ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានការពារមេដាយមាសរបស់ខ្លួនយ៉ាងជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី29 ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 1-0 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី នាកីឡដ្ឋាន Shah Alam រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីរាត្រីថ្ងៃអង្គារ។
គ្រាប់បាល់តែមួយគ្រាប់ក្នុងការប្រកួតនោះ បានកើតឡើងដោយសារតែការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់អ្នកចាំទីម៉ាឡេស៊ី Haziq Nadzli ដែលបានព្យាយាមដាល់បាល់ចេញពីការទាត់ចេញពីជ្រុងម្ខាងនៅនាទីទី38 តែការព្យាយាមរបស់គេបែរជាបានធ្វើឲ្យបាល់ហោះទៅចូលក្នុងទីខ្លួនឯងទៅវិញ។ នៅរយៈពេល30នាទីដំបូងនៃការប្រកួតនេះ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ហាក់ដូចជាពឹងផ្អែកទាំងស្រុងទៅលើតំបន់ការពារ ក្រោយពីក្រុមជម្រើសជាតិថៃបានធ្វើការវាយសម្រុកយ៉ាងខ្លាំង ពិសេសពួកគេបានទទួលបាល់ទាត់ចេញពីជ្រុងជាច្រើនលើក។ ការធ្វើឲ្យបាល់ចូលទីខ្លួនឯងនោះ បានដាក់សម្ពាធដ៏ធំមួយដល់ក្រុមម្ចាស់ផ្ទះ ពីមុខអ្នកគាំទ្រប្រមាណជា80,000នាក់ដែលបានមកលើកទឹកចិត្តមិត្តរួមជាតិរបស់ខ្លួននៅក្នុងកីឡដ្ឋានដែលមានកៅអីទស្សនាសម្រាប់អ្នកគាំទ្រថៃត្រូវបានកំណត់ត្រឹមតែ5,000នាក់ប៉ុណ្ណោះ។
ក្នុងការប្រកួតតង់ទី2 ក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ខណៈដែលក្រុមជម្រើសជាតិថៃបានព្យាយាមដាក់សម្ពាធទៅលើម៉ាឡេស៊ីដើម្បីកាត់ផ្តាច់ឱកាសនៃការរកគ្រាប់បាល់តាមស្មើ ស្របពេលក្រុមជម្រើសជាតិម៉ាឡេស៊ី ក៏បានព្យាយាមវាយសម្រុកលើគូប្រកួតរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ដែរថា ជ័យជម្នះលើកនេះបានធ្វើឱ្យក្រុមជម្រើសជាតិថៃក្លាយជាជើងឯកបាល់ទាត់ស៊ីហ្គេមចំនួន 16 លើក និងក្នុងនោះជាការឈ្នះ 3 លើកចុងក្រោយជាប់ៗគ្នា៕
ប្រភពពី៖ Bangkok Post