ព្រឹកថ្ងៃទី17 ខែឧសភា (ម៉ោងនៅកម្ពុជា) វគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រលងដណ្ដើមពានរង្វាន់បវរកញ្ញាចក្រវាលឆ្នាំ2020 (Miss Universe 2020) ត្រូវបានធ្វើឡើងនៅតំបន់លម្ហែកាយ Seminole Hard Rock ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។
បេក្ខនារី Andrea Meza ដែលជាស្រីស្អាតមកពីប្រទេសម៉ិកស៊ិក បានក្លាយជា បវរកញ្ញាឯកក្នុងការប្រលងដណ្ដើមពានរង្វាន់បវរកញ្ញាចក្រវាលឆ្នាំ2020។
ខណៈលេខពីរ ឬបវរកញ្ញាឯករងទី1 (1st runner-up) បានទៅលើស្រីស្អាត Julia Gama មកពីប្រទេសប្រេស៊ីល, បវរកញ្ញាឯករងទី2 (2nd Runner up) បានទៅលើស្រីស្អាត Janick Macieta មកពីប្រទេសប៉េរូ, បវរកញ្ញាឯករងទី3 (3rd Runner up) បានទៅលើស្រីស្អាត Adline Castelino មកពីប្រទេសឥណ្ឌា និងបវរកញ្ញាឯករងទី4 (4th Runner up) បានទៅលើស្រីស្អាត Kimberly Jimenez មកពីប្រទេសដូមីនីក។
ប្រធានបទនៃវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះ មានភាពសម្បូរបែប នៅពេលដែលបេក្ខនារី ត្រូវលើកឡើងនូវការយល់ឃើញលក្ខណៈបុគ្គល ចំពោះបញ្ហាធំៗនៅទូទាំងសកលលោក នាបច្ចុប្បន្ន ក្នុងនោះមានដូចជា បញ្ហា Covid-19, បញ្ហាប្រែប្រួលអាកាសធាតុ, ស្ត្រីក្នុងការដឹកនាំ, បញ្ហារំលោភបំពានផ្លូវភេទ និងអំពើហិង្សាលើស្ត្រី។ល។
នៅក្នុងការអធិប្បាយអំពីការយល់ឃើញរបស់ខ្លួន បេក្ខនារី Andrea Meza ឱ្យដឹងថា ពុំមានវិធានការណាមួយដែលល្អឥតខ្ចោះ ដើម្បីយកឈ្នះលើ Covid-19 ឡើយ ប៉ុន្តែ នាងជឿថា ការប្រញាប់ចេញបទបញ្ជាបិទខ្ទប់ រួមនឹងការរក្សាគន្លាតសង្គម នឹងជួយកាត់បន្ថយតួលេខនៃការស្លាប់ដោយសារឆ្លងវីរុសនេះបាន៕
ប្រភព៖ CNN, Yahoo
ប្រែសម្រួល៖ បុត្រា