Skip to content

ខេត្ត​ណាខ្លះ​ដែលមាន​ប្រជាពលរដ្ឋ​ជំពាក់​ប្រាក់​ធនាគារ​ច្រើនជាងគេ?

ភ្នំពេញ៖ យោងតាម​របាយការណ៍​ការិយាល័យ​ឥណទាន​កម្ពុជា ទីប្រជុំជនធំៗគឺជា​កន្លែង​ប្រមូលផ្តុំ​ឥណទាន​ច្រើនជាងគេ។ ការឱ្យ​ខ្ចី​សរុប​នៅ​ភ្នំពេញ​មាន​ចំនួន​លើសពី1ប៊ី​លាន​ដុល្លារ​អាមេរិក និង​បណ្តា​ខេត្ត​មួយចំនួន​ផ្សេងទៀត ដូចជា​ខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និង​បាត់ដំបង មាន​បរិមាណ​ឥណទាន​ចន្លោះ​ពី 700លាន​ដុល្លារ​អាមេរិក ទៅ1ប៊ី​លាន​ដុល្លារ​អាមេរិក។

របាយការណ៍​បានធ្វើ​ការបែងចែក​ឥណទាន​ទៅតាម​បណ្តា​ខេត្ត និង​ស្រុក​ដូចខាងក្រោម៖

1/ ចំនួន​អតិថិជន​ដែល​ទទួលបាន​ឥណទាន​តាម​ខេត្ត និង​ស្រុក
ចំនួន​អតិថិជន​ដែល​ទទួលបាន​ឥណទាន​ច្រើនជាងគេ​គឺ​រាជធានី​ភ្នំពេញ ដោយមាន​អតិថិជន​ច្រើនជាង200.000នាក់ និង​ខេត្តកណ្តាល​មាន​អតិថិជន​ចន្លោះ​ពី 150,001នាក់ ដល់200.000 នាក់។ បន្ទាប់​ពីនេះ​រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប កំពង់ចាម ព្រៃវែង តាកែវ កំពង់ធំ និង បាត់ដំបង​ដោយមាន​អ្នក​ខ្ចី​ចន្លោះ​ពី100.001នាក់ ដល់150.000នាក់។

2/ ការបែងចែក​ឥណទាន​មិន​ដំណើរការ​តាម​ខេត្ត
ចំពោះ​គុណភាព​ឥណទាន​វិញ​ឃើញថា រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​កោះកុង មាន​ឥណទាន​មិន​ដំណើការ​ខ្ពស់​ជាងគេ ជាមួយនឹង​អត្រា​ធំ​ជាង 1,51% ខណៈដែល​ខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ និង ស្វាយរៀង មាន​អត្រា​ឥណទាន​មិន​ដំណើការ​តែ​ក្នុង​ចន្លោះ​ពី1,01% ទៅ1,50% ប៉ុណ្ណោះ ។

3/ ករណី​សិក្សា​ដោយឡែក​អំពី​ខេត្តស្វាយរៀង
ខេត្តស្វាយរៀង​មានស្រុក​ចំនួន8ដែលមាន​ប្រជាជន​ចំនួន87.828នាក់​បាន​ខ្ចីប្រាក់​ពី​ធនាគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទានផ្សេងៗសរុប​ចំនួន​សរុប 267 លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ចំនួន​ប្រជាជន65%នៃ​ចំនួន​គ្រួសារ​ទូទាំង​ខេត្ត​បានទទួល​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ (ដោយ​សន្មត​ថា ក្នុង1គ្រួសារ​មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ទទួលបាន​ឥណទាន) ហើយ23%នៃ​ចំនួន​ប្រជាជន​ដែលមាន​អាយុ​លើសពី18ឆ្នាំ​ទទួលបាន​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ៕

Leave a Reply

Your email address will not be published. Required fields are marked *