ដំបូងឡើយ Ruja Ignatova បានអះអាងថា OneCoin នឹងក្លាយជារូបិយវត្ថុអេឡិចត្រូនិកដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក ប៉ុន្តែ ក្រោយរយៈពេលតែមួយឆ្នាំសោះ អ្នកស្រីបានបាត់ខ្លួនសូន្យឈឹង ជាមួយនឹងខ្ទង់ប្រាក់ដ៏ច្រើនសម្បើម ដែលបោកបានពីក្រុមអ្នកវិនិយោគ។
នៅក្នុងពាក្យបណ្ដឹង នាពេលថ្មីៗនេះ របស់ក្រុមអ្នកវិនិយោគ OneCoin (គម្រោងប្រាក់អេឡិចត្រូនិក ដែលដំណើរការតាមទម្រង់ «បណ្ដាញទីផ្សារ» (Multi-level marketing (MLM)/ Network marketing / Pyramid selling) បានឱ្យដឹងថា ស្ថាបនិករបស់ OneCoin គឺអ្នកស្រី Ruja Ignatova កំពុងកាន់កាប់រូបិយវត្ថុអេឡិចត្រូនិក Bitcoin ចំនួន 230,000 bitcoin ដែលបច្ចុប្បន្ន មានតម្លៃជាង 1ម៉ឺនលានដុល្លារអាមេរិក។
ជាក់ស្ដែង កាលពីឆ្នាំ2015 Ruja Ignatova គឺជាតួអង្គសំខាន់ជាងគេនៃការជួញដូរ Bitcoin ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅក្នុងការជួញដូរមួយ អ្នកស្រី Ruja Ignatova ត្រូវបាន Sheikh Al Qassimi (សមាជិកម្នាក់របស់រាជវង្ស Dubai) ប្រគល់ Bitcoin ចំនួន 230,000 ដែលមានតម្លៃប្រហែល 50លានដុល្លារអាមេរិក។ បច្ចុប្បន្ន (18 ខែឧសភា ឆ្នាំ2021) Bitcoin នេះ មានតម្លៃសរុបជាង 1ម៉ឺនលានដុល្លារ។
Sheikh Al Qassimi ប្រគល់ Bitcoin ទាំងនេះទៅឱ្យ Ignatova គឺដើម្បីទទួលបានគណនីធនាគារ OneCoin (បច្ចុប្បន្ន ត្រូវបានបង្កក), អចលនទ្រព្យនៅ UAE និងទ្រព្យមួយចំនួនទៀត។ នេះបើតាម Finance Feeds។
ក្នុងពាក្យបណ្ដឹងប្រឆាំងនឹង OneCoin ជនរងគ្រោះបានបង្ហើបឱ្យដឹងថា ក្រៅពីចំនួន Bitcoin ដ៏ច្រើនខាងលើ Ignatova ក៏កំពុងកាន់កាប់ប្រាក់ប្រហែល 500លានដុល្លារ នៅក្នុងគណនីធនាគារមួយនៅ Dubai រួមជាមួយនឹងទ្រព្យជាច្រើនផ្សេងទៀតដែលមានតម្លៃ 1ពាន់លានដុល្លារអាមេរិក។ ទ្រព្យទាំងនោះ ត្រូវបាន Sebastian Greenwood និងសហការីមួយចំនួនផ្សេងទៀតរបស់ Ignatova នៅក្នុងក្រុមហ៊ុន OneCoin ឈរឈ្មោះ។
OneCoin គឺជាកម្មវិធីទីផ្សារបណ្ដាញ (Network Marketing) ដែលត្រូវបានគេឃោសនាក្រោមរូបភាពរូបិយវត្ថុអេឡិចត្រូនិក ដោយក្រុមហ៊ុន OneCoin (ចុះឈ្មោះនៅ Dubai) និង OneLife Network (ចុះឈ្មោះនៅ Belize)។ ក្រុមហ៊ុនទាំងពីរនេះ សុទ្ធតែត្រូវបានបង្កើត និងអភិវឌ្ឍឡើងដោយ Ruja Ignatova និង Sebastian Greenwood។
នៅពេល OneCoin បង្ហាញខ្លួន អ្នកស្រី Ignatova បានអះអាងថា នេះនឹងក្លាយជារូបិយវត្ថុដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក និងថែមទាំងអាចដណ្ដើមបានតំណែងលេខមួយពី Bitcoin។ ក៏ប៉ុន្តែ មួយឆ្នាំក្រោយមក (2017) Ignatova ក៏បានបាត់ខ្លួនសូន្យឈឹង ជាមួយនឹងខ្ទង់ដ៏ច្រើនសម្បើមដែលបានមកពីក្រុមអ្នកវិនិយោគ។ មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់រកឃើញដំណឹងអំពីកំពូលអ្នកបោកប្រាស់នេះនៅឡើយ។
ក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានគណនាឃើញថា ខ្ទង់ប្រាក់វិនិយោគសរុប ទៅលើ OneCoin គឺប្រហែល 4ពាន់លានដុល្លារអាមេរិក។ គម្រោង OneCoin រកបានប្រាក់រាប់ពាន់លានដុល្លារទៅឱ្យធនាគារនានា និងក្រុមហ៊ុនអចលនទ្រព្យជាច្រើននៅ Dubai ជាកន្លែងដែលត្រូវបានគេជឿថា មានការគាំទ្រដោយ Sheikh Al Qassimi ដែលជាកូនប្រុសរបស់បុរសអ្នកមានជាងគេមួយរូបនៅ អារ៉ាប់រួម (UAE) និងអតីតបុគ្គលិកផ្នែកអចលនទ្រព្យម្នាក់។
ជនសង្ស័យឈ្មោះ Ignatova ត្រូវបានគេចាត់ទុកថាជាកំពូលអ្នកបោកប្រាស់ធំជាងគេមួយរូបក្នុងពិភពលោក នៅក្នុងវិស័យរូបិយវត្ថុអេឡិចត្រូនិក។ ក្រៅពីនេះ អ្នកស្រី Ignatova ក៏ជាប់ទាក់ទិននឹងករណីបោកប្រាស់ BigCoin និងត្រូវទទួលទោសរយៈពេល 14ខែ ដោយនៅក្រៅឃុំ ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។
មកដល់បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ថា Ignatova បានលក់ Bitcoin ចំនួន 230,000 នេះហើយ ឬនៅ ដោយសារតែគោលការណ៍មិនបញ្ចេញអត្តសញ្ញាណក្នុងពេលជួញដូរ របស់រូបិយវត្ថុអេឡិចត្រូនិកមួយនេះ៕
ប្រភព៖ Finance Feeds
ប្រែសម្រួល៖ បុត្រា