ភ្នំពេញ- លោក សូរ ស្រណោះ បណ្ឌិតឧបករណ៍តន្ត្រីព្យ៉ាណូដ៏មានទេពកោសល្យ និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈបានប្រកាសស្វែងរកកុមារ និងសិស្សជំទង់សម្រាប់ធ្វើការប្រឡងសមត្ថភាពដើម្បីបង្រៀនជំនាញព្យ៉ាណូក្នុងសាលាស្រណោះតន្ត្រីដោយពុំគិតថ្លៃ។
លោក សូរ ស្រណោះ នាយកសាលា និងជាគ្រូ Piano បានឲ្យដឹងថា សាលាស្រណោះតន្ត្រីរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងផ្តល់អាហារូបករណ៍ដល់សិស្សចំនួន 30នាក់ ដោយមិនប្រកាន់ឋានៈអ្វីទាំងអស់ឲ្យតែជាសញ្ជាតិខ្មែរមានអាយុពី 13ឆ្នាំ ដល់25ឆ្នាំ ដែលយើងបានផ្តោតជាសំខាន់។
លោកបន្ដថា ការប្រកាសស្វែងរកសិស្សថ្មីៗមកធ្វើការហ្វឹកហាត់បណ្តុះបណ្តាលដើម្បីបណ្ដុះគំនិតយុវជនសម័យទំនើបឱ្យកាន់តែពេញចិត្ត និងលើកតម្កើងវិស័យព្យ៉ាណូ។ អ្វីដែលពិសេសជាងនេះគឺចង់ឲ្យកូនខ្មែរអាចមានសមត្ថភាពចូលរួមប្រកួតលើឆាកអន្តរជាតិ ដូចពេលកន្លងមកដែលកុមារកម្ពុជាបានចេញទៅប្រកួតនៅប្រទេសសិង្ហបុរីដែលសិស្សសាលាស្រណោះតន្ត្រីជាច្រើននាក់ដណ្តើមបានមេដាយ និងបង្ហាញនូវភាពលេចធ្លោនាំឲ្យកម្ពុជាមានមុខមាត់ល្បី។
ក្រៅពីបង្ហាត់ជំនាញព្យ៉ាណូហើយនោះសាលាក៏នឹងផ្ដល់ការបង្ហាត់ទៅលើផ្នែកចម្រៀងផងដែរដោយមានគ្រូមានបទពិសោធក្នុងការបង្ហាត់ដើម្បីរង់ចាំផ្ទេរចំណេះដឹង។
បណ្ឌិតជំនាញព្យ៉ាណូរូបនេះបញ្ជាក់ថា យើងចង់ជួយប្រជាជនខ្មែរពិសេសអ្នកខ្វះខាតថវិកា សំខាន់នៅពេលធ្វើតេស្ដឲ្យតែបុគ្គលនោះមានសំឡេងល្អទៅលើបច្ចេកទេសច្រៀង។ ក្រៅពីមានសំឡេងល្អហើយត្រូវច្រៀងឲ្យត្រូវតុង និងចេះប្រើមនោសញ្ចេតនាដាក់ឲ្យចំបទនៅពេលច្រៀងទៀតផង។ ចំពោះការទទួលពាក្យគឺចាប់ពីថ្ងៃទី29 ខែសីហា ឆ្នាំ2017 ដល់ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2017 នៅសាខាទួលគោក និងបឹងកេងកង។ បេក្ខជនដែលអាចដាក់ពាក្យបានគឺត្រូវចេះច្រៀង1បទបើអាចជាភាសាអង់គ្លេសរឹតតែប្រសើរដើម្បីកត់សម្គាល់សំឡេង។ មានវគ្គជម្រុះមួយទៀតបេក្ខជនត្រូវស្តាប់សំឡេងព្យ៉ាណូហើយស្រែកតាមសំនៀងព្យ៉ាណូ ដើម្បីកំណត់កម្ពស់សំឡេង និងចង្វាក់៕