នៅកម្ពុជា អ្នកប្រើប្រាស់រថយន្តស្ទើរតែ 90% និយមចូលចិត្តទិញរថយន្តពីទីផ្សារខាងក្រៅ ដែលមិនមែនធ្វើឡើងតាមរយៈក្រុមហ៊ុនស្របច្បាប់ដែលទទួលសិទ្ធិពីរោងចក្រ ឬក្រុមហ៊ុនដើមនៅឯបរទេស។
ដោយមិនផ្ដោតលើអ្នកទិញរថយន្តជជុះ លោក Ulf Sebeckeនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនរថយន្ដ Jaguar Land Rover ប្រចាំកម្ពុជាបាននិយាយថា អតិថិជនដែលនិយមទិញរថយន្តថ្មីពីទីផ្សារខាងក្រៅដែលគេនិយមហៅថា Gray Market ជាការខ្ជះខ្ជាយថវិកាលើរឿងឥតប្រយោជន៍មួយចំនួន។
នាយកគ្រប់គ្រងទូទៅខាងលើបានឱ្យដឹងថា ការទិញរថយន្តពីក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខ និងការទិញរថយន្ដពីទីផ្សារខាងក្រៅមានភាពខុសគ្នាច្រើន។ អ្នកប្រើប្រាស់ភាគច្រើនគិតលើតម្លៃជាធំ ប៉ុន្តែមិនបានគិតលើគុណភាព និងលក្ខខណ្ឌបច្ចេកទេសនៃរថយន្តដែលពួកគាត់កំពុងជិះនោះទេ។
លោកបន្ដថា រថយន្ដនីមួយៗគឺត្រូវតែតម្រូវទៅតាមលក្ខខណ្ឌរបស់ប្រទេសនីមួយៗ ដូចជាគុណភាពប្រេង អាកាសធាតុ និងស្ថានភាពផ្លូវ ជាដើម។ ដូច្នេះ ក្រុមហ៊ុនដែលទទួលសិទ្ធិត្រឹមត្រូវពីរោងចក្រ មិនត្រឹមតែលក់រថយន្ដទៅតាមការស្រឡាញ់ពេញចិត្តរបស់អតិថិជននោះទេ តែថែមទាំងបានធានាទាំងស្រុងក្នុងការផ្ដល់ជូននូវរថយន្ដ ដែលស្របទៅតាមលក្ខខណ្ឌរបស់ប្រទេសនោះទៀតផង។
លោកថ្លែងថា៖«ពិតណាស់អតិថិជនខាតបង់ពេលវេលា និងថវិកាច្រើន ប្រសិនបើរថយន្តទាំងនោះមានបញ្ហា ហើយអ្វីដែលសំខាន់ គឺការជួសជុលអាចនឹងមិនត្រូវលក្ខខណ្ឌបច្ចេកទេសទៀតផង»។
លោកបន្ដទៀតថា រថយន្តដែលលក់នៅក្រុមហ៊ុនទទួលសិទ្ធិស្របច្បាប់ ធានាថាគ្មានបញ្ហា Diesel Particulate Filter (DPF) គ្មានបញ្ហាគុណភាពប្រេងឥន្ធនៈ គ្មានបញ្ហាប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធកម្ដៅម៉ាស៊ីន និងគ្មានបញ្ហា AD-BLUE (Additive) ជាដើម។ មួយវិញទៀត ក្រុមហ៊ុនក៏មានផ្ដល់ជូននូវការត្រួតពិនិត្យស្ថានភាពរថយន្ដដោយឥតគិតថ្លៃតាមបច្ចេកវិទ្យាចុងក្រោយបង្អស់‘eVHC’ និងការជួសជុល ដោយប្រើឧបករណ៍ជំនាញសម្រាប់វិភាគ ថែទាំ និងជួសជុលរថយន្ដចុងក្រោយគេបង្អស់ពីរោងចក្រផ្ទាល់ ជាមួយនឹងមេជាងដែលទទួលបានការបណ្ដុះបណ្ដាល និងទទួលស្គាល់ពីរោងចក្រ។
ដោយរថយន្តទទួលសិទ្ធិផ្ដាច់មុខពីរោងចក្រស្របច្បាប់ត្រូវបានសិក្សាលម្អិតទៅលើចំណុចខាងលើដែលប្រេងឥន្ធនៈជារឿងត្រូវបានគិតគូរជាចម្បងព្រោះថា ប្រេងឥន្ធនៈដែលមានក្នុងទីផ្សារកម្ពុជាខុសគ្នានឹងប្រេងដែលមានក្នុងទីផ្សារអឺរ៉ុប។ ប្រេងម៉ាស៊ូតដែលប្រើនៅអឺរ៉ុបមានកម្រិត EU6 ខណៈប្រេងនៅកម្ពុជាមានកម្រិតត្រឹម EU3 នេះមានន័យថា ប្រេងនៅស្រុកខ្មែរមានគុណភាពទាបជាង ដែលនាំឱ្យម៉ាស៊ីនរថយន្តទាំងនោះដំណើរការមិនបានល្អ ឆាប់ហុយផ្សែង ដែលឈានទៅរកការរុះរើម៉ាស៊ីនរថយន្តជាក់ជាមិនខាន។ មួយវិញទៀត នៅពេលដែលខាងរោងចក្ររកឃើញកំហុសឆ្គងណាមួយ ដែលតម្រូវឱ្យប្រមូលរថយន្តចូលវិញ អ្នកដែលទិញពីក្រុមហ៊ុនមានឱកាសខ្ពស់ ខណៈអ្នកទិញពីតាមហាងនៅតែបន្ដប្រើរថយន្តរបស់ពួកគាត់ទាំងមានបញ្ហា ឬទៅរកសេវាជួលជុលខាងក្រៅ ដែលគ្មានជំនាញត្រឹមត្រូវ ខាតបង់ទាំងពេលវេលា និងប្រាក់កាសជាដើម។
លោកថ្លែងថា៖«រថយន្តជិះគង់នឹងមានបញ្ហា ប៉ុន្តែអតិថិជននឹងមានទំនុកចិត្តខ្ពស់ និងមិនខ្លាចមានបញ្ហានៅថ្ងៃក្រោយឡើយបន្ទាប់ពីទិញរថយន្ដរួច ព្រោះថា យើងមានអ្វីៗសព្វគ្រប់ ទាំងគ្រឿងបន្លាស់ ឧបករណ៍បម្រើដល់ការជួសជុលទំនើបៗ និងអ្នកជំនាញពេញដៃ»។
នៅទីនេះ ក្រុមហ៊ុនសូមធានាផ្ដល់នូវផលិតផលពិតប្រាកដ 100% ដែលរចនា និងផលិតឡើងបំពេញតាមលក្ខខណ្ឌនៃទីផ្សារប្រទេសកម្ពុជាដូចជាអាកាសធាតុ និងគុណភាពប្រេង។ រថយន្តរបស់យើងត្រូវបាននាំចូលផ្ដាច់មុខ ការធានា និងគម្រោងផ្ដល់សេវាកម្មពីឧស្សាហករដែលផ្តល់ឱ្យអតិថិជនរបស់យើងមានទំនុកចិត្ដបំផុត។ ផលិតផល និងសេវាកម្មទាំងអស់ត្រូវបានបញ្ជូនទៅបម្រើអ្នក និងជាមួយនឹងជំនាញឯកទេសខ្ពស់បំផុត ដែលបានបណ្តុះបណ្តាល និងបានបញ្ជាក់ដោយអ្នកជំនាញមកពីរោងចក្រដើមនៅចក្រភពអង់គ្លេស។
តាមការបញ្ជាក់ពីប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាលោក Peter Brongers កាលពីពេលកន្លងទៅបានឱ្យដឹងថា រថយន្តប្រមាណ 60.000 គ្រឿង ត្រូវបាននាំចូលក្នុងមួយឆ្នាំដោយក្រុមហ៊ុនចែកចាយក្រៅផ្លូវការ ហើយកម្ពុជាជាប្រទេសអាស៊ានដែលមានទីផ្សារភាគហ៊ុនផ្លូវការដែលមិនទាន់មានការកែលម្អ និងធំជាងគេ។ ក្នុងចំណោមប្រទេសអាស៊ានទាំង10មាន 7 ប្រទេសបានចុះបញ្ជីច្បាប់លើបញ្ហានេះដោយហាមឃាត់ការនាំចូលរថយន្តជជុះទាំងនោះ។ ដោយមិនមានដែនកំណត់លើការនាំចូល មីយ៉ាន់ម៉ា និងកម្ពុជាគឺជាសមាជិកដែលមិនទាន់ល្អនៃអាស៊ាន។
សព្វថ្ងៃការប្រឈមមួយក្នុងចំណោមការប្រឈមសំខាន់ៗ គឺការណែនាំអតិថិជនឱ្យដឹងពីភាពខុសគ្នារវាងរថយន្តនាំចូលដោយក្រុមហ៊ុនស្របច្បាប់ និងតាមហាងនាំចូលក្រៅផ្លូវការ។ យានយន្តដែលទទូលបានសិទ្ធិដាក់លក់ ត្រូវបានកែសម្រួលទៅតាមស្ថានភាពក្នុងស្រុក និងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់អតិថិជនកម្ពុជារយៈពេលយូរអង្វែង។ យានយន្តដែលទទួលសិទិ្ធដាក់លក់នេះ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របតាមលក្ខខណ្ឌប្រេងឥន្ធនៈកម្ពុជា ការបង្កើតតួរថយន្តត្រូវទៅនឹងស្ថានភាពផ្លូវ និងម៉ាស៊ីនត្រជាក់មានសមត្ថភាពខ្ពស់ជាង ត្រូវនឹងអាកាសធាតុតំបន់ត្រូពិច ដែលទាំងអស់នេះនឹងនាំមកនូវសុវត្ថិភាពរបស់អតិថិជន៕