្យគ្រឹះអនាគតរង្គោះរង្គើ។
- ពេលវេលាការងារ ដែលអាចនឹងមិនត្រូវគ្នា
ពិតហើយ ដែលការរៀបការគ្នា នឹងធ្វើឱ្យអ្នកទាំង2 បានរស់នៅជាមួយគ្នា តែកុំភ្លេចថា អាជីពខ្លះ ដូចជា គ្រូពេទ្យ ប៉ូលិស ឬអ្នកដែលធ្វើការងារខាងបម្រើសេវាកម្មខ្លះ ដែលត្រូវនៅចាំស្ទែនបាយគ្រប់ពេលវេលា និងអាចត្រូវចេញទៅធ្វើការ មិនទៀងពេល ឬធ្វើឱ្យអ្នកទាំង2 គ្មានពេលនៅជាមួយគ្នាបានតាមការចង់បាននោះ សួរថា បើសិនជាកើតស្ថានការណ៍បែបនេះឡើងញឹកញាប់ តើអ្នកនឹងទទួលយកវាបានដែរឬទេ?
- ការរៀបផែនការអនាគតរួមគ្នា
ការរៀបផែនការអនាគតរួមគ្នា ត្រូវកើតចេញពីគំនិត និងគោលដៅជីវិត ដែលមានទិសដៅដូចគ្នាជាចម្បង ដូចជា ការរៀបចំផែនការរឿងមុខជំនួញគ្រួសារ ការមានកូន ការទិញផ្ទះ ទិញរថយន្ត-ល- ទាំងអស់នេះត្រូវតែយល់ឃើញដូចគ្នា និងឯកភាពគ្នា មិនមែនម្នាក់ៗ យល់ឃើញខុសគ្នានោះទេ។ ដូច្នេះ សាកល្បងនិយាយគ្នា និងរៀបផែនការទុកតាំងពីដំបូងៗ មិនមែនរៀបការរួចហើយ បានមករៀបចំផែនការតាមក្រោយនោះទេ ព្រោះវាអាចនឹងធ្វើឱ្យអ្នកពិបាកក្នុងការសម្របសម្រួលខ្លួន ឱ្យចូលគ្នាខាងផ្នែកគំនិត និងអាចធ្វើឱ្យកើតរឿង ទើសទាល់ក្នុងចិត្តចំពោះគ្នាទៀតផង។
- ចំណង់ចំណូលចិត្ត និងរសនិយមរឿងលើគ្រែ
នេះគឺជារឿងសំខាន់ សម្រាប់ជីវិតគូខ្លាំងណាស់។ ទាំង 2នាក់ មុននឹងសម្រេចចិត្តរៀបការនឹងគ្នា ការឆ្លងកាត់ក្តៅ-ត្រជាក់ក្នុងរឿងផ្សេងៗ អាចនឹងមិនទាន់ល្មមគ្រប់គ្រាន់ ក្នុងការទប់ប្រគងសម្ព័ន្ធភាពស្នេហ៍ ឱ្យគង់វង្សជានិរន្តរ៍បានឡើយ តែរឿងសិច ក៏មានចំណែកក្នុងការរឹតបន្តឹងសម្ព័ន្ធភាពស្នេហ៍ ឱ្យស្អិតល្មួតរវាងគ្នាបានដែរ។ ដូច្នេះ គួរតែជជែកគ្នាជាមុនសិន មុនរៀបការសម្រាប់រឿងលើគ្រែនេះថា តើអ្នកទាំង2 និយមចូលចិត្ត និងស្វាគមន៍ចំពោះរឿងនេះ ច្រើន-តិចប៉ុនណា បើបញ្ចប់ដោយការយល់ចិត្តយល់ថ្លើមគ្នា ទាំងរឿងសិច និងឡៃហ្វ៍ស្តាយផ្នែកផ្សេងៗបានហើយនោះ ធានាថា ជីវិតគូរបស់អ្នកនឹង “ភើហ្វេក” ឥតខ្ចោះមែនទែនតែម្តង។
ការរៀបការ ត្រូវតែមកព្រមជាមួយកម្មវិធីការគិតត្រិះរិះពិចារណាជាមុន យ៉ាងល្អិតល្អន់ជានិច្ច កុំរៀបការ ព្រោះតែក្តីស្នេហា ឬព្រោះតែអារម្មណ៍នឹកស្រណុកសប្បាយឱ្យសោះ ព្រោះស្នេហាមិនបានមានតែមួយជ្រុងនោះទេ។ ជីវិតគូនៅត្រូវសម្របសម្រួលអ្វីៗទៀតច្រើនណាស់ ដូច្នេះ បើអ្នកនឹកដល់ចំណុចទាំងអស់នេះ និងឆ្លើយតបនឹងសំណួររបស់ខ្លួនឯងបាន ព្រមទាំងចេះទប់ទល់កែខៃបញ្ហាបានហើយនោះ សេចក្តីស្នេហារបស់អ្នកទាំង2 នឹងស្ថិតស្ថេរគង់វង្សយូរអង្វែងមិនខាន៕