Skip to content

រដ្ឋមន្ត្រី​កសិក​ម្ម៖ កម្ពុជា​គ្រោង​ផលិត​ស្រូវ 2ប្រភេទ​ទៀត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ថ្លែងថា កម្ពុជា​គ្រោង​នឹង​ដាំ​ដុះ​ស្រូវ​ថ្មី​ចំនួន2ប្រភេទ​ទៀត​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន និង​ប្រទេស​មួយចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា កម្ពុជា​នឹងធ្វើ​ការផលិត​ស្រូវ2ប្រភេទ​ទៀត​សម្រាប់​នាំចេញ​នាពេល​អនាគត គឺ​ស្រូវ​ឈ្មោះ Japanica និង​ស្រូវ​ដែលមាន​គ្រាប់វែងៗសម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ដទៃទៀត។ លោក​បន្តថា ស្រូវ Japanica ជា​ប្រភេទ​ស្រូវ​ដែល​គេ​កិន​ជា​អង្ករ​សម្រាប់ធ្វើ​ស៊ូ​ស៊ី ដែលមាន​ភាព​ពេញនិយម​ខ្លាំង​នៅ​ប្រទេស​ជប៉ុន។

លោក​បន្តថា “ប្រទេស​ក្នុង​តំបន់​បានធ្វើ​ការផលិត​ស្រូវ​ទាំង2ប្រភេទ​នេះ​ដើម្បី​នាំចេញ​ហើយ និង​នាពេល​អនាគត​ក្រុមហ៊ុន​នៅ​កម្ពុជា​ក៏​អាច​នឹង​ផលិត ដែរ​ប្រសិន​ជាមាន​ការបញ្ជាទិញ។

លោក វេ​ង សាខុន បាន​បន្តថា តាម​ព័ត៌មាន​ក្រុមហ៊ុន Golden Rice និង​ក្រុមហ៊ុន​សោមា​គ្រុប​បាន​ពិចារណា​នាំចូល​ពូជស្រូវ​ទាំងពីរ​ប្រភេទ​នេះ​ដើម្បី​ធ្វើ​ការផលិត​នាំចេញ​ផងដែរ ប៉ុន្តែ​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ​លោក​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ។

លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុម​អេ​ម​រូ​រ៉ា​យ​បាន​ថ្លែងថា យើង​មានគំនិត​ផលិត​ស្រូវ​នេះ​តាំងពី​យូរ​មកហើយ ប៉ុន្តែ​ធ្វើ​មិនទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ព្រោះ​លោក​កំពុងស្ថិត​ក្នុងដំណាក់កាល​សិក្សា ដោយសារ​ស្រូវ​ប្រភេទ​នេះ​មិនមែន​ចេះតែ​ដាំ​បាន​នៅ​គ្រប់​តំបន់​នោះទេ ព្រោះ​ការដាំ​ស្រូវ​ប្រភេទ​នេះ វា​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​អាកាសធាតុ និង​ភូមិសាស្ត្រ។ លោក​បន្តថា ស្រូវ​ប្រភេទ​នេះ ប្រសិនជា​ស្ថិតនៅក្រោម​លក្ខខណ្ឌ​អាកាសធាតុ​លើស 25អង្សារ​សេ​នៅពេល​យប់​គឺ​មិនអាច​ដាំ​បាន​នោះទេ។

លោក​បន្តថា ស្រូវ​ប្រភេទ​នេះ​វា​ក៏​ពាក់ព័ន្ធ​នឹង​របាយ​ទឹកភ្លៀង​ផងដែរ ហេតុនេះ​ទោះបីជា​ស្រូវ​ប្រភេទ​នេះ​មាន​ទីផ្សារ​ល្អ​ក្តី ក៏​មិន​សុទ្ធតែ​ប្រទេស​ណា​ក៏​អាច​ដាំ​បាន​នោះដែរ។ លោក​បន្តថា ខេត្ត​ដែលមាន​ភាព​អំណោយផល សម្រាប់​ដាំ​ស្រូវ Japanica នេះ​គឺ ខេត្តព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី៕

Leave a Reply

Your email address will not be published. Required fields are marked *