កាលពីថ្ងៃទី10 ឧសភា ទីភ្នាក់ងារព័ត៌មាន Daily Mail បានរាយការណ៍ថា អ្នកស្រុកក្នុងបណ្ដុំកោះ សូឡូម៉ុន នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះឃើញសត្វកង្កែបដ៏ធំ មាឌប៉ុនទារកមនុស្ស ដែលមានទម្ងន់ជាង 1គីឡូក្រាម នៅក្នុងគុម្ពឈើ កាលពីខែមេសា កន្លងទៅ។
ឃ្លីបវីដេអូ បានបង្ហាញឱ្យឃើញសត្វកង្កែប Cornufer guppyi ទំនៅលើក្បាលជង្គង់របស់អ្នកស្រុកកោះម្នាក់ ហើយរូបភាព ថែមទាំងបានបង្ហាញឱ្យឃើញថា សត្វកង្កែបយក្សនេះ មានប្រវែងខ្លួនទាំងមូល ស្មើនឹងពាក់កណ្ដាលខ្លួនរបស់កូនក្មេង តាំងពីក្បាលដល់ចុងជើង។
ជីមមី ហ៊ូកូ អាយុ 35ឆ្នាំ ម្ចាស់ឃ្លាំងឈើ បានប្រទះឃើញកង្កែប ខូនូហ្វ៊ើរ ហ្គាប់ពី នេះ ខណៈពេលកំពុងដើរប្រមាញ់ជ្រូកព្រៃ ក្នុងព្រៃនៅតំបន់ហូនីអារ៉ា ទីប្រជុំជនចម្បង នៃបណ្ដុំកោះសូឡូម៉ុន បានឱ្យដឹងថា «ខ្ញុំមិនចង់ជឿអ្វីដែលខ្ញុំមើលឃើញនោះទេ វាជាកង្កែបដ៏ធំបំផុត តាមដែលខ្ញុំធ្លាប់ឃើញមក ក្នុងមួយជីវិតនេះ វាមានទំហំជិតប៉ុនទារកមនុស្សយើងទើបនឹងកើត…យើងហៅវាថា “មាន់គុម្ពឈើ” ដោយសារតែអ្នកភូមិខ្លះ មើលទៅដូចជាចូលចិត្តស៊ីវា ច្រើនជាងមាន់ធម្មតា តែពិបាកចាប់វាបានណាស់…»
ជីមមី បន្តថា «ឆ្កែ 2ក្បាល ធ្លាប់ចាប់កង្កែបបាន 1ក្បាល ដេកងាប់នៅក្នុងគុម្ពោតឈើ ទើបខ្ញុំថតរូបវាមកបាន និងចុងក្រោយ ពួកវាបានស៊ីកង្កែបនោះជាអាហារ ដោយសារតែវាងាប់ហើយ និងសង្ឃឹមថា លើកក្រោយ យើងនឹងចាប់បានវាទាំងរស់ ហើយនឹងចិញ្ចឹមថែរក្សាវាបែបនោះតទៅទៀត»
ទាំងអស់នេះ កង្កែប ខូនូហ្វ៊ើរ ហ្គាប់ពី ជាពូជកង្កែបខ្លួនធំមួយ ក្នុងចំណោមពូជកង្កែបធំៗបំផុតក្នុងពិភពលោក និងគេតែងប្រទះឃើញនៅលើកោះ នីវ ប្រ៊ីធេន ក្នុងបណ្ដុំកោះ ប៊ីស្មាក ប្រទេសប៉ាពួនីវហ្គីនី រហូតដល់បណ្ដុំកោះសូឡូម៉ុន ដែលមានទំហំខ្លួនធំបំផុត 25សង់ទីម៉ែត្រ។
ទោះជាចំនួនរបស់វា ថយចុះក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះក្ដី តែវាបណ្ដាលមកពីការកាប់ឈើ និងការទន្ទ្រានយកដី តាំងទីលំនៅរបស់ទីប្រជុំជន បានរីកធំ ទៅរុករានទីស្នាក់នៅតាមធម្មជាតិរបស់ពួកសត្វកង្កែបនោះ ខ្លាំងជាងការតាមប្រមាញ់ ដើម្បីធ្វើជាអាហាររបស់មនុស្ស។
កង្កែប កូនូហ្វ៊ើរ ហ្គាប់ពី ដែលមានស្បែកស្ដើង និងចាញ់សារធាតុគីមី ដែលមាននៅក្នុងម្សៅសាប៊ូដែលមនុស្សយកទៅបោកខោអាវនៅក្នុងទន្លេដងអូរ ដែលនៅក្បែរនោះ។
ចំណែកសត្វកង្កែប ខ្លួនធំបំផុតក្នុងពិភពលោកមែនទែននោះគឺ កង្កែប Goliath ប្រទះឃើញនៅក្នុងព្រៃទឹកភ្លៀងតំបន់ក្ដៅរបស់អាហ្វ្រិកកណ្ដាល នៅក្នុងផ្នែកខាងលិចឆៀងខាងត្បូង របស់ប្រទេសកាមេរូន និងភាគខាងជើង នៃប្រទេសអ៊ីខ្វេថូរៀលហ្គីនី ដែលមានទំហំខ្លួន ធំពេញទំហឹង 32សង់ទីម៉ែត្រ និងទម្ងន់ខ្លួនធ្ងន់បំផុត 3.25គីឡូក្រាម៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ ទិទីតំតាតូ