នារីម្នាក់ៗ មានសភាពសក់មិនដូចគ្នាទេ នារីខ្លះមានសក់រាបស្មើ ត្រង់រំសាយ ស្អាតពីធម្មជាតិ គួរឱ្យនឹកច្រណែនខ្លាំងណាស់ តែសម្រាប់នារីៗដែលមានសក់រួញទឹករលក ធំសំពោង ដែលតែងតែខំព្យាយាម ផ្លុំពន្លាសក់ឱ្យត្រង់រំសាយ មុននឹងចេញពីផ្ទះជារៀងរាល់ថ្ងៃ វានឹងធ្វើឱ្យមានផលមិនល្អចំពោះសុខភាពសរសៃសក់ខ្លាំងណាស់ បើប៉ះនឹងសារធាតុគីមី ឬកម្តៅក្តៅខ្លាំងពេកនោះ។
ដូច្នេះហើយ ទើបថ្ងៃនេះ យើងមានគន្លឹះល្អៗ មកជម្រាបជូនកញ្ញាៗ ដែលមានសក់រួញសំពោង ឱ្យស្គាល់ពីផលិតផល និងវិធីការប្រើប្រាស់យ៉ាងត្រឹមត្រូវ ចាប់ផ្តើមតាំងពីការកក់សក់ រហូតទៅដល់ការតុបតែងទ្រង់ទ្រាយសក់នៅពេលសក់ស្ងួតហើយ ដែលកញ្ញាសក់រួញ ចាំបាច់ត្រូវដឹងពីវិធី និងដំណាក់កាលរបស់ការមើលថែទាំសក់។
1.មិនគួរកក់សក់ រាល់ថ្ងៃនោះទេ ព្រោះភាគច្រើន សក់ដែលរួញសំពោង មានទម្ងន់ស្រាលនោះ ច្រើនតែស្ងួត ហើយមើលទៅគ្មានទន់រំសាយស្រាប់ទៅហើយ ដូច្នេះគួរកក់សក់ 2 – 3ថ្ងៃម្តង ដើម្បីឱ្យជាតិប្រេងដែលចិញ្ចឹមសរសៃសក់នោះ មិនមើលទៅស្ងួតខ្លាំងជ្រុលពេក និងអាចធ្វើឱ្យសក់ខូចបានយ៉ាងងាយទៀតផង។
2.ប្រើផលិតផល Conditionner រូបមន្តបង្កើនសំណើមដល់សរសៃសក់ ព្រោះនឹងជួយឱ្យសក់ មើលទៅមានទម្ងន់ឡើង តែគួរលាង Conditionner ចាប់ពី 2នាទីឡើងទៅ ដើម្បីឱ្យប្រាកដក្នុងចិត្តថា លាងបានស្អាតហ្មត់ចត់ហើយ ព្រោះបើលាង Conditionner មិនស្អាត អាចធ្វើឱ្យសក់ស្ងួត និងកើតមានអង្គែបាន។
3.ផលិតផលថែទាំសរសៃសក់ ដូចជាសេរ៉ូម(Serum) ឬ ខន់ឌិសឹននើរ៍ (Conditionner)ផលិតផលថែបំប៉នសក់ គួរប្រើនៅក្នុងអំឡុងពេលដែលសក់កំពុងជិតស្ងួត ឬក៏អំឡុងពេលដែលសក់នៅសើមតិចៗ មុននឹងផ្លុំដោយខ្យល់ត្រជាក់ រហូតដល់ស្ងួត។
4.បន្ទាប់ពីសក់ស្ងួតហើយ ប្រើផលិតផលទឹកមូច ដែលធ្វើឱ្យសរសៃសក់មានទម្ងន់ និងងាយស្រួលរៀបចំទ្រង់ទ្រាយ ហើយដែលសំខាន់នោះគឺ គួរជ្រើសរើសប្រើផលិតផលទឹកមូច ដែលលាបហើយមិនរលោងជ្រុលពេក។
5.រៀបចំតុបតែងម៉ូដសក់ តាមប្រក្រតី និងកុំភ្លេចប្រើផលិតផលការពារសរសៃសក់ពីខ្យល់អាកាសកខ្វក់ផ្សេងៗផង ព្រោះសក់រួញសំពោង គឺជាប្រភពប្រមូលសន្សំរបស់ល្អងធូលីហ្នឹងឯង។
ក្រៅពីការមើលថែទាំ និងការរៀបចំតុបតែងសក់ តាមស្ទីលកញ្ញាសក់រួញ ដែលបានណែនាំហើយនោះ រឿងមួយទៀត ដែលមិនគួរធ្វើញឹកញាប់នោះគឺ ការប្រើកម្តៅគ្រប់ប្រភេទជាមួយសរសៃសក់ មិនថាតែការផ្លុំសម្ងួតសក់ គាបសក់ ឬមូរសក់ក៏ដោយ ព្រោះសក់រួញនេះ វាស្តើង ផុយស្រួយ និងងាយឆាប់ខូចណាស់ ដូច្នេះកញ្ញាៗយើង កុំភ្លេចផ្តល់ភាពសំខាន់ចំពោះរឿងនេះផង៕