កំលោះវ័យ 30ឆ្នាំ មកពីសហរដ្ឋអាមេរិក បានផូស្តនៅក្នុងបណ្ដាញសង្គម Reddit ដើម្បីសុំយោបល់ពីអ្នកនៅក្នុងបណ្ដាញសង្គម រឿងចិញ្ចៀនថា៖ លោកបានយកប្រាក់ ដែលខំសន្សំមកយូរ រាប់សិបឆ្នាំហើយ ទៅទិញចិញ្ចៀនពេជ្រ 1គ្រាប់ធំ (3.6ការ៉ាត់) ឱ្យទៅនារីគូដណ្ដឹង ប៉ុន្តែ ចិញ្ចៀន ១វង់នេះ ស្រាប់តែក្លាយជាដើមហេតុធ្វើឱ្យទាំង 2នាក់ ឈ្លោះគ្នាយ៉ាងខ្លាំងទៅវិញ។
អ្នកកំលោះអភ័ព្វ បានរៀបរាប់ថា ដំបូងៗ មើលទៅនាង ហាក់ដូចជាស្រឡាញ់ចិញ្ចៀន ១វង់នោះខ្លាំងណាស់ តែរឿងរ៉ាវ វាចាប់ផ្ដើមអាក្រក់ឡើង បន្ទាប់ពីនាងបានសាកសួរពីតម្លៃរបស់ចិញ្ចៀន ដែលអ្នកកំលោះយើង ក៏ឆ្លើយទៅវិញថា ទិញមកក្នុងតម្លៃ 20,000ដុល្លារ។
នៅពេលបានឮដូច្នោះ នាងក៏មានអាកប្បកិរិយាប្រែប្រួល នាងចាប់ផ្ដើមសង្ស័យថា តើគេបានចិញ្ចៀនពេជ្រ ១គ្រាប់ធំនេះ ក្នុងតម្លៃនេះមកយ៉ាងម៉េចបាន? ទើបសុំមើលលិខិតធានាគុណភាពគ្រាប់ពេជ្រ។
ពីដំបូង អ្នកកំលោះយើង គិតថា ប្រហែលជានាងបារម្ភ ខ្លាច បានពេជ្រក្លែងក្លាយហើយមើលទៅ? តែមានឯណា?! នាងបែរជាកើតក្ដីកង្វល់ ព្រោះវាជាគ្រាប់ពេជ្រកែច្នៃទៅវិញ…។
នាងត្រូវការតែគ្រាប់ពេជ្រ ដែលចេញមកពីធម្មជាតិប៉ុណ្ណោះ មិនមែនគ្រាប់ពេញដែលបណ្ដុះឡើងនៅក្នុងបន្ទប់ពិសោធន៍ឡើយ។ តែ ពេជ្រទាំង ២បែបនោះ ស្ទើរតែមិនខុសគ្នាឡើយ គ្រាន់តែ ១ប្រភេទ កើតឡើងតាមធម្មជាតិ និង ១ប្រភេទទៀត កើតឡើងនៅក្នុងបន្ទប់ពិសោធន៍តែប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺចាយលុយក្នុងតម្លៃដូចគ្នា តែបានគ្រាប់ពេជ្រធំជាង ដូច្នេះវាមានតែចំណេញ និងចំណេញ។
កាលពីពេលមុននឹងទិញចិញ្ចៀន 1វង់នេះ អ្នកកំលោះ បានសាកសួរយោបល់ពីមនុស្សជុំវិញខ្លួន ទាំងឪពុកម្ដាយ និងមិត្តភក្តិរបស់ខាងស្រីរួចហើយ។ ពួកគេ សុទ្ធតែប្រាប់ថា បើស្រឡាញ់គ្នាពិត ពេជ្រមកពីណា ប្រហែលជាមិនសំខាន់ទេ…តែ វាមិនមែនដូចពួកគេទាំងអស់គ្នា គិតនោះទេ…។
នាងនៅតែប្រកាន់គោលជំហរថា ត្រូវតែពាក់ពេជ្រធម្មជាតិឱ្យបាន ថែមទាំងសុំឱ្យគេ ទៅប្ដូរយកគ្រាប់ពេជ្រ ដែលមានតម្លៃប៉ុនគ្នាមកវិញទៀតផង។ ទីបំផុត អ្នកកំលោះយើង បានបដិសេធក្នុងការធ្វើតាមចិត្តរបស់គូដណ្ដឹង ព្រមទាំងប្រាប់ថា នាងអាចឱ្យចិញ្ចៀនពេជ្រនោះមកគេវិញ និងបញ្ចប់សម្ព័ន្ធភាពស្នេហ៍បាន…។
ចំណែកខាងគំនិតយោបល់របស់អ្នកចូលមើលប្រព័ន្ធបណ្ដាញសង្គមវិញ ចែកចេញជា 2ក្រុម…ក្រុមដំបូង យល់ឃើញថា នារីគូដណ្ដឹង ជាមនុស្សវត្ថុនិយម ព្រោះថា ចង់ជាចិញ្ចៀនប្រភេទណា ឬទំហំប៉ុនណា វាមិនសំខាន់ទេ វាអាស្រ័យលើសេចក្ដីស្នេហារបស់អ្នកទាំង2 ខ្លាំងជាង។ បើសិនឈ្លោះគ្នា ព្រោះតែរឿងនេះ វាអាចបង្ហាញសញ្ញា ឱ្យឃើញពីភាពបរាជ័យរបស់ជីវិតគូមិនខាន។ ចំណែកក្រុម 1ទៀត យល់ឃើញថា ស្រីជាគូដណ្ដឹងមិនខុសទេ…បុរសគូដណ្ដឹង គួរតែសួរយោបល់របស់នាងសិនថា តើចូលចិត្តចិញ្ចៀនបែបណា? ព្រោះអី នាងនឹងត្រូវពាក់ចិញ្ចៀននោះអស់មួយជីវិត ដូច្នេះ វាគួរតែជាអ្វី ដែលនាងជាអ្នកជ្រើសរើសខ្លួនឯង មែនអត់?
ប្រភព៖ worldofbuzz
ប្រែសម្រួលដោយ អ្នកគ្រូ ឆវី