សហរដ្ឋអាមេរិក៖ ស្ត្រីម្នាក់នៅរដ្ឋ California សហរដ្ឋអាមេរិក បានឱ្យដឹងថា នាងគឺជាម្ចាស់រង្វាន់ 26លានដុល្លារអាមេរិក ក៏ប៉ុន្តែ សន្លឹកឆ្នោតរបស់នាង ត្រូវបានខ្ទេចខ្ទី ដោយសារតែត្រូវច្រឡំដៃ ដាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ។
ថ្ងៃទី13 ខែឧសភា គឺជាថ្ងៃទីចុងក្រោយសម្រាប់ម្ចាស់សន្លឹកឆ្នោតដែលត្រូវរង្វាន់តម្លៃ 26លានដុល្លារអាមេរិក មកទទួលប្រាក់ ក៏ប៉ុន្តែ ពុំមានម្ចាស់រង្វាន់ណាម្នាក់បង្ហាញខ្លួននោះទេ។ សន្លឹកឆ្នោតនេះ មុននោះត្រូវបានលក់នៅឯហាងទំនើបមួយកន្លែង នៅជាយក្រុង Los Angeles រដ្ឋ California។
ប៉ុន្តែ Esperanza Hernandez ដែលជាបុគ្គលិកប្រចាំហាងខាងលើ បានឱ្យដឹងថា មួយថ្ងៃមុននោះ មានស្ត្រីម្នាក់មករាយការណ៍ថា នាងគឺជាម្ចាស់រង្វាន់ដែលមានតម្លៃ 26លានដុល្លារនេះ តែនាងបានច្រឡំដៃ ដាក់សន្លឹកឆ្នោតនេះក្នុងខោ ហើយវាក៏បានខ្ទេចខ្ទីបន្ទាប់ពីត្រូវបោកគក់។
ស្ត្រីរូបនេះកំពុងដាក់ពាក្យប្ដឹងទៅកាន់ក្រុមមន្ត្រីនៅស្ថាប័នចេញឆ្លោតរបស់រដ្ឋ California។ អ្នកគ្រប់គ្រងហាង បានឱ្យដឹងថា កាមេរ៉ាសុវត្ថិភាពរបស់ហាង ក៏ថតបានសកម្មភាពស្ត្រីរូបនេះ ទិញសន្លឹកឆ្នោតដែលត្រូវនេះដែរ។
យោងតាមគោលការណ៍ក្នុងតំបន់ បើសិនអ្នកត្រូវឆ្នោតបានបាត់សន្លឹកឆ្នោត ពួកគេត្រូវតែផ្ដល់ភ័ស្ដុតាងដែលបញ្ជាក់ថា ខ្លួនជាម្ចាស់សន្លឹកឆ្នោតនេះ។ បើសិនពុំមានអ្នកមកទទួលរង្វាន់ នោះប្រាក់រង្វាន់នឹងត្រូវបានផ្ទេរទៅឱ្យសាលារៀនសាធារណៈនានារបស់រដ្ឋ California ខណៈហាងដែលបានលក់ឆ្នោតនោះក៏ទទួលបានប្រាក់លើកទឹកចិត្តចំនួន 130,000ដុល្លារផងដែរ។
ក្រុមមន្ត្រីនៅមូលដ្ឋាន បានឱ្យដឹងថា កម្រនឹងមានរង្វាន់ពិសេសធំៗណាមួយ ដែលរកមិនឃើញម្ចាស់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនឆ្នោត Jorge De La Cruz ឱ្យដឹងថា រង្វាន់ចំនួន 4 ដែលមានតម្លៃចាប់ពី 20លានដុល្លារឡើងទៅ មិនទាន់មានអ្នកត្រូវនៅឡើយ រាប់ចាប់ពីឆ្នាំ1997៕
ប្រភព៖ Sky News
ប្រែសម្រួល៖ បុត្រា