Skip to content

លោក​ស៊ូ សុជាតិ៖ ផ្សារ​ហ៊ុន​បើកទ្វារ​ជានិច្ច​សម្រាប់​ក្រុមហ៊ុន​ចូល​បោះ​លក់​មូល​ប​ត្រ

ភ្នំពេញៈ ស្របពេល​ចំនួន​ក្រុមហ៊ុន​ចូលរួម​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅមានកម្រិត អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន​ថ្លែងថា ផ្សារ​ហ៊ុន​កម្ពុជា​បើកទ្វារ​ជានិច្ច​រង់ចាំ​ស្វាគមន៍​ក្រុមហ៊ុន​ដែលមាន​បំណង​ចូលរួម​បោះផ្សាយ​លក់​មូល​ប​ត្រ​ក្នុង​ផ្សារ​នេះ។

លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី30 សីហា​នេះ​ថា គណៈកម្មការ​មូល​ប​ត្រ​មាន​បទ​ប្បញ្ញត្តិ​រួចរាល់​អស់ហើយ ដើម្បី​ធ្វើ​ការងារ​ជា​មូ​យ​ក្រុមហ៊ុន​ឯកជន​នានា​សម្រាប់​ការរៀបចំ​ខ្លួន​ចូល​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​រហូត​មកទល់ពេលនេះ​ផ្សារ​ហ៊ុន​កម្ពុជា​មានតែ​ក្រុមហ៊ុន​ចំនួន5ប៉ុណ្ណោះ​កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់ខ្លួន​ក្នុង​ផ្សារ​នេះ។ លោក​បន្តថា តាម​ការសិក្សា​ក្រុមហ៊ុន​ឯកជន​នានា​មានការ​យល់ដឹង​ពី​ផលប្រយោជន៍ និង​បរិបទ​នៃ​ការចូល​ផ្សារ​ហ៊ុន​ច្រើនជាង​មុន ប៉ុន្តែ​ការសម្រេចចិត្ត​ចូល​ផ្សារ​ហ៊ុន​ឬ​មិន​ចូល វា​អាស្រ័យ​លើ​ការសម្រេច​របស់​ក្រុមហ៊ុន​ណាមួយ​នោះ។

លោក​បន្តថា ទ្វារ​ផ្សារ​ហ៊ុន​បើកចំហ​ជានិច្ច​រង់ចាំ​ស្វាគមន៍​ក្រុមហ៊ុន​ឯកជន ដើម្បី​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់ខ្លួន ហើយ​យើង​រំពឹងថា នៅ​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ​នឹងមាន​ក្រុមហ៊ុន​ឯកជន​មួយទៀត​អាច​ចូល​បោះផ្សាយ​មូល​ប​ត្រ​របស់ខ្លួន​បាន។

បច្ចុប្បន្ន​ផ្សារ​ហ៊ុន​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន5កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ ដូចជា​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពង់ផែ​ភ្នំពេញ កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុនកាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា សកម្មភាព​នៃ​ការទិញ​លក់​មូល​ប​ត្រ​នៅក្នុង​ផ្សារ​ហ៊ុន​ពិតជា​មិនមាន​សកម្មភាព​ច្រើន​នោះទេ ដោយសារ​មាន​ក្រុមហ៊ុន​តិចតួច​បាន​ចូល​ផ្សារ​ហ៊ុន ការមិន​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ ប្រជាពលរដ្ឋ​មិនទាន់​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ទាំងនោះ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន។

លោក​បន្តថា បញ្ហា​ប្រឈម​ដទៃទៀត​គឺ​ក្រុមហ៊ុន​ប្រភេទ SME ភាគច្រើន​មិនទាន់បាន​ត្រៀមខ្លួន​ក្នុងការ​ផ្លាស់ប្តូរ​ក្រុមហ៊ុន​ពី​លក្ខណៈ​គ្រួសារ​ទៅជា​ក្រុមហ៊ុន​មាន​ស្តង់ដា​នោះទេ។ ស្របពេល​ជាមួយគ្នានេះ ផ្សារ​ហ៊ុន​កម្ពុជា​មិនទាន់​ដើរ​បាន​រលូន ក៏​ជា​ផ្នែក​មួយ​មិន​ទាក់ទាញ​ក្រុមហ៊ុន​ឲ្យ​ចូលរួម​បោះផ្សាយ​លក់​មូល​ប​ត្រ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *