មនុស្សជាច្រើនគិតថា ការរៀបចំផ្ទះឱ្យមានហុងស៊ុយ គឺជារឿងមួយ ដែលហាក់ដូចជាស្មុគស្មាញ និងច្របូកច្របល់ណាស់ ទើបបានត្រឹមតែស្តាប់ ហើយក៏បណ្តោយឱ្យរំលងចោលទៅ ទាំងនៅក្នុងចិត្តវិញ ក៏នឹកចង់សាកល្បងផ្លាស់ប្តូរស្ទីលការរៀបចំផ្ទះ ឱ្យត្រូវតាមក្បួនហុងស៊ុយនឹងគេដូចគ្នាដែរ ។ ការពិតការរៀបចំហុងស៊ុយផ្ទះ មិនមែនសុទ្ធតែពិបាកទាំងអស់នោះទេ ថ្ងៃនេះយើងមានវិធីងាយៗក្នុងការរៀបចំបន្ទប់ផ្សេងៗនៅក្នុងផ្ទះ ឱ្យត្រឹមត្រូវតាមក្បួនហុងស៊ុយ មកជម្រាបជូនមិត្តអ្នកអានដូចតទៅ៖
ហុងស៊ុយបន្ទប់គេង
ក្នុងបន្ទប់គេង គួររៀបចំដាក់គ្រែឱ្យឆ្ងាយពីជញ្ជាំងទាំងសងខាង និងមិនគួរដាក់គ្រែនៅកន្លែងដែលជិតមាត់បង្អួច និងថែមទាំងមិនគួរដាក់គ្រែឱ្យចំទ្វារចូលដែរ មិនគួរព្យួររូបភាពធំៗ ឬរបស់ធ្ងន់ៗនៅលើក្បាលដំណេកឡើយ។ រៀងរាល់លើក មុនពេលគេង ត្រូវបិទទ្វារទូដាក់សម្លៀកបំពាក់ និងទ្វារបន្ទប់ទឹកឱ្យជិត និងដែលសំខាន់នោះ គួររកដើមឈើផ្សេងៗ ដូចជាដើមប្រទាលសេដ្ឋី ដើមអណ្តាតនាគ ឬកូនដើមដូងលឿង មកដាក់ក្នុងបន្ទប់គេងផង ដើម្បីឱ្យបន្ទប់គេងមើលទៅមានជីវិតជីវ៉ា ហើយដើមឈើទាំងនេះ ថែមទាំងជួយបឺតយកសារធាតុពុល និងសម្រួលធាតុអាកាសក្នុងបន្ទប់គេង ឱ្យបានកាន់តែស្អាតបរិសុទ្ធឡើងទៀតផង។
ហុងស៊ុយបន្ទប់ធ្វើការក្នុងផ្ទះ
បើនៅក្នុងផ្ទះ មានបន្ទប់ធ្វើការ ហើយអ្នកក៏មានឱកាសបានប្រើប្រាស់វាញឹកញាប់ផងដែរនោះ ក៏គួរតែរៀបចំបន្ទប់ធ្វើការ តាមក្បួនហុងស៊ុយផង ដោយព្យាយាមកុំដាក់តុធ្វើការឱ្យចំទ្វារ ផ្លូវចេញចូលចំៗពេក។ រៀបចំសណ្តាប់ធ្នាប់តុធ្វើការឱ្យបានស្អាតជានិច្ច និងតុបតែងតុធ្វើការ ដោយពណ៌ស្វាយ ឬខ្មៅ ដើម្បីឱ្យជួយជំរុញកម្លាំងចិត្ត និងភាពស្វាហាប់ និងដែលសំខាន់នោះ សូមកុំភ្លេចរកថូផ្កាមកដាក់លម្អផង ដើម្បីសម្រួលតុល្យភាពថាមពលការងារ មិនឱ្យតានតឹង ធុញថប់ជ្រុលពេក និងជួយឱ្យលោកអ្នកមានថាមពលក្នុងការធ្វើការ បានច្រើនឡើងទៀតផង។
ហុងស៊ុយបន្ទប់ទទួលភ្ញៀវ
បន្ទប់ទទួលភ្ញៀវ គួររៀបចំតុបតែងឱ្យមានបរិយាកាសកក់ក្តៅ លោកអ្នកអាចតុបតែងតាមស្ទីលរបស់ខ្លួនអ្នកក៏បាន តែគួរយកផ្ទាំងរូបថតក្រុមគ្រួសារ រូបថតពេលរៀបការ ឬរូបណាដែលមើលឃើញហើយ ផ្តល់នូវអារម្មណ៍កក់ក្តៅ មកតុបតែងលម្អផង។ ក្រៅពីនេះ គួរបើកវាំងននឱ្យពន្លឺពីធម្មជាតិបានចាំងចូលមកក្នុងបន្ទប់ទទួលភ្ញៀវឱ្យបានច្រើនបំផុត ចៀសវាងការបើកភ្លើងអគ្គិសនីគ្រប់ពេលរហូត ព្រោះវានឹងរឹតតែធ្វើឱ្យថាមពល “ស៊ី” មានភាពស្មុគស្មាញ អាចនឹងនាំជីវិតឱ្យរញ៉េរញ៉ៃទៅដែរ។
ហុងស៊ុយបន្ទប់ចង្ក្រានបាយ
គ្រប់ចំណែកនៅក្នុងផ្ទះ គួរតែស្អាតបាតរៀបរយជានិច្ច សូម្បីតែចង្ក្រានបាយក៏ដោយ ជាពិសេសថតតុ ថតទូដែលទុកដាក់អីវ៉ាន់ និងរបស់ប្រើប្រាស់ក្នុងចង្ក្រានគ្រប់ប្រភេទ ចំណែកតុត្រៀមរៀបចំអាហារ ក៏ត្រូវតែស្អាតរៀបរយដូចគ្នាដែរ។ ក្រៅពីនេះ គួរតុបតែងបន្ទប់ចង្ក្រានបាយដោយពណ៌បៃតង ជាពណ៌គោល ឬក៏ចង់យកដើមឈើពណ៌បៃតងខ្ចីមកដាក់លម្អក្នុងបន្ទប់ចង្ក្រានបាយ ក៏រឹតតែល្អដែរ។ តុរៀបចំធ្វើម្ហូប គួរបែរមុខទៅរកមាត់ទ្វារ ដើម្បីទទួលយកថាមពល “ស៊ី” បានយ៉ាងពេញទំហឹង តែបើសិនជាមិនអាចបែរមុខ ទៅរកមាត់ទ្វារបានទេនោះ ក៏គួររកកញ្ចក់មកដាក់ជាប់ជញ្ជាំងមួយផ្ទាំង ឱ្យឆ្លុះទៅមើលឃើញមាត់ទ្វារចេញចូលបន្ទប់ចង្ក្រានបាយបាន ក៏បានដែរ។
ហុងស៊ុយបន្ទប់ទឹក
យើងប្រើប្រាស់បន្ទប់ទឹកក្នុងការសម្អាតខ្លួនប្រាណ និងបន្ធូរអារម្មណ៍ក្នុងពេលជាមួយគ្នា ដូច្នេះនៅក្នុងចំណែកនេះ គួរតែត្រូវបានសម្អាតឱ្យបានស្អាតរៀបរយជានិច្ច និងគួរតុបតែងដោយពណ៌ផ្ទៃមេឃជាពណ៌គោល ដើម្បីឱ្យពេលយើងចូលទៅប្រើការ ឬនៅក្នុងបន្ទប់ទឹក នឹងមានអារម្មណ៍ធូរស្រាល និងត្រជាក់ស្រួលទាំងកាយ និងចិត្ត។
ហុងស៊ុយទូដាក់សម្លៀកបំពាក់
បើលោកអ្នកមានអារម្មណ៍ថា សម្រាន្តមិនសូវលក់ ឬដូចជាមិនចង់នៅក្នុងបន្ទប់គេងប៉ុន្មាននោះ ចូរសាកល្បងបើកទូដាក់ខោអាវ ហើយរកពេលវេលារៀបចំសម្អាតទូសម្លៀកបំពាក់ ឱ្យមានរបៀបរៀបរយម្តងមើល៍ ដូចជា សម្លៀកបំពាក់ណាលែងពាក់ហើយ ក៏គួរតែយកចេញពីក្នុងទូ ទុកយកទៅបរិច្ចាគក៏បាន និងព្យាយាមរៀបចំឱ្យក្នុងទូដាក់សម្លៀកបំពាក់ មានទីកន្លែងទំនេរខ្លះផង ដើម្បីឱ្យថាមពល “ស៊ី” ហូរវិលចូលមកបានស្រួលឡើង។
ឃើញទេ ថា ការរៀបចំផ្ទះ តាមក្បួនហុងស៊ុយ មិនមានលំបាកលំបិនត្រង់ណាឡើយ គ្រាន់តែរំកិលឧបករណ៍ប្រើប្រាស់ ទៅដាក់ឱ្យចំកន្លែងដែលត្រឹមត្រូវ និងតុបតែងលម្អដោយពណ៌ដែលសក្តិសម រួមទាំងបន្ថែមរបស់លម្អផ្សេងៗបន្តិចបន្តួចប៉ុណ្ណោះឯង និងដែលសំខាន់នោះ គឺគួរមើលថែទាំផ្ទះសំបែងឱ្យបានស្អាតជាប់ជានិច្ច ព្រោះភាពស្អាត មានអនាម័យ គឺជាសិរីមង្គលខ្លាំងណាស់ សម្រាប់ផ្ទះរបស់យើង៕