Skip to content

កម្ពុជា​អាច​នាំ​ទំនិញ​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​មិនបាច់​មាន​ក្រដាស​ស្នាម

ភ្នំពេញ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល ក៏​ដួច​ជាការ​លើកកម្ពស់​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​ពុំ​ប្រើប្រាស់​ក្រដាស​ស្នាម​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ចំនួន​ប្រទេស​ដែល​ស្ថិតក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមមាន​ប្រមាណ​ជា 48ប្រទេស​ដែល​ក្នុងនោះ​មានដូចជា អូស្ត្រាលី ជប៉ុន ប៉ូឡូញ បង់​ក្លា​ដែ​ស ចិន កាណាដា ឥណ្ឌា  ណេ​ប៉ាល់ ម៉ុង​ហ្គោ​លី ម៉ូ​រ៉ុ​កកូ ហ្វីលីពីន រុស្ស៊ី និង​កម្ពុជា​ជាដើម។ល។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី29 ខែសីហា ឆ្នាំ2017 នៅ​ទីស្នាក់ការ​កណា្ត​ល​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការសហប្រជាជាតិ(UNESCAP) ជាមួយ​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​ពុំ​ប្រើប្រាស់​ក្រដាស​ស្នាម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​កិច្ចសន្ទនា​ថ្នាក់ខ្ពស់​ទាក់ទិន​ការជំរុញ​ពាណិជ្ជកម្ម​តំបន់ តាមរយៈ​ការចូលរួម​សេដ្ឋកិច្ច​ឌីជីថល ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ UNESCAP។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍ថា កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជា​សមាជិក​តាមរយៈ​ការប្រើប្រាស់​ឯកសារ​នាំចេញ-នាំចូល ជា​ទម្រង់​អេឡិចត្រូនិក​ដោយ​មិនចាំបាច់​ប្រើ​ក្រដាស​ស្នាម និង​កំណត់​វិធាន​ជា​មូលដ្ឋាន​ព្រមទាំង​បង្កើត​យន្តការ​នានា​សម្រាប់​គាំទ្រ​ដល់​ការទទួលស្គាល់​នូវ​ឯកសារ និង​ទិន្នន័យ​ទាក់ទង​នឹង​ការនាំចេញ-នាំចូល ដែល​កិច្ចការ​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​នឹង​គម្រោង​បញ្ជរ​តែមួយ​អាស៊ាន និង​បញ្ជរ​តែមួយ​ជាតិ​ផងដែរ។

សូម​ជម្រាប​ផងដែរ​ថា ប្រទេស​បង់​ក្លា​ដែ​ស ប្រទេស​ចិន ក៏បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ផងដែរ។ ក្រោយពី​ចុះហត្ថលេខា ប្រទេស​កម្ពុជា​នឹង​បន្ត​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​តាម​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ កសាង​លិខិតបទដ្ឋាន​គតិយុត្ត និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ជាបណ្តើរៗ តាមរយៈ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ពិសេស​គណៈកម្មាធិការ UNESCAP មុននឹង​ផ្តល់​សច្ចាប័ន និង​ជូនដំណឹង​ទៅ UNESCAP អំពី​ការចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *