យោងតាមសារព័ត៌មាន Reuters លោក Zhang Yiming សហស្ថាបនិករបស់ ByteDance ដែលជាក្រុមហ៊ុនមេ នៃបណ្ដាញសង្គម TikTok ទើបតែបានប្រកាសថា នឹងលាលែងពីតំណែង CEO ហើយកៅអីនេះ នឹងត្រូវប្រគល់ឱ្យសហស្ថាបនិក Rubo Liang។
នេះគឺជាសកម្មភាពកែទម្រង់ថ្នាក់ដឹកនាំថ្មីបំផុតរបស់ ByteDance រាប់ចាប់ពីពេលបង្ហាញខ្លួនកាលពីឆ្នាំ2012។ ក្រុមហ៊ុន ByteDance បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាកម្លាំងមួយដែលគ្រប់គ្រងទីផ្សារបណ្ដាញសង្គមចិន ហើយប្រែក្លាយ TikTok ទៅជាកម្មវិធីចែករំលែកវីដេអូខ្លី ដ៏ពេញនិយមនៅលើពិភពលោក។
Zhang Yiming បានសរសេរនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា Rubo Liang ដែលបច្ចុប្បន្នកំពុងកាន់កាប់តំណែងប្រធានផ្នែកធនធានមនុស្ស គឺជា «ដៃគូដែលមិនអាចកាត់ថ្លៃបាន និងជាមនុស្សដែលបានជួយកែលម្អដំណើរការជ្រើសរើស និងគ្រប់គ្រងបុគ្គលិកនៅក្រុមហ៊ុន ByteDance។ លោក Zhang Yiming បន្ថែមថា នឹងធ្វើការជិតស្និទ្ធជាមួយនឹងលោក Rubo Liang នា 6ខែទៀត ដើម្បីធានាថា ដំណើរការនៃការផ្ទេរតំណែង ប្រព្រឹត្តិទៅបានរលូត។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី Zhang Yiming បានពិចារណាអស់ជាច្រើនខែ អំពីបញ្ហាថា តើអាចមានឥទ្ធិពលធំជាងណាមួយកើតឡើងចំពោះគំនិតច្នៃប្រឌិតសម្រាប់រយៈពេលយូររបស់ ByteDance ដែរ ឬអត់ បើសិនលោកផ្ទេរតំណែង CEO ទៅឱ្យអ្នកផ្សេង។
«ជាការពិតគឺថា ខ្ញុំខ្វះជំនាញមួយចំនួនដើម្បីក្លាយជាអ្នកដឹកនាំល្អ។ ខ្ញុំចូលចិត្តផ្ដោតលើការវិភាគ និងគោលការណ៍នៃទីផ្សារ ហើយការប្រើប្រាស់សម្មតិកម្មនោះអាចកាត់បន្ថយពេលវេលាធ្វើកិច្ចការគ្រប់គ្រង ជំនួសឱ្យការគ្រប់គ្រងពិតប្រាកដ»។
លោក Zhang Yiming វ័យ 38ឆ្នាំ គឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេមួយរូបនៅក្នុងពិភពលោក។ កើតនៅក្នុងទីក្រុង Longyan នៃខេត្ត Fujian ប្រទេសចិន លោក Zhang គឺជាកូនប្រុសតែមួយគត់នៅក្នុងគ្រួសារ។ លោកបានសិក្សាផ្នែកសរសេរកូដកុំព្យូទ័រ នៅសាកលវិទ្យាល័យ Nankai។
ក្រោយពីបានបញ្ចប់ការសិក្សាភ្លាម លោក Zhang ក៏បានចូលធ្វើការឱ្យក្រុមហ៊ុន Microsoft ប៉ុន្តែ ក្រោយមក ដោយសារមានអារម្មណ៍ធុញនឹងការងារ លោកក៏បានគិតដល់ការរកស៊ីដោយខ្លួនឯង។
របត់ដ៏សំខាន់របស់ Zhang បានមកដល់ នៅក្នុងឆ្នាំ2012 នៅពេលដែលលោកទាក់ទាញបានចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាលើកដំបូង ជាមួយនឹង ByteDance ដែលជាកម្មវិធីចែករំលែករឿងរ៉ាវកំប្លែង បើទោះជាក្រោយមក ត្រូវបានអាជ្ញាធរស្នើឱ្យលុបចោល។
បន្ទាប់ពីការប្រឹងប្រែងជាមួយនឹងកម្មវិធី (App) នៅក្នុងវិស័យព័ត៌មាន ទើប Zhang បង្កើតបាន TikTok ដែលបច្ចុប្បន្នមានអ្នកលេងនៅជុំវិញពិភពលោក ជាង 1ពាន់លាននាក់ បូករួមទាំង Douyin ដែលជាកំណែ TikTok នៅប្រទេសចិន។ ក្រុមហ៊ុននេះ ទាក់ទាញបានអ្នកវិនិយោគធំៗ រួមមាន ក្រុមហ៊ុន Softbank, Sequoia Capital ។ល។
Bytedance បច្ចុប្បន្នជាក្រុមហ៊ុនដែលមានតម្លៃជាងគេក្នុងពិភពលោក ដោយមានមូលបត្រដែលត្រូវបានជួញដូរជាមួយនឹងការកំណត់តម្លៃក្រុមហ៊ុនឡើងដល់ជាង 250ពាន់លានដុល្លារអាមេរិក នៅលើទីផ្សារបន្ទាប់ (Secondary market)។
ឆ្នាំ2019 ByteDance រកបានប្រាក់ចំណេញសុទ្ធ ជាង 3ពាន់លានដុល្លារអាមេរិក ដោយប្រាក់ចំណូលកើនទ្វេដង ឡើងដល់ 17ពាន់លានដុល្លារ ធៀបនឹង 7.4ពាន់លានដុល្លារកាលពីឆ្នាំ2018។ ប្រភពព័ត៌មានមួយចំនួន ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុននេះកាន់កាប់សាច់ប្រាក់សុទ្ធជាង 6ពាន់លានដុល្លារឯណោះ។
ក្រៅពី TikTok និងកំណែ TikTok សម្រាប់ជនជាតិ ដែលហៅថា Douyin ក្រុមហ៊ុន ByteDance ក៏នៅមាន App ជាច្រើនផ្សេងទៀត រួមមានដូចជា Toutiao និង App សម្រាប់ទំនាក់ទំនងក្នុងក្រុមហ៊ុន ដែលមានឈ្មោះថា Feishu ។ល។ ជាសរុប ByteDance ទាក់ទាញអ្នកប្រើប្រាស់ប្រចាំខែ បានប្រមាណ 1.5ពាន់លាននាក់។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ2019 ក្រុមហ៊ុននេះ មានបុគ្គលិកជាង 60,000នាក់ និងធ្វើសកម្មភាពក្នុងទីផ្សារជាង 150ប្រទេស និងតំបន់។ ពួកគេមានការិយាល័យនៅក្នុងទីក្រុងចំនួន 126 ក្នុងពិភពលោក រួមមានទាំងទីក្រុងសៀងហៃ, នីវយ៉ក, ក្រុងឡុងដ៍, បារីស, ម៉ុមបៃ, សិង្ហបុរី, ហ្សាការតា, សេអ៊ូល និងតូខ្យូ។ល។
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា