ការធ្លាក់ថ្លៃដ៏ខ្លាំងនៃរូបិយវត្ថិអេឡិចត្រូនិក Bitcoin កាលពីម្សិលមិញ (19 ឧសភា) បាននាំឱ្យទីផ្សាររូបិយវត្ថិអេឡិចត្រូនិក (cryptocurrency) ទាំងមូល បាត់បង់ជិត 1ម៉ឺនកោដិដុល្លារអាមេរិក (1,000,000,000,000 ដុល្លារអាមេរិក/ជាង 4,073,000,000,000,000 រៀល) បើធៀបនឹងតម្លៃដែលឡើងដល់កំពូល កាលពីខែមេសា ឆ្នាំ2021។
នៅក្នុងអំឡុងពេលធ្លាក់ថ្លៃចុះទាបបំផុត តម្លៃរបស់ Bitcoin បានថយចុះ 12,000ដុល្លារ ប្រហាក់ប្រហែលនឹង 30% ហើយត្រូវជួញដូរក្នុងតម្លៃត្រឹមតែជាង 30,000ដុល្លារអាមេរិក/bitcoin។ ចំណែក Ether ដែលជារូបិយវត្ថុអេឡិចត្រូនិកធំជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពី Bitcoin ក៏បានធ្លាក់ថ្លៃប្រមាណ 40% ខណៈរូបិយវត្ថុអេឡិចត្រូនិក Dogecoin ដាំក្បាលចុះរហូតដល់ 50%។
ទូរទស្សន៍ RT របស់រុស្ស៊ីវិញ បានរាយការណ៍ថា គិតមកដល់ម៉ោង 13និង58នាទី នៃថ្ងៃទី19 ខែឧសភា (ម៉ោង 20និង58នាទី នៅកម្ពុជា) Bitcoin បានធ្លាក់ថ្លៃរហូតដល់ 50% ធៀបនឹងតម្លៃខ្ពស់បំផុត (ជិត 65,000 ដុល្លារ/bitcoin) កាលពីខែមេសា។
ការដាំក្បាលចុះនេះ បានកើតឡើង បន្ទាប់ពីធនាគារប្រជាជនចិន ប្រកាសថា មិនទទួលយករូបិយវត្ថុអេឡិចត្រូនិក សម្រាប់ការទូទាត់។ ស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុនេះ បានឱ្យដឹងថា រូបិយវត្ថុអេឡិចត្រូនិក មិនមានពិតប្រាកដ ហើយប្រកាសថា មិនអាចប្រើប្រាស់វាដើម្បីជួញដូរក្នុងទីផ្សារ។
ទាក់ទិននឹងការប្រកាសរបស់ចិន លោក Paul Haswell អ្នកជំនាញមកពីក្រុមហ៊ុនច្បាប់ Pinsent Masons នៅទីក្រុងហុងកុង បានប្រាប់សារព័ត៌មាន Financial Times ថា៖ «មូលហេតុគឺដោយសារពួកគេមានប្រាក់យ៉ន់អេឡិចត្រូនិកផ្ទាល់ខ្លួន និងមួយផ្នែកទៀតគឺដោយសារកង្វះការគ្រប់គ្រងលើលំហូរប្រាក់។ ក្រៅពីនេះ ពួក (អាជ្ញាធរចិន) ព្យាយាមធានាឱ្យបានប្រាកដថា គ្រប់គ្នាមិនចាញ់បោកគេ»។
ការប្រកាសខាងលើរបស់ធនាគារកណ្ដាលចិន បានធ្វើឱ្យរលកនៃការលក់ចេញ Bitcoin របស់ក្រុមអ្នកវិនិយោគ កាន់តែកើនឡើងច្រើនជាងមុន ក្នុងគ្រាដែលមួយសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Tesla បានប្រកាសផ្អាកគម្រោងទទួលយកការទូទាត់ដោយប្រើ Bitcoin របស់អតិថិជនដែលទិញរថយន្តរបស់ក្រុមហ៊ុននេះ។
មុននេះ Tesla ក៏បានធ្វើឱ្យ Bitcoin ធ្លាក់ថ្លៃ 10% បន្ទាប់ពីមានដំណឹងចចាមអារ៉ាមថា Tesla ទំនងជាបានលក់ ឬកំពុងមានគម្រោងលក់ Bitcoin ដែលពួកគេបានទិញក្នុងតម្លៃ 1.5ពាន់លានដុល្លារ កាលពីដើមខែកុម្ភៈ។ ក្រោយមក តម្លៃរបស់ Bitcoin បានងើបឡើងបន្តិច បន្ទាប់ពីមហាសេដ្ឋី Elon Musk ច្រានចោលព័ត៌មានចចាមអារ៉ាមនេះ។
«ជាការពិត នេះមិនមែនជាលើកដំបូងនោះទេ ដែល Elon Musk បានប្រកាសមិនប្រកបដោយឯកភាពនៅលើ Twitter ហើយពេលខ្លះក៏ខុសទាំងស្រុងទៀតផង» លោក Ulrik Lykke នាយកប្រតិបត្តិរបស់មូលនិធិវិនិយោគរូបិយវត្ថុ ARK36 មានយោបល់ដូច្នេះ។ លោកពន្យល់ថា ទីផ្សាររូបិយវត្ថុអេឡិចត្រូនិក ត្រូវបានរុញច្រានទៅតាមអារម្មណ៍ ខណៈដែលអ្នកចូលរួមជួញដូរប្រាក់នេះ មាននិន្នាការប្រតិកម្មជ្រុលទៅនឹងព្រឹត្តិការណ៍ដែលពួកគេយល់ថា អវិជ្ជមាន៕
ប្រភព៖ Financial Times, CoinDesk
ប្រែសម្រួល៖ បុត្រា