ចាប់ផ្តើមដើរចូលសាលាភ្លាម ចំណុចដំបូងដែលនិស្សិតគិត និងបារម្ភគឺទីផ្សារការងារ កត្តានេះធ្វើឱ្យនិស្សិតពិបាកសម្រេចចិត្តព្រោះពួកគេខ្លាចក្រែង រៀនហើយមិនអាចរកការងារបានធ្វើ។
ជាស្ថានភាពទូទៅ យុវជនកម្ពុជាមួយចំនួនបានទុកចិត្តលើខ្លួនឯងសម្រាប់ធ្វើការងារឱ្យគេ ឬបង្កើតអាជីវកម្មដោយខ្លួនឯងផ្ទាល់ ក្រោយពេលចេញពីសាកលវិទ្យាល័យ តែនិស្សិតមួយចំនួនទៀតហាក់នៅមានភាពរារែកចំពោះកត្តាគុណភាពនៃការអប់រំ ទាំងការសង្ស័យលើគុណភាពសាលា និងគុណភាពរបស់ខ្លួនឯងផ្ទាល់។
ពាក់ព័ន្ធនឹងបញ្ហានេះអតីតឯកអគ្គរាជទូតយុវជន របស់អូស្ត្រាលី លោក រិន រ៉ាវុធ ធ្លាប់បានលើកឡើងថា យុវជននាពេលបច្ចុប្បន្នហាក់មានការបារម្ភជ្រុលពីបញ្ហាទីផ្សារការងារ ព្រោះពួកគេបានឮសំឡេងមិនល្អជាច្រើនពីមជ្ឈដ្ឋានជុំវិញខ្លួន។ មាននិស្សិតខ្លះមានការរារែកមិនចង់ប្រឹងប្រែង ព្រោះបានឮថាទីផ្សារការងារចង្អៀត ប្រកួតមិនឈ្នះកូនអ្នកធំ ឬខ្លាចលើបញ្ហានានាផ្សេងៗទៀតដែលធ្វើឱ្យពួកគេមានភាពរារែក។
អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ការដែលបារម្ភជ្រុលបែបនេះ អាចធ្វើឱ្យនិស្សិតកម្ពុជាមិនមានកម្លាំងចិត្តក្នុងការប្រឹងប្រែង ព្រោះខណៈពេលដែលពួកគេប្រឹងប្រែង អារម្មណ៍ភ័យខ្លាចបានបង្អាក់ការខិតខំប្រឹងប្រែងនោះ។ កត្តានេះអាចធ្វើឱ្យនិស្សិតឆ្លងមិនផុតពីដំណាក់កាលសាកលវិទ្យាល័យ ឬផ្តោតច្រើនទៅលើចំណុចដែលមិនគួរផ្តោត ហើយមិនគិតចំពោះចំណុចដែលត្រូវគិតទៅវិញ។
លោកបានបញ្ជាក់ថា សម្រាប់ទីផ្សារការងារនៅកម្ពុជាមិនគួរឱ្យបារម្ភដូចនិស្សិតគិតនោះទេ អ្វីដែលត្រូវធ្វើគឺ ខំរៀនឱ្យបានច្បាស់លាស់ និងបង្កើនសមត្ថភាពឱ្យទទួលយកបានសម្រាប់ទីផ្សារ ព្រោះមានការងារជាច្រើនណាស់ដែលកំពុងខ្វះមនុស្សធ្វើការ៕