រាជរដ្ឋាភិបាល កម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងក្រុមឧកញ៉ា ឱ្យមានប្រសិទ្ធភាពជាងបច្ចុប្បន្ន។
ក្រុមការងារអន្តរក្រសួងនេះ មានសមាសភាពចំនួន 12រូប ដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន និងសមាជិក 11រូបផ្សេងទៀត មកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធផ្សេង។ នេះបើតាមសេចក្ដីសម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា។
ក្រុមការងារខាងលើនេះ មានភារកិច្ច សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើដល់ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ក្រុមការងារអន្តរក្រសួងនេះ ក៏ត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ា ក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ។
ក្រុមការងារថ្មីនេះ ក៏នឹងត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ រួមនឹងការរៀបចំឯកសារពាក់ព័ន្ធ ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ សម្រេច និង បំពេញភារកិច្ចផ្សេងៗទៀត តាមការចាំបាច់។
អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាម ការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ។ ក្រុមការងារនេះ មានសិទ្ធិ ប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និងអាចប្រើប្រាស់ត្រា របស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន។ នេះបើតាមសេចក្តីសម្រេចរបស់ ប្រមុខរដ្ឋាភិបាលកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា