កម្មវិធីទូរសព្ទដៃឆ្លាតវៃ ដែលមានឈ្មោះថា «កម្មវិធីស្វ័យសិក្សា MoEYS E-Leaming» នឹងត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យដំណើរការចាប់ពីថ្ងៃស្អែកនេះតទៅ សម្រាប់ឱ្យសិស្សានុសិស្ស សិក្សាតាមប្រពន្ធអ៊ីនធើណិត។
ក្រសួងអប់រំ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ផលិតកម្មវិធីទូរសព្ទដៃឆ្លាតវៃមួយដែលមានឈ្មោះថា «កម្មវិធីស្វ័យសិក្សា MoEYS E-Leaming» ដែលបង្កើតឡើងដោយយោងទៅតាមចក្ខុវិស័យរបស់ក្រសួងអប់រំ និងបរិបទឧស្សាហកម្ម 4.0 ព្រមទាំងជា ការឆ្លើយតបទៅនឹងបញ្ហាCovid-19ផងដែរ។ នេះបើតាមសេចក្ដីជំរាបជូន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត របស់រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះថ្ងៃទី5 ខែឧសភា ឆ្នាំ2021។
ក្រសួងអប់រំ បានឱ្យដឹងថា «កម្មវិធីស្វ័យសិក្សា MoEYS E-Leaming» សម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី1 ដល់ទី12 នេះ មានសៀវភៅសិក្សាអេឡិចត្រូនិក សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងមានទំព័រព័ត៌មានអប់រំផងដែរ។
«កម្មវិធីស្វ័យសិក្សា MoEYS E-Leaming» នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី7 ខែឧសភា ឆ្នាំ2021។ អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជន អាចទាញយកកម្មវិធី MoEYS E-Leaming ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ http://onelink.to/moeysapp , កម្មវិធី PlayStore, AppStore និង App Gallery នៅលើទូរស័ព្ទដៃ៕
ប្រភព៖ ក្រសួងអប់រំ
ដកស្រង់៖ បុត្រា