អ្នកម្ដាយជនជាតិជប៉ុនម្នាក់ មុខនៅក្មេងល្ហក់ ទោះអាយុឈានចូលដល់លេខ 4នាំមុខក្ដី តែមើលទៅនៅក្មេង ថតរូបជាមួយកូនស្រីពេលណា ធ្វើឱ្យអ្នកឃើញ វិលវល់ ញែកមិនដាច់ មិនដឹងថា ម្នាក់ណាម្ដាយ ម្នាក់ណាកូន..។
ក្លាយជារឿងល្បីល្បាញមួយ នៅពេលដែលអ្នកស្រី “អាយូមិ ខាវ៉ាបាតៈ” អ្នកម្ដាយនៅលីវ វ័យ 40ឆ្នាំ បានផូស្តរូបភាពរបស់ខ្លួន ដែលថតជាមួយកូនស្រី វ័យ 19ឆ្នាំ ធ្វើឱ្យកើតមានការច្រឡំវិលវល់ ដល់អ្នកដែលបានឃើញ ក្នុងបណ្ដាញសង្គមយ៉ាងខ្លាំង ព្រោះស្ទើរតែញែកមិនដាច់ថា អ្នកណាជាកូន អ្នកណាជាម្ដាយ។
កាលពីឆ្នាំ2019 អាយូមិ ធ្លាប់ធ្វើឱ្យមនុស្សម្នាទាំងឡាយ ភ្ញាក់ផ្អើលក្នុងរឿងមុខក្មេងជាងវ័យ ម្ដងរួចមកហើយ ក្រោយពីបានចូលរួមប្រកួត “National Beauty Witch Contest” ដែលជាវេទិកាប្រកួតស្រីស្អាតវ័យចំណាស់ ប្រចាំប្រទេសជប៉ុន និងបានទទួលរង្វាន់លេខ2។
ក្រៅពីមានផ្ទៃមុខនៅក្មេងជាងវ័យហើយនោះ អាយូមិ ថែមទាំងជាអ្នកម្ដាយ ដែលរឹងមាំខ្លាំងទៀតផង ក្រោយពីការប្រកួតចប់ នាងបានផ្ដល់បទសម្ភាសថា នាងមានផ្ទៃពោះ ពេលកំពុងរៀនមហាវិទ្យាល័យ ក៏សម្រេចចិត្តផ្អាកការរៀន និងរៀបការជាមួយស្វាមី ក្លាយជាអ្នកម្ដាយ Full time តែម្ដងនៅពេលនោះ។
ប៉ុន្តែ អាយូមិ នៅតែចង់ត្រឡប់ទៅបន្តការសិក្សាជាថ្មីម្ដងទៀត នាងក៏ចុះឈ្មោះរៀនក្រៅម៉ោង និងរកការងារធ្វើ ដែលអ្វីទាំងអស់នេះ វាបានបង្កើតឱ្យមានបញ្ហាក្នុងជីវិតគូ ព្រោះស្វាមីរបស់នាង មិនសូវជាចូលចិត្តប៉ុន្មានឡើយ។ អ្នកទាំង2 ចាប់ផ្ដើមឈ្លោះគ្នា កាន់តែខ្លាំងឡើងជារឿយៗ និងនាំឆ្ពោះទៅរកការលែងលះគ្នានៅទីបំផុត តែទោះជាយ៉ាងណា អាយូមិ នៅតែមិនចុះចាញ់ជីវិត ព្រមទាំងប្រាប់ថា ក្រៅពីបំពេញតួនាទីជាម្ដាយហើយ នាងនៅមានតួនាទីជាឪពុក និងជាបងស្រីរបស់កូនទៀតផង។
ទោះជាអាយូមិ ក្លាយជាអ្នកម្ដាយនៅលីវ (កូនមួយ) ក្ដី តែដោយសារតែ ការដែលនាងមានមុខមាត់ស្រស់ស្អាត មានមន្តស្នេហ៍ ធ្វើឱ្យមានបុរសៗជាច្រើន វិលវល់ទៅមក ចូលមកលក់នំញ៉ែ ចំពោះនាងជារឿយៗ ដែលធ្វើឱ្យនាងមិនបានចាប់អារម្មណ៍អ្វីឡើយ។ ពេលនេះ នាងមិនទាន់មានផែនការក្នុងការរៀបមង្គលការម្ដងទៀតនៅឡើយ ព្រោះត្រូវការមើលថែទាំកូនស្រីរបស់នាង ឱ្យបានល្អប្រសើរបំផុតសិន។
ចំណែកគន្លឹះសម្ងាត់ ក្នុងការមានរូបរាងមុខមាត់នៅក្មេងជាងវ័យនោះ អាយូមិ ផ្ដល់ភាពសំខាន់ទៅលើការហាត់ប្រាណ និងការគ្រប់គ្រងអាហារការហូបចុក។ នាងហាត់យ៉ូហ្គា ដើម្បីឱ្យរូបរាងនៅតែស្រឡូនស្អាតជាប្រចាំ គ្រប់គ្រងជាតិស្ករ ទទួលទានសណ្ដែក និងផ្លែឈើចំហុយស្ងួត ជំនួសឱ្យការទទួលទានអាហារចម្អាប៕
ប្រភព៖ chinatimes
ប្រែសម្រួលដោយ អ្នកគ្រូ ឆវី