«វ៉ាងចឺ» ឬ Shelly Wang បានក្លាយជាពាក្យ ដែលមានគេស្វែងរកមើលព័ត៌មានច្រើនបំផុត ក្នុងពិភពអនឡាញនៃប្រទេសចិន ក្រោយពីមានពាក្យចចាមអារ៉ាមថា នាងមានចំណែកពាក់ព័ន្ធនឹងការលែងលះរបស់មហាសេដ្ឋីលេខ4 របស់ពិភពលោក។
សូមទស្សនារូបសម្ផស្សក្រមុំចិន ដែលត្រូវបានគេល្បីថា ជាមនុស្សជិតស្និទ្ធបំផុតរបស់លោក Bill Gates មហាសេដ្ឋី ស្ថាបនិក ម៉ៃក្រូសូហ្វត៍ ដែលទើបប្រកាសចែកផ្លូវគ្នាជាមួយភរិយា ដែលគ្រងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នា អស់រយៈពេល 27ឆ្នាំមកហើយនោះ។
ព័ត៌មានចចាមអារ៉ាមនេះ ចេញមកពីបណ្ដាញសង្គមធ្វីតធើររបស់ Fox News ដែលមានអ្នកផូស្តសំណេរថា «វ៉ាង ចឺ ក្រមុំចិន អ្នកបកប្រែភាសា ជាមួយ ប៊ីល ហ្គេតស៍ មានសម្ព័ន្ធភាព លើសពីពាក្យថាការងារ» និងក្លាយជារឿង ដែលធ្វើឱ្យរូបនាង «កើតរឿងធំ»។
ស្រីក្រមុំជនជាតិចិនម្នាក់នេះ ជាអ្នកបកប្រែឱ្យមូលនិធិ ប៊ីល និងមេលីនដា ហ្គេតស៍ តាំងពីឆ្នាំ2015 មក នាងថែមទាំងធ្លាប់ធ្វើជាអ្នកបម្រើលើយន្តហោះ និងទើបតែបានទទួលលិខិតអនុញ្ញាត ធ្វើជាជំនួយការអ្នកបើកយន្តហោះទៀតផង។
វ៉ាង ចឺ បច្ចុប្បន្នអាយុ 36ឆ្នាំ ជាអ្នកស្រុកក្វាងចូវ និងបានផ្លាស់មករស់នៅសហរដ្ឋអាមេរិក តាំងពីនៅវ័យជំទង់។ នាងចាប់ផ្ដើមការងារនៅក្នុងហាងលក់ស៊ុគីស៊ុបឆ្នាំភ្លើងមួយ នៅក្នុងរដ្ឋយូថាហ៍ ទទួលខុសត្រូវខាងការសិក្សាទីផ្សារ និងមើលការខុសត្រូវ វេបសាយរបស់ក្រុមហ៊ុន។
ក្រោយបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច ពីមហាវិទ្យាល័យ Brigham Young ក៏បានប្រែក្លាយខ្លួនមកធ្វើជាអ្នកបកប្រែអាជីពនៅក្នុងស្ថាប័នជាច្រើន រួមទាំងមហាវិទ្យាល័យយេល មហាវិទ្យាល័យ ហាវ៉ាដ និងមូលនិធិរបស់លោក ប៊ីល ហ្គេតស៍ តែការងារដែលធ្វើឱ្យនាងក្លាយជាមនុស្សដែលគេស្គាល់ច្រើន គឺការបានធ្វើជាប្រធានក្រុមអ្នកបកប្រែ ឱ្យវេទិកាសិក្ខាសាលា TED Talk។
នាងជំនាញភាសាចិនកន្តាំង ចិនក្វាងទុង ភាសាអង់គ្លេស និងថែមទាំងយល់ដឹងពីភាសាបារាំង អេស្ប៉ាញ អាល្លឺម៉ង់ និងភាសាជប៉ុនបន្តិចបន្តួចទៀតផង ក្រៅពីនេះ នាងថែមទាំងជាគ្រូបង្រៀនព្យ៉ាណូ និងរាំរែកបែបចិនបុរាណ ជាការងារបន្ទាប់បន្សំទៀតផង។
ក្រៅពីអាជីពការងារ ជាអ្នកបកប្រែភាសាហើយ វ៉ាង ចឺ ថែមទាំងជាអ្នកបម្រើលើយន្តហោះទៀតផង តែក្នុងអំឡុងពេលដែលមេរោគកូវីដឆ្លងរាលដាល ការងារអ្នកបម្រើលើយន្តហោះ ស្ទើរតែគ្មានសោះឡើយ ទើបនាងប្រើពេលទំនេរ ទៅប្រឡងយកលិខិតអនុញ្ញាតបើកបរយន្តហោះបន្ថែម។
ក្រោយពីមានលេចឮព័ត៌មានចចាមអារ៉ាម រឿងសម្ព័ន្ធភាពជាមួយមហាសេដ្ឋី ប៊ីល ហ្គេតស៍ រួចមក មានអ្នកផូស្តដេញដោលសួរនាង នៅក្នុងធ្វីតធើរផ្ទាល់ខ្លួន ឡើងច្រើនឥតគណនា ទោះជានាងបានបដិសេធហើយថា «ជារឿងដែលគ្មានមូលហេតុពិតប្រាកដសោះឡើយ» ក៏ដោយ។
អតីតប្រធានផ្នែកការងាររបស់នាង ដល់ថ្នាក់ត្រូវជួយនាងសរសេរផូស្ត ដើម្បីអះអាងបញ្ជាក់ថា វ៉ាងចឺ ជានារីស្មោះត្រង់ម្នាក់ និងមិនជឿថា នាងជា «ជនទី3» នៅក្នុងសម្ព័ន្ធភាពគ្រួសាររបស់មហាសេដ្ឋីជនជាតិអាមេរិក ប៊ីល ហ្គេតស៍ ឡើយ ព្រមទាំងបានបញ្ជាក់បន្ថែមទៀតថា ទោះជាវ៉ាង ចឺ ធ្វើការឱ្យមូលនិធិរបស់លោកប៊ីល ហ្គេតស៍ ជាច្រើនការងារមែន តែនាងមិនមែនជា «អ្នកបកប្រែផ្ទាល់ខ្លួន» របស់លោកប៊ីល ហ្គេតស៍ ទេ។ ក្នុងពេលធ្វើការងារ អ្នកទាំងឡាយ តែងឃើញនាងក្រមុំចិនរូបសម្ផស្សស្រស់ស្អាតរូបនេះ នៅជិតស្និទ្ធជាមួយមហាសេដ្ឋីអាមេរិក ទើបធ្វើឱ្យមានពាក្យចចាមអារ៉ាមលេចឮឡើង ដោយគ្មានមូលហេតុពិតប្រាកដដូចខាងលើ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ ទិទីតំតាតូ