ភ្នំពេញៈ ទីផ្សារខុនដូនៅតែមិនទាន់ឆ្អែតនៅឡើយទេ ជាក់ស្តែងអ្នកវិនិយោគកម្ពុជា និងតៃវ៉ាន់បានសហការគ្នាបោះទុនរួមគ្នានូវទឹកប្រាក់ចំនួន 250លានដុល្លារអាមេរិកដើម្បីសាងសង់អគារពាណិជ្ជកម្មភ្លោះកណ្តាលរាជធានីភ្នំពេញ។
ក្រុមហ៊ុនដែលបានវិនិយោគអគារពាណិជ្ជកម្មខ្ពស់កប់ពពកនេះ មានក្រុមហ៊ុនខេស៊ី ប៉ាស៊ីហ្វិកគ្រុបរបស់កម្ពុជា និងក្រុមហ៊ុន លី ស៊ីន គ្រុបដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់។
ថ្លែងក្នុងពិធីសម្ពោធគម្រោងអគារពាណិជ្ជកម្ម ស៊ីអ៊ីអូ ខេធី ប៉ាស៊ីហ្វិក ដែលមានទីតាំងស្ថិតនៅក្បែរវិទ្យាល័យបាក់ទូកកាលពីល្ងាចថ្ងៃម្សិលមិញ ប្រធានក្រុមហ៊ុនលីស៊ីន លោក ស៊ី មឹងចោវ បានឲ្យដឹងថា អគារនេះនឹងសាងសង់ឡើងមានកម្ពស់ 33ជាន់ ដែលផ្តោតលើគោលដៅអភិវឌ្ឈន៍ជាគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម រួមមានការិយាល័យ សាលប្រជុំ ទទួលភ្ញៀវ មានលក្ខណៈប្រណីតលំដាប់អន្តរជាតិ។ លោកឲ្យដឹងទៀតថា អគារថ្មីនេះនឹងត្រូវការសាងសង់ឡើងរយៈពេល3ឆ្នាំ ព្រមជាមួយនឹងការបំពាក់ដោយគ្រឿងបរិក្ខារគុណភាពខ្ពស់ និងស្តង់ដារ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាងពាណិជ្ជកម្មសំណង់ ទេសចរណ៍ ទីផ្សារពលករមានតម្លៃទាប និងច្បាប់វិនិយោគដែលផ្តល់ភាពអនុគ្រោះដល់ធុរជន ទើបកម្ពុជាកំពុងតែក្លាយជាគោលដៅថ្មីមួយគួរឲ្យចាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស៕