ក្លិប Arsenal បានសម្រេចចិត្តធ្វើការច្រានចោលសំណើដេញថ្លៃក្នុងទឹកប្រាក់ 50លានផោន (ស្មើនឹង64.6លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិស៊ីលី Alexis Sanchez ពីក្លិប Manchester City ដែលជាគូប្រជែងក្នុងក្របខ័ណ្ឌ Premier League។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ កាលពីថ្ងៃអង្គារម្សិលមិញ។
កាសែតអង់គ្លេសជាច្រើនសុទ្ធសឹងបានចេញផ្សាយថា Sanchez ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្រុមរបស់លោក Pep Guardiola តាមរយៈការយកខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Raheem Sterling ធ្វើជាថ្នូរនៃការដោះដូរនោះ។
អ្នកនាំពាក្យម្នាក់របស់ Arsenal បានឲ្យដឹងថា៖ «មិនមានសំណើដេញថ្លៃជាផ្លូវការឡើយ ប៉ុន្តែវាពិតជាស័ក្តិសមណាស់ក្នុងការបញ្ជាក់ថា តួលេខនេះត្រូវបានច្រានចោល។ គ្មានកីឡាករណាម្នាក់ទាក់ទិនឡើយ»។ កីឡាករជាច្រើនអាចនឹងចាកចេញពីកីឡដ្ឋាន Emirates នៅមុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃព្រហស្បតិ៍ ក្រោយពីបណ្តាញសារព័ត៌មានចក្រភពអង់គ្លេសបានចេញផ្សាយថា ការព្រមព្រៀងគ្នាមួយត្រូវបានឈានដល់ជាមួយនឹងក្លិប Chelsea ជុំវិញការផ្ទេរ Alex Oxlade-Chamberlain។
សំណើដេញថ្លៃក្នុងទឹកប្រាក់ដ៏ច្រើននេះ មិនបានបង្ខំឲ្យមានការផ្លាស់ប្តូរចិត្តរបស់ Arsenal ឡើយ។ Arsenal ប្តេជ្ញាចិត្តថា នឹងរក្សាទុក Sanchez រហូតដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេ ទោះបីកីឡាកររូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា រូបគេនឹងមិនបន្តកុងត្រាថ្មីក៏ដោយ ហេតុនេះ Sanchez នឹងត្រូវចាកចេញដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅក្រោយ៕
ប្រភពពី៖ Reuters